កាលពីពេលថ្មីៗ កន្លងមក ពួកសកម្មប្រយុទ្ធ isis យ៉ាងតិច១៦នាក់ ត្រូវបង្ខំឱ្យប្ដូរការងារ គឺប្ដូរពីចេញប្រយុទ្ធទៅជាចេញបំផ្ទុះគ្រាប់បែកអត្តឃាតវិញ បន្ទាប់ពីពួកគេពិនិត្យឈាមរកឃើញមានផ្ទុកវីរុសហ៊ីវនៅមន្ទីរពេទ្យមួយក្នុងក្រុង Al Mayadeen ភាគខាងកើតប្រទេសស៊ីរី ។
រឿងហេតុភ្ញាក់ផ្អើលជ្រួលច្របល់ពីវីរុសហ៊ីវនេះកើតឡើងបន្ទាប់ពីសកម្មប្រយុទ្ធ isis ជនជាតិអេហ្ស៊ីបម្នាក់ អាយុ៣០ឆ្នាំ និងនារីជនជាតិភាគតិច Yazidi ដែលជាទាសីផ្លូវភេទរបស់គេនាំគ្នាទៅមន្ទីរពេទ្យ ដោយសារចេះតែហត់ ព្រមទាំងក្អកស្ងួត និងរាករូសជាច្រើនថ្ងៃ ។ ក្រោយពិនិត្យឈាមរួច វេជ្ជបណ្ឌិតប្រាប់ថា មានផ្ទុកវីរុសហ៊ីវទាំង២នាក់ ។ ប៉ុន្តែជំងឺប្រចាំសតវត្សនេះ មិនមែនកើតមានដោយសារនារីទាសីបម្រើផ្លូវភេទទេ គឺកើតមានដោយសារសកម្មប្រយុទ្ធ isis ជនជាតិឥណ្ឌូណេស៊ីម្នាក់ បន្ទាប់ពីដឹងខ្លួនមានផ្ទុកវីរុសហ៊ីវបានស័គ្រចិត្តផ្ដល់ឈាមជួយអ្នកត្រូវរបួសឯទៀត ។ ពេលបែកការណ៍ សកម្មប្រយុទ្ធ isis ជនជាតិឥណ្ឌូណេស៊ីរូបនេះ ត្រូវisis កាត់ក្បាលចោលភ្លាម ចំណែកនារីបម្រើផ្លូវភេទជនជាតិម៉ារ៉ុក ដែលបម្រើផ្លូវភេទឱ្យគេជាប្រចាំ ហើយមានផ្ទុកវីរុសហ៊ីវដែរ ត្រូវស្លាប់តាមវិធីគប់នឹងដុំថ្ម ។
វេជ្ជបណ្ឌិតម្នាក់ធ្វើការនៅមន្ទីរពេទ្យ Al Mayadeen បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន ARA នៅប្រទេសស៊ីរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សកម្មប្រយុទ្ធទាំង១៦នាក់ ដែលមានផ្ទុកវីរុសហ៊ីវនោះត្រូវisis បង្ខំឱ្យធ្វើការងារជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតវិញ។ កន្លែងដែលត្រូវបំផ្ទុះគ្រាប់បែកអត្តឃាត ចាំ isis កំណត់ជាក្រោយ ចំណែកពេលនេះអ្នកផ្ទុកវីរុសហ៊ីវទាំង១៦នាក់ ត្រូវisis បញ្ជាឱ្យពេទ្យព្យាបាល និងបំប៉នពួកគេឱ្យមានកម្លាំងកំហែងគ្រាន់បើសិន ។
ហេតុការណ៍វីរុសហ៊ីវកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងជួរសកម្មប្រយុទ្ធ isis ព្រោះ មុនៗអ្នកត្រូវរបួសពេលប្រយុទ្ធគ្នា isis តែងបញ្ជាសកម្មប្រយុទ្ធឯទៀតឱ្យផ្ដល់ឈាមដើម្បីជួយសង្គ្រោះគ្នា ។ ដូច្នេះពុំដឹងឈាមអ្នកណាខ្លះល្អ អ្នកណាខ្លះមានផ្ទុកវីរុសហ៊ីវឡើយ ស្រួលមិនស្រួលថ្ងៃក្រោយស្លាប់ ដោយសារអេដស៍ទាំងអស់គ្នាផងក៏មិនដឹង ។ អីុចឹងហើយ បានជាពួកនោះភ័យព្រួយយ៉ាងខ្លាំងចំពោះអាយុជីវិតខ្លួនឯង ។
