សារព័ត៌មាន «អេមីរ៉ាត ២៤៧» របស់អេមីរ៉ាតអារ៉ាប់រួម កាលពីពេល ថ្មីៗកន្លងមកផ្សាយថា ស្ត្រីអារ៉ាប៊ីសាអ៊ូឌីត អាយុ២០ឆ្នាំម្នាក់ បានប្តឹងលែងប្តី ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេល៧ខែ ព្រោះតែមូលហេតុប្តីទាបកន្តឿ ។ នៅពេលប្តីប្រពន្ធនោះបណ្តើរគ្នាទៅបំពេញការងារ មិត្តភក្តិរបស់នារីជាប្រពន្ធនិយាយរិះគន់ពីកម្ពស់ប្តីរបស់នាងធ្វើឱ្យនាងអាម៉ាស់ទើបស៊ូទ្រាំរួមរស់ជាមួយគ្នាមិនបាន ។
នារីនោះបញ្ជាក់ប្រាប់ចៅក្រមនៅក្រុង«កាធីហ្វ» នាភាគខាងកើតប្រទេសថា មិត្តភក្តិ និងអ្នកផ្សេងដែលឃើញរូបនាងខ្ពស់ជាងប្តី ក៏និយាយចំអកគួរឱ្យអៀនខ្មាស និងតូចចិត្តណាស់។ ស្ត្រីភាគច្រើនចង់បានបុរសខ្ពស់ជាគូស្នេហ៍ ប៉ុន្តែប្តីរបស់នាងទាបកន្តឿទើបនាងចង់លែងលះព្រោះខ្មាសគេ ។
លោកស៊ីក ម៉ូហាម៉េដ អាល់ជីរ៉ានី ជាចៅក្រមនៅសាលាដំបូងនិយាយថា លោកមិនធ្លាប់ជួបរឿងក្តីប្តឹងលែងលះដ៏ចម្លែកបែបនេះពីមុនទេ ។
ប្រភពព័ត៌មានមិនបានបង្ហាញកម្ពស់របស់បុរសជាប្តីទេ ។ មានការរិះគន់តាមប្រព័ន្ធអីុនធើរណេតថា ស្ត្រីម្នាក់នោះគួរតែបដិសេធរៀបការជាមួយប្តីតាំងពីដំបូង មិនមែនរៀបការហើយទើបសុំលែងលះទេ ៕
ចែករំលែកព័តមាននេះ