ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាទទួល​ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ នៅត្រីមាសទី៤ ឆ្នាំ២០២១ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាទទួល​ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ នៅត្រីមាសទី៤ ឆ្នាំ២០២១

3 អាទិត្យ មុន
  • Phnom Penh

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ ដែលមកពីទីផ្សារណា មានហានិភ័យទាប នៅក្នុងនៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤…

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ ដែលមកពីទីផ្សារណា មានហានិភ័យទាប នៅក្នុងនៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ខាងមុខនេះ។

វិធានការនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ​ពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដ ថាតើយើង​នឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ​១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មក ក្រសួងនឹងស្នើសុំគោល​ការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីអនុវត្តកិច្ចការងារនេះ។

លោកបណ្ឌិត បានបន្តថា ទន្ទឹមនឹងអ្វីដែលយើងបានសិក្សាលើទីផ្សារនេះ ក្រសួងទេសចរណ៍ ក៏នឹងធ្វើការជាមួយអាជ្ញាធរខេត្ត និងជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងផងដែរ ក្នុងការស្វែងរកការគាំទ្រ ក្នុងការជំរុញការចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅតាមគោលដៅនានា ដើម្បីធានាថា គោលដៅទេសចរណ៍​របស់យើងមានសុវត្ថិភាព និងទំនុកចិត្ត ដែលអាចទទួលយកភ្ញៀវទេសចរ ដែលបានទទួលវ៉ាក់សាំងនេះបានមុន។

ក្រៅពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ ក៏នឹងតម្រូវឲ្យគ្រប់គោលដៅទេសចរណ៍ទាំងអស់ ត្រូវគិតអំពីគុណភាពសេវាកម្ម និងតម្លៃឲ្យបានសមរម្យ ជាពិសេស ត្រូវអនុវត្តស្តង់ដារថ្មី ក្នុងបរិបទកូវីដ១៩នេះ ជាមួយវិធានការយ៉ាងម៉ឹងម៉ាត់ គឺ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ក៏ត្រូវធ្វើយ៉ាងណាផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរ តាមរយៈតម្រូវឲ្យបុគ្គលិកបម្រើការងាររបស់ខ្លួន ត្រូវពាក់កាតបុគ្គលិក និងកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាប្រចាំក្នុងអំឡុងពេលបំពេញភារកិច្ចផងដែរ។

លោក ថោង ខុន បានមានប្រសាសន៍ទៀតថា​ «យើងនឹងពិនិត្យវាយតម្លៃអំពីគុណភាពសេវាកម្មទេសចរណ៍​នៅគ្រប់គោលដៅទាំងអស់ ហើយយើងនឹងដាក់ចុះនូវស្តង់ដារសេវាកម្មទេសចរណ៍នៅក្នុងបរិបទកូវីដនេះ ឲ្យបានរហ័សដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងគុណភាពរបស់គោលដៅទេសចរណ៍នីមួយៗ ជូនភ្ញៀវទេសចរអន្តរជាតិ។ យើងធ្វើកិច្ចការងារនេះបណ្តើរៗ ហើយយើងប្រឹងប្រែងទាំងអស់គ្នា ដើម្បីយើងគិតថា អាចនឹងទទួលទេសចរអន្តរជាតិ ពិសេសទេសចរដែលចាក់វ៉ាក់សាំងហើយ នៅក្នុងត្រីមាសទី ៤ឆ្នាំ ២០២១នេះ»។

លោកបានសង្កត់ធ្ងន់ថា​ «សរុបរួមមក ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនេះ ទី១ គឺការក៏សាងឲ្យ​បាននូវទំនុកទុក​ចិត្តដល់អ្នកទេសចរ។ ទី២ គឺគុណភាព និងសេវាកម្មផលិតផលទេសចរណ៍ និងតម្លៃឲ្យបានសមរម្យ និងទី​៣ គឺការសម្រួលការធ្វើដំណើរដល់ទេសចរនៅតាមច្រកទ្វារអន្តរជាតិ»។

បន្ថែមពីលើនេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសរណ៍ក៏បានលើកឡើងអំពីការខិតខំពង្រឹង​ការគ្រប់គ្រងចលនាភ្ញៀវទេសចរក្នុងស្រុក ក្នុងពេលដែលរាជរដ្ឋាភិបាលបានសម្រេច អនុញ្ញាត​ឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដែលនឹងមានប្រជាពលរដ្ឋទៅកម្សាន្តតាមរមណីយដ្ឋានច្រើន ហើយប្រសិនបើរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅបញ្ចប់ការបិទខ្ទប់ទៀត នឹងមានភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាលចេញដើរកម្សាន្តច្រើនទៅតំបន់សមុទ្រ ខេត្តភូមិភាគឦសាន និងខេត្តសៀមរាប ជាដើម។

ក្នុង​បរិបទ​នេះ លោក​បណ្ឌិត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​វិធាន​សុខាភិបាល ៣​កុំ ៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រមជាមួយ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ទើប​អាច​ចៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។

​សូមជម្រាបថា អ្វីដែល​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​ខាងលើនេះ គឺជា​គម្រោង​មួយ​ស្ថិតនៅក្នុង​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ដែល​ត្រូវ​បានអនុម័ត​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី ៣០​ខែមីនា ឆ្នាំ ២០២១​នេះ កន្លងទៅ​ថ្មីៗ​នេះ​។ តាម​ការចុះផ្សាយ​របស់​បណ្តាញសារព័ត៌មាន​អន្តរជាតិ​មួយចំនួន បាន​ឲ្យ​ដឹងថា ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ាន ដូចជា ប្រទេស​សិង្ហ​បុរី និង​ប្រទេស​ថៃ បានបង្ហាញ​ពី​ផែនការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​របស់ខ្លួន នាពេល​ខាងមុខនេះ​។

​យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ ២០២០​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​តែ ១,៣១​លាន​នាក់​ប៉ុណ្ណោះ ដោយមាន​ការថយចុះ​ប្រមាណ ៨០% និង​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រមាណ ៩ លាន​នាក់ ថយចុះ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ កន្លងទៅ​។ ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​កាលពី​ឆ្នាំមុន បានធ្វើ​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា បាត់បង់​ចំណូល​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​៕ សុខ សា​រ៉ា​យ​

Picture
Picture
Picture
Picture
Picture