អង្គការមូលនិធិសត្វព្រៃអន្តរជាតិ(WWF) ផ្សាយថា សត្វនិងរុក្ខជាតិ ថ្មីៗចំនួន២១១ពូជ ប្រទះឃើញនៅប្រទេសប៊ូតង់ ភាគខាងកើតឆៀងខាងជើងប្រទេសឥណ្ឌា ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ភាគខាងត្បូងទីបេ ប្រទេសចិន និងនេប៉ាល់ គឺជាផ្នែកមួយនៃភ្នំហិម៉ាល័យ ក្នុងអំឡុងពីឆ្នាំ២០០៩ដល់២០១៤ ។
សត្វ និងរុក្ខជាតិដែលរកឃើញរួមមានរុក្ខជាតិចំនួន១៣៣ពូជ ត្រីចំនួន២៦ភេទ សត្វរស់នៅលើគោក និងទឹក១០ប្រភេទ សត្វគ្មានឆ្អឹងខ្នងចំនួន៣៩ប្រភេទ ។ លើសពីនេះមានពពួកល្មូន បក្សី និងសត្វចិញ្ចឹមកូនដោយទឹកដោះ ដោយប្រភេទ នីមួយៗមាន១ពូជ។ សត្វដែលប្រទះឃើញស្ថិតក្នុងចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្ត្រកាលពីឆ្នាំ
២០១០ គឺការប្រទះឃើញស្វាមួយប្រភេទនៅមីយ៉ាន់ម៉ា រស់នៅក្នុងព្រៃជ្រៅនាភាគខាងជើងប្រទេស ។ ស្វាប្រភេទនោះមានពណ៌ស និងខ្មៅ ហើយវាកណ្តាសដូចមនុស្សបណ្តាលមកពីផ្តាសាយនៅពេលមានភ្លៀងធ្លាក់ ។
ស្វាប្រភេទនេះអង្គុយឱនក្បាលនៅត្រង់បរិវេណចន្លោះជើងនៅពេលត្រូវទឹកភ្លៀង មានន័យថា ដើម្បីការពារមិនឱ្យទឹកចូលច្រមុះ ។
WWF បញ្ជាក់ថា គួរឱ្យចម្លែកទៀតនោះ គឺត្រីរ៉ស់ពណ៌ខៀវ «ចេះដើរ» នៅរដ្ឋបង់ហ្គាល់ខាងលិច ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា ។ ត្រីប្រភេទនោះអាចដកដង្ហើមនៅក្នុងអាកាសធាតុ រស់នៅលើគោកបានយូរដល់ទៅ៤ថ្ងៃឯណោះ និងអាចរំកិលខ្លួនបានប្រហែល៤០០ម៉ែត្រ ។ លើសពីនេះចេកដែលកម្របានឃើញពីមុនចំនួន៣ពូជ ។
WWF បានផ្តល់ហេតុផលពីការផ្សព្វផ្សាយការរកឃើញវត្ថុមានជីវិតជាសាធារណៈលើកនេះថា ដើម្បីឱ្យមនុស្សបានយល់ច្បាស់ពីគុណតម្លៃ និងសារសំខាន់នៃបរិស្ថានដែលកំពុងទទួលរងការបំផ្លិចបំផ្លាញដោយមនុស្ស ព្រោះចំនួនសត្វ និងរុក្ខជាតិដែលរកឃើញទាំងអស់មានប្រហែល២៥% អាចរស់នៅដោយឯករាជ្យ ឬមិនទទួលផលប៉ះពាល់ ចំណែកសត្វដែលនៅសល់កំពុងស្ថិតក្នុងស្ថានភាពជិតផុតពូជ ៕


ចែករំលែកព័តមាននេះ