ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ឆា​ដ​ហាម​នារី​ពាក់អាវ​ប្រពៃណី​ដើម្បី​ទប់ស្កាត់​ភេរវកម្ម

10 ឆ្នាំ មុន

ថ្លែង​នៅ​ចំពោះ​មុខ​មេដឹកនាំ​សាសនា​ទូ​ទាំង​ប្រទេស​នៅ​រដ្ឋធានី N’Djamena កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០១៥ មុន​បួស​តម​អាហារ​រ៉ា​ម៉ា​ដាន​មួយ​ថ្ងៃ នាយក​រដ្ឋមន្ត្រី​ឆា​ដ លោក Kalzeubet Pahimi Deubet ប្រាប់​ទាំងអស់​គ្នា​ថា ពេល​នេះ​រដ្ឋាភិបាល​ឆា​ដ សម្រេច​ហាមឃាត់​រាល់​ការ​ស្លៀកពាក់​បាំង​ជិត​រាង​កាយ ដូច​យ៉ាង​អាវ Burqa និង Niqab របស់​ស្ត្រី​ជាដើម ។ រដ្ឋាភិបាល​សម្រេចចិត្ត​ហាមឃាត់​ដូច្នេះ ដើម្បី​ជា​វិធានការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម​របស់​ពួក​អ៊ិ​ស្លា​ម​ជ្រុលនិយម Boko Haram ដែល​ពួក​នោះ​មាន​ប្រភព​នៅ​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា តែ​ឥឡូវ​ធ្វើ​សកម្មភាព​ភេរវកម្ម​រាលដាល​ដល់​ប្រទេស​ជិតខាង​ទៀត រួម​ទាំង​ប្រទេស​ឆា​ដ​ផង ។ «​ចាប់ពី​ពេល​នេះ​ទៅ សម្លៀក​បំពាក់​គ្រប​ជិត​ខ្លួន​ត្រូវ​ហាម​ប្រើ មិន​ថា​តែ​នៅ​ទី​សាធារណៈ ឬ​សាលារៀន​ទេ ឱ្យ​តែ​នៅ​លើ​ទឹកដី​ឆា​ដ គឺ​អត់ឱ្យ​ប្រើ​ដាច់ខាត​» ។ ក្នុង​ការ​ថ្លែង​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​សុំ​ឱ្យ​អ្នកដឹកនាំ​សាសនា​អ៊ិ​ស្លា​ម​គ្រប់​រូប ជួយ​ផ្សព្វផ្សាយ​បន្ត​តាម​ព្រះ​វិហារ ក៏​ដូច​ជា​កន្លែង​ប្រមូលផ្តុំ ធ្វើ​កិច្ចការ​សាសនា ដើម្បី​ឱ្យ​ប្រជាជន​យល់​ដឹង ហើយ​អនុវត្ត​តាម​ដោយ​ស្ម័គ្រចិត្ត ។

ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឆា​ដ បន្ទាប់​ពី​ផ្សព្វផ្សាយ​សេចក្តី​សម្រេចចិត្ត​ថ្មី​មួយ​រយៈ បាន​បើក​យុទ្ធនាការ​ទូ​ទាំង​ប្រទេស ដកហូត​និង​ដុត​ចោល​សម្លៀក​បំពាក់ ត្រូវ​ហាមឃាត់ ដែល​ដាក់​លក់​តាម​ទីផ្សារ និង​ហាង​សម្លៀក​បំពាក់​ដេរ​ស្រាប់ ។ ក្នុង​យុទ្ធនាការ​នោះ លោក​រដ្ឋមន្ត្រី​និយាយ​ច្បាស់​ថា «​ចាប់ពី​ពេល​នេះ​ទៅ អ្នក​ណា​មាន​ចេតនា​មិន​គោរព​តាម​ការ​ហាមឃាត់​របស់​រដ្ឋាភិបាល ដោយនៅ​តែ​លួច​ស្តុក​ទុក​សម្លៀក​បំពាក់​គ្រប​ជិត​ខ្លួន នឹង​ត្រូវ​ប្រឈម​មុខ​វិធានការ​តឹងតែង ដូច​ជា​ចាប់ខ្លួន​គ្មាន​កាលកំណត់ និង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​» ។

សម្លៀក​បំពាក់​ប្រពៃណី​ស្ត្រី​អ៊ិ​ស្លា​ម ចែក​ជា​៣​ប្រភេទ​ខុស​គ្នា ដែល​មានឈ្មោះ​ហៅ​អាស្រ័យ​លើ​ការ​បិទ​បាំង​ផ្នែក​ណាមួយ​នៃ​រាង​កាយ ។ ប្រភេទ​ដែល​គេ​និយម​ប្រើ​ជាងគេ គឺ​កន្សែង hijab ប្រើ​សម្រាប់​គ្រប​ក្បាល បិទ​បាំង​រហូត​ដល់ក ដោយ​ទុក​ចំហ​ផ្ទៃមុខ ។ ប្រភេទ​សម្លៀក​បំពាក់​មួយទៀត​ហៅ​ថា Niqab ជា​ប្រភេទ​អាច​គ្រប​ជិត​ពី​ក្បាល​រហូត​ដល់​ជើង ទុក​តែ​ចន្លោះ​ប្រហោង តូច​ៗ​ពីរ សម្រាប់​មើលផ្លូវ ។ ប្រភេទ​ទី​៣ ឈ្មោះ Burqa ក៏​ជា​អាវ​គ្រប​ពី​ក្បាល​ដល់​ចុងជើង​ដែរ តែ​ត្រង់​ផ្ទៃមុខ​បិទ​បាំង​ដោយ​ផ្ទាំង​ក្រណាត់​ស្តើង ដើម្បី​អាច​មើលឃើញ​ផ្លូវ​ដើរ ។

ពួក​អ៊ិ​ស្លា​ម​ជ្រុលនិយម​ចូល​ចិត្ត​ប្រើ​អាវ niqab និង burqa សម្រាប់​បម្រើ​ឱ្យ​ការ​វាយប្រហារ​អត្តឃាត ។ ពួក​គេ​ឱ្យ​អ្នក​ប្រយុទ្ធ​ស្រី​ចង​គ្រាប់បែក​ជុំវិញ​ខ្លួន ហើយ​ឱ្យ​ពាក់អាវ Niqab ឬ burqa គ្រប​ពី​ក្រៅ​, លុះ​ទៅ​ដល់​កន្លែង​អ៊ូអរ ក៏​ចុច​បំផ្ទុះ​តែ​ម្តង ។ ការ​វាយប្រហារ​អត្តឃាត​ដែល​ពួក​អ៊ិ​ស្លា​ម​ជ្រុលនិយម​អនុវត្ត​ក្នុង​ប្រទេស​ឆា​ដ កន្លង​មក ថ្មី​ៗ​នេះ បាន​សម្លាប់​មនុស្ស​អស់​៣៤​នាក់ របួសធ្ងន់​-​ស្រាល​រាប់រយ​នាក់ និង​មនុស្ស​រាប់រយ​នាក់​ទៀត ក្លាយជា​ជន​ពិការ​អស់​មួយ​ជីវិត ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​ឆា​ដ​សម្រេចចិត្ត​ហាមប្រាម​ការ​ប្រើ​សម្លៀក​បំពាក់​គ្រប់​ជិត​ខ្លួន ៕