ក្រុមអ្នកវិទ្យាសាស្ត្ររបស់អីុស្រាអែល SpaceIL បានក្លាយជាក្រុមដំបូងគេដែលបានចុះកិច្ចសន្យាជាផ្នែកមួយនៃការប្រកួតប្រជែងរបស់ក្រុមហ៊ុន Google គឺ Google Lunar XPRIZE ។ នេះគឺជាលើកទី១ នៃដំណើរឆ្ពោះទៅឋានព្រះចន្ទរបស់ក្រុមអ្នកវិទ្យាសាស្ត្រអីុស្រាអែលតាមរយៈការដេញថ្លៃដោយឯកជនដើម្បីសម្រេចបាននូវបេសកកម្មដំបូងគេរបស់ពិភពលោកនៅឆ្នាំ២០១៧ ។
កាលពីពេល ថ្មីៗកន្លងមកក្រុម SpceIL បានប្រកាសពីព្រឹត្តិការណ៍ធំក្នុងដំណើរឆ្ពោះទៅកាន់ឋានព្រះចន្ទដោយចុះកិច្ចសន្យាសម្រាប់ការចាប់ផ្តើមបង្កើតរ៉ុក្កែត SpaceX Falcon 9 ជាមួយនឹងបេសកកម្មត្រូវបានគេរៀបចំនៅពាក់កណ្តាលឆ្នាំ២០១៧ ។ SpaceIL ក្លាយជាក្រុមដំបូងគេក្នុងការប្រកួតប្រជែង Google Lunar XPRIZE ។ ការប្រកួតប្រជែងនេះបង្កើតឡើងនៅឆ្នាំ២០០៧ ដោយសហគ្រិន Peter Diamandis ក្នុងគោលបំណងដើម្បីបំផុសគំនិតជំនាន់ថ្មីនៃការវិនិយោគជាឯកជន និងក្តីសង្ឃឹមនៃការបង្កើតបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព ។
ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ចំនួន៣០លានដុល្លារ ពីការប្រកួតប្រជែងនេះក្រុមអ្នកវិទ្យាសាស្ត្រអីុស្រាអែលត្រូវសម្រេចឱ្យបាននូវគោលបំណងដូចខាងក្រោម៖
១ ចុះចតមនុស្សយន្តលើឋានព្រះចន្ទ ។
២ ធ្វើដំណើជាង៥០០ម៉ែត្រលើឋានព្រះចន្ទ ។
៣ បញ្ជូនវីដេអូកម្រិត HD ព្រមទាំងរូបភាពមកកាន់ផែនដី ។
កាលពីដើមឆ្នាំ២០១៥នេះក្រុមហ៊ុន Google បានប្រកាសថា ការផុតកំណត់នឹងបញ្ចប់នៅខែធ្នូឆ្នាំ២០១៧ ហើយផ្តល់ឱ្យក្រុមអ្នកវិទ្យាសាស្ត្រយ៉ាងហោចណាស់១ក្រុមអាចទទួលបានការចុះកិច្ចសន្យានៅថ្ងៃទី៣១ ធ្នូ ២០១៥ ។ ក្នុងករណីគ្នានក្រុមណាមួយចុះកិច្ចសន្យាចុងឆ្នាំ២០១៥ នោះទេ រង្វាន់នឹងត្រូវទុកជាអសារបង់ ។ រហូតមកដល់ពេលនេះក្រុមអ្នកវិទ្យាសាស្ត្រចំនួន១៦ ក្រុមស្ថិតក្នុងការប្រកួត ហើយមានតែ៥ក្រុមប៉ុណ្ណោះកំពុងដំណើរការយ៉ាងល្អ ។ ចំណែកក្រុមអ្នកវិទ្យាសាស្ត្ររបស់អីុស្រាអែល SpaceIL ក៏បានចុះកិច្ចសន្យាចូលរួមប្រកួតប្រជែងផងដែរ ៕
ចែករំលែកព័តមាននេះ