ខេត្តកំពត៖ ដើម្បីចូលរួមការពារបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងមេរោគកូវីត១៩ កុំឲ្យឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ ក៏ដូចបងប្អូនអាជីវករលក់ដូរក្នុងទីប្រជុំជនក៏ដូចនៅតាមមូលដ្ឋាន កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមការចង្អុលបញ្ជាពីលោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្ត ដែលដឹកនាំកំលាំងដោយលោកឧត្តមសេនីយត្រីឡុង គីម ស្នងការរង បានបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លា.ប់មេរោគកូវីដ១៩ក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត ដើម្បីសុខុមាលភាពសម្រាប់អ្នកលក់ និងអ្នកទិញដែលងាយប្រឈមចំពោះជំងឺឆ្លងប្រភេទនេះ។
លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានរៀបរាប់ថា ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ចំពោះសុខុមាលភាពប្រជាពលរដ្ឋទូទៅ បន្ទាប់ពីធ្វើពិធីចែកម៉ាស់ដល់បងប្អូនអ្នករត់កង់បី រត់ម៉ូតូឌុបនិងប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវសាធារណៈជាបន្តបន្ទាប់កន្លងមកនេះក្តី នៅថ្ងៃនេះកម្លាំងការិយាល័យសុខាភិបាលរបស់ស្នងការដ្ឋានខេត្ត សហការជាមួយមន្ត្រីមូលដ្ឋានក្រុងកំពតបានចុះបាញ់ថ្នាំបង្ការ និងសម្លា.ប់មេរោគកូវីដ១៩ក្នុងផ្សារសាមគ្គីទីរួមខេត្តដែលប្រឈមនឹងការឆ្លងជំងឺដ៏កាចសាហាវនេះ។ សកម្មភាពបាញ់ថ្នាំសម្លា.ប់មេរោគនេះបានធ្វើឡើងក្នុងផ្សារ និងបរិវេណជុំវិញផ្សារទាំងមូលដោយមិនមានខ្វះចន្លោះកន្លែងណាមួយឡើយ។ 
 លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា៖ តាមរយៈការផ្តាំផ្ញើពីលោកឧត្តមសេនីយ៍ទោស្នងការ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកលក់ដូរ និងអ្នកមកទិញទំនិញ អនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ៣ការពារ ៣កុំ និង២ចូលរួម។ ដោយឡែក គណៈកម្មការផ្សារត្រូវឃ្លាំមើលក្នុងករណី អ្នកលក់ដូរ ឬភ្ញៀវណាដែលមិនមានពាក់ម៉ាស់ត្រូវណែនាំពួកគាត់ឱ្យពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ពិសេសតាមច្រកចេញចូលចាំបាច់ត្រូវតែមានអាល់កុលសម្រាប់លាងដៃ ប្រសិនបើជនណាម្នាក់មានភាពរឹងរូស មិនត្រូវអនុញ្ញាតឱ្យចូលផ្សារជាដាច់ខាត៕ 







                        
			         
				
ចែករំលែកព័តមាននេះ