អង្គការ Raqqais Being SlaughteredSilently និយាយថា បញ្ហាវីរុសហ៊ីវរាតត្បាតខ្លាំងក្លាក្នុងជួរសកម្មប្រយុទ្ធ isis បណ្ដាលមកពីមូលហេតុ២យ៉ាង គឺទី១-ពួកសកម្មប្រយុទ្ធមានសិទ្ធិ ដូរប្រពន្ធ ដូរទាសីផ្លូវភេទទៅវិញទៅមក បន្ទាប់ពីប្រើប្រាស់មួយរយៈ ហើយនឹកចង់ភ្លក់របស់ថ្មី។ ទី២-ក្នុងជួរពួកសកម្មប្រយុទ្ធ isis សម្បូរអ្នកញៀនថ្នាំណាស់ អ្នកទាំងនោះតែងតែប្រើសឺរ៉ាំងរួមគ្នាក្នុងការចាក់ថ្នាំញៀនរៀងរាល់ថ្ងៃ ។
Adib Abdullah សកម្មប្រយុទ្ធisis ដែលត្រូវទាហានអីុរ៉ាក់ចាប់បានជាឈ្លើយសឹក បានប្រាប់អ្នកសួរចម្លើយខ្លួនតាមត្រង់ថា isis ពិតជាសម្បូរគ្រឿងញៀនមែន គឺប្រភេទថ្នាំញៀនហេរ៉ូអីុន ។ ថ្នាំញៀនទាំងនោះផ្ដល់ឱ្យពីតំប់ដាំអាភៀន ក្នុងប្រទេសអីុរ៉ាក់ ដែលត្រួតត្រាដោយពួកតាលីបង់ ។ នៅតំបន់នោះសម្បូររោងចក្រ តូចៗ សម្រាប់កែច្នៃអាភៀនទៅជាថ្នាំញៀនហេរ៉ូអីុន ។ Adib Abdullah និយាយបន្ត « ប្រសិនបើសកម្មប្រយុទ្ធ isis បានពិនិត្យឈាមទាំងអស់គ្នា ខ្ញុំជឿថា ការរកឃើញអ្នកផ្ទុកវីរុសហ៊ីវមិនមែនត្រឹមតែ១៦នាក់នោះទេ ។ ជាក់ស្ដែង សកម្មប្រយុទ្ធដែលនៅកៀកជាមួយខ្ញុំមាន២នាក់ ជាសញ្ជាតិបារាំង ។ ខ្ញុំឃើញពួកគេកាន់តែស្គម និងក្អកជាប្រចាំ ។ ពេលក្អកធ្វើទុក្ខខ្លាំង ម្ដងៗ ពួកគេចាក់ហេរ៉ូអីុនចូលខ្លួនទើបបាត់ បើផឹកថ្នាំក្អកធម្មតាអត់បាត់សោះ ។ ខ្ញុំសង្ស័យថា ពួកគេមានផ្ទុកវីរុសហ៊ីវ ព្រោះពួកគេប្រើសឺរ៉ាំងចាក់រួមគ្នា ហើយជួនកាលមានសកម្មប្រយុទ្ធផ្សេងមកខ្ចីសឺរ៉ាំងរបស់ពួកគេប្រើទៀតផង » ។
បច្ចុប្បន្ន ស្ថាប័នចារកម្មអាមេរិក និងបស្ចិមប្រទេសកំពុងខិតខំរកឈ្មោះពិត និងសញ្ជាតិពិតរបស់សកម្មប្រយុទ្ធ isis ១៦នាក់ដែលមានផ្ទុកវីរុសហ៊ីវ ដោយបារម្ភពួកទាំងនោះត្រឡប់ទៅបំផ្ទុះគ្រាប់បែកអត្តឃាតនៅបារាំង អង់គ្លេស អាមេរិក អាល្លឺម៉ង់ ស៊ុយអែដ … ព្រោះប្រទេសទាំងនោះសុទ្ធតែមានពលរដ្ឋមួយចំនួនរបស់ខ្លួនទៅចូលរួមជាមួយ isis ។ មន្ត្រីចារកម្មអង់គ្លេសម្នាក់បានឱ្យដឹងថា ពេលទៅចូលរួមជាមួយ isis ពួកគេទាំងអស់គ្នាត្រូវប្ដូរឈ្មោះទៅជាអ៊ិស្លាមទាំងអស់ មិនថាប្រុស ឬស្រីឡើយ ហេតុនេះការឈ្វែងយល់ឈ្មោះពីមុនរបស់ពួកគេជារឿងពិបាកបំផុត ៕
ចែករំលែកព័តមាននេះ