រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ បញ្ឈប់រាល់សកម្មភាពផ្សាយផ្ទាល់ នៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសនៅក្នុងតំបន់ហាមឃាត់ ដូចជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ ហើយក្នុងករណីបំពានល្មើសសេចក្តីប្រកាសនេះ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ។
ក្នុងសេចក្តីជូនដំណឹង លើកឡើងថា កន្លងមក ក្រសួងព័ត៌មានកត់សម្គាល់ថា ក៏មានអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានបរទេសមួយចំនួន បានចុះយកព័ត៌មាន និងធ្វើការផ្សាយផ្ទាល់ អំពីសកម្មភាពនានា នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាពិសេសនៅក្នុងតំបន់ក្រហម និងតំបន់ហាមឃាត់ ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ ដោយធ្វើការផ្សាយផ្ទាល់ ហើយធ្វើអត្ថាធិប្បាយ អំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាល និងធ្វើការសន្និដ្ឋានវាយតម្លៃលើបញ្ហាផ្សេងៗ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យសាធារណជន មានការយល់ច្រឡំ បង្កភាពជ្រួលច្របល់ នៅក្នុងសង្គម និងប្រឈមទៅនឹងគ្រោះថ្នាក់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរទៅៗ ។
ដើម្បីរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់ការឆ្លងរាលដាលជំងឹកូវីដ១៩ ទៅក្នុងសហគមន៍ ក្រសួងព័ត៌មាន សូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់ បញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់ ! ករណីនៅតែបំពានល្មើសសេចក្តីជូនដំណឹងនេះ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន ៕





ចែករំលែកព័តមាននេះ