សារព័ត៌មាន «Metro» ផ្សាយថា កាលពីពេល ថ្មីៗកន្លងមកក្រុមអ្នកជំនួញនៅស៊ុយអែត រួមមានក្រុមហ៊ុនអីុកៀ និង ABBA បានកែសម្រួលបន្ថយម៉ោងធ្វើការក្នុងមួយថ្ងៃនៅសល់តែ៦ម៉ោងប៉ុណ្ណោះ ។
មជ្ឈមណ្ឌលឧស្សាហកម្មរបស់តូយ៉ូតា ក្នុងទីក្រុងGothenburg បានបន្ថយម៉ោងធ្វើការ១ថ្ងៃនៅសល់៦ម៉ោង តាំងពី១៣ឆ្នាំមុន ដោយរបាយការណ៍បញ្ជាក់ថា បុគ្គលិកមានសេចក្តីរីករាយក្នុងការបំពេញការងារ និងលាឈប់តិចតួច ។ មិនតែប៉ុណ្ណោះមានមនុស្សជាច្រើនចង់ចូលធ្វើការងារជាមួយក្រុមហ៊ុន ។ ទោះបីជាកាត់បន្ថយម៉ោងការងារ ប៉ុន្តែប្រាក់ចំណេញរបស់ក្រុមហ៊ុនកើនឡើងជាង២៥% ។
លោកលីណាស់ ហ្វេល ប្រធានក្រុមហ៊ុន Filimundus នៅក្រុងស្តុកខូលនិយាយថា «ខ្ញុំយល់ថា ធ្វើការក្នុងមួយថ្ងៃ៨ម៉ោង វាគ្មានប្រសិទ្ធភាពដូចដែលមនុស្សភាគច្រើនបានគិតទេ ។ ធ្វើការងារក្នុងរយៈពេល៨ម៉ោង គឺជាភាពប្រថុយប្រថាននឹងបញ្ហាជាច្រើន ដូច្នេះគួរតែកាត់បន្ថយម៉ោងការងារដើម្បីឱ្យការងារ មួយថ្ងៃៗដំណើរការបានល្អ» ។
ប្រសិនបើម៉ោងធ្វើការកាត់បន្ថយនោះ បុគ្គលិកនឹងមានកម្លាំងចិត្តនិងមានសកម្មភាពរស់រវើកក្នុងការធ្វើការ ។
ក្រៅពីការមានប្រសិទ្ធភាពខ្ពស់ លោកលីណាស់ ហ្វេល បញ្ជាក់ថា បញ្ហាអួអាប់របស់បុគ្គលិកក៏ថយចុះ ព្រោះបុគ្គលិកមានសេចក្តីសុខកាន់តែច្រើន និងបានឈប់សម្រាកយ៉ាងពេញលេញ៕
ចែករំលែកព័តមាននេះ