ខេត្តបន្ទាយមានជ័យ ៖ ផ្សារសិរីសោភ័ណ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរចុះបិទជាបណ្តុះអាសន្ន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ លើបុរសម្នាក់ដែលជាអ្នកលក់ដូរក្នុងផ្សារ ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់ឱ្យដឹងថា ក្រោយពេលដែលបុរស់ម្នាក់ឈ្មោះ ប៉ាន់ រ៉ាស៊ី អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានអាការៈមិនស្រួលខ្លួន ដោយមានការសង្ស័យក៏បានទៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណយកសំណាក លុះលទ្ធផលចេញមកគឺវិជ្ជមានកូវីដ១៩ បន្ទាប់ពីអាជ្ញាធរទទួលព័ត៌មាននេះ ក៏បានចុះបិទផ្សារសិរីសោភ័ណជាបណ្តោះអាសន្ន ក្រុមការងារបានចុះមកយកឪពុក ម្តាយនិងក្មួយប្រុសម្នាក់ទៀត របស់បុរសខាងលើទៅយកសំណាកនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា ជាការណែនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយអាជ្ញាធរក្រុងចុះបិទផ្សារសិរីសោភ័ណ ជាបណ្តោះអាសន្ន ដើម្បីរកអ្នកពាក់ព័ន្ធ យកសំណាក់ទៅពិនិត្យ បើអ្នកពាក់ព័ន្ធទាំងនោះអវិជ្ជមានកូវីដ១៩ នឹងជូនដំណឹង ហើយបើកអោយដំណើរការឡើងវិញ។
លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា ការដែលបិទផ្សារសិរីសោភ័ណជាបណ្តោះអាសន្ននេះ ដើម្បីបង្ការទប់ស្កាត់ការីករាលដាលឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលត្រូវចូលវិធានបង្ការទប់ស្កាត់កូវីដ១៩ មាន៣កុំ៣ការពារត្រូវអនុវត្តអោយបានគ្រប់គ្នា ៕







ចែករំលែកព័តមាននេះ