ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បុរាណវិទ្យា​រក​ឃើញ​ក្រុង​បុរាណ«​បាបកម្ម​» នៅ​ហ្ស​ក​ដា​នី​ជាទី​ក្រុង​ដែលមនុស្ស​ប្រព្រឹត្ត​តែ​អំពើ​បាប​និង​ចូល​ចិត្ត​រួមរ័ក

10 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​ផ្នែក​មួយ​នៃ​ក្រុង​បុរាណ​ដ៏​ធំ​បំផុត​នៅ​ហ្ស​ក​ដា​នី ។ ក្រុង​នោះ​មាន​លក្ខណៈ​ស្រ​ដៀង​ក្រុង​សូ​ដូ​ម​(​ក្នុង​ព្រះ​គម្ពីរ​) ជា​ក្រុង​បាបកម្ម ព្រោះ​មនុស្ស​រស់នៅ​ទីនោះ​ចូល​ចិត្ត​ប្រព្រឹត្ត​អំពើអាក្រក់ និង​រួមរ័ក ដូច្នេះ​ហើយ​រង​ការ​បំផ្លាញ​ដោយ​ភ្លើង​ពី​ព្រះ​ជា​ម្ចាស់ ។

តាម​រយៈ​ការ​ត្រួតពិនិត្យ​ទីតាំង​របស់​ក្រុង​បុរាណ «​ថូ​ល​អេ​ល​ហាម​ម៉ាំ​» ស្ថិត​នៅ​ភាគ​ខាងកើត «​ទន្លេ​ហ្ស​ក​ដា​នី​» និង​នៅ​ភាគ​ខាងជើង​បឹង «Dead Sea» ប្រទេស​ហ្ស​ក​ដា​នី​នោះ ឃើញ​ថា វា​មិន​ត្រឹមតែ​មាន​ទំហំ​ធំ​ទេ ប៉ុន្តែ​អ្នក​បុរាណវិទ្យា​មាន​ជំនឿ​ថា ជា​ក្រុង​សូ​ដូ​ម (Sodom) ស្ថិត​ក្នុង​យុគសម័យ​ស​ម្រឹត និង​មាន​ទំហំ​ធំ​ជាង​ក្រុង​នានា​ពី​៥​ទៅ​១០​ដង ។

តាម​តឹកតាង​ផ្នែក​បុរាណវិទ្យា​ឃើញ​ថា ក្រុង​បុរាណ​នោះ​មាន​សកម្មភាព​រស់នៅ​ដ៏​រស់​រវើក​រួម​មានការ​ដោះ​ដូរ​ទំនិញ និង​រចនាសម្ព័ន្ធ​របស់​ក្រុងមាន​សភាព​ពេញលេញ​ទាំង​អគារ​ប៉ម​ខ្ពស់ ប៉ម​ការពារ កំផែង​ក្រាស់​ដាក់​តម្រៀប​ដោយ​ឥដ្ឋ​ទំហំ​៥,២​ម៉ែត្រ និង​មាន​កម្ពស់​១០​ម៉ែត្រ ។ លើស​ពី​នេះ​មាន​ក្លោ​ង​ទ្វារ​ចូល​ក្រុង និង​អគារ​សង្កេតការណ៍ ។ នៅ​ពាក់កណ្តាល​យុគសម័យ​ស​ម្រឹត​កំផែង​នេះ​ត្រូវ​បាន​កែ​ច្នៃ​ជា​ប៉ម​ការពារ​ដ៏​ធំ​មាន​កម្រាស់​៧​ម៉ែត្រ ដំបូល​មាន​លក្ខណៈ​រាបស្មើ ។ លក្ខណៈ​ទ្រង់ទ្រាយ​បែប​នេះ​ធ្វើ​ឱ្យ​អ្នក​បុរាណវិទ្យា​មាន​ជំនឿ​ថា​ជា​ក្រុង​សូ​ដូ​ម ។ តាម​ភស្តុ​តាង​ផ្នែក​បុរាណវិទ្យា​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ចម្រើន​រុងរឿង​នៅ​បរិវេណ​មាត់ទន្លេ​ហ្ស​ក​ដា​នី និង​រក​ឃើញ​ច្រក​ពាណិជ្ជកម្ម​ដ៏​សំខាន់ ដូចដែល​មាន​បង្ហាញ​ក្នុង​ព្រះ​គម្ពីរ ។

ក្រៅពី​នេះ​មាន​តឹកតាង​ផ្សេង​ទៀត បាន​បង្ហាញ​ថា មាន​គ្រាមួយ​ក្រុង «​ថូ​ល​អេ​ល​ហាម​ម៉ាំ​» ត្រូវ​គេ​បោះបង់​ចោល​រហូត​ដល់​ចុងបញ្ចប់​នៃ​យុគសម័យ​ស​ម្រឹត​ប្រៀប​ដូច​ជា​ការ​បាត់បង់​ក្រុង​សូ​ដូ​ម​តាម​ក្បួន​គម្ពីរ ។ តាម​ព្រះ​គម្ពីរ​គឺ​ក្រុង​សូ​ដូ​ម​ជា​ក្រុង​នៃ​មនុស្ស​បាបកម្ម ដោយ​មនុស្ស​នៅ​ក្នុង​ទីក្រុង​និយម​ប្រព្រឹត្ត​អំពើអាក្រក់ និង​ចូល​ចិត្ត​រួមរ័ក ហើយ​ក្រោយមក​រង​ការ​បំផ្លាញ​ដោយ​ភ្លើង​របស់​ព្រះ និង​ត្រូវ​បោះបង់​ចោល ។ ចំណែក​អ្នក​បុរាណវិទ្យា​និយាយ​ថា ក្រុង​នោះ​អាច​ទទួល​ការ​បំផ្លិចបំផ្លាញ​ពី​បាតុភូត​នៃ​ការ​រញ្ជួយ​ដី៕