ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​​ពលករ​ខ្មែរ​១១​នាក់​រៀបរាប់​ពី​គំរោងការ​របស់​មេខ្យល់​នាំ​​​ឆ្លង​ដែន​ទៅ​ថៃដោយ​របៀប​ណា

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ទទួល​ទិស​ស្រុក​ម៉ា​ឡៃ និង​ទទួល​ការងារ​សន្តិសុខ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០០​និង​២០​នាទី ថ្ងៃ​ទី​២២…

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ទទួល​ទិស​ស្រុក​ម៉ា​ឡៃ និង​ទទួល​ការងារ​សន្តិសុខ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០០​និង​២០​នាទី ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​សង្កែ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ កងកម្លាំង​ចម្រុះ​មាន​កងទ័ព កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ បាន​ធ្វើការ​ចុះ​ល្បាត ហើយ​ក៏​ឃាត់ខ្លួន​មនុស្ស​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ចំនួន​១៤​នាក់ ក្នុង​នោះ​មេខ្យល់​ចំនួន​៣​នាក់ និង​ពលករ​ជា​ជន​រង​គ្រោះ​ចំនួន​១១​នាក់ (​ក្នុង​នោះ​កុមារ​ចំនួន​២​នាក់​) ផង​ដែរ ។

លោក​វរសេនីយ៍ឯក ព្រហ្ម សុភា បាន​បញ្ជាក់​ទៀត​ថា ក្នុង​ការ​ឃាត់ខ្លួន​មេខ្យល់ និង​ជន​រង​គ្រោះ​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី ជឹ​ម ប៊ុ​ន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​ផង​ដែរ​។ ចំណែក​មេខ្យល់ និង​ពលករ ត្រូវ​បាន​កម្លាំង​តំបន់​ប្រតិបត្តិ​សឹក​រង​បន្ទាយ​មាន​ជ័យ បញ្ជូន​មក​ប្រគល់​ឱ្យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​តាម​នីតិវិធី​បន្ត ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា បើ​តាម​ការ​បំភ្លឺ​ពី​ពលករ​ខ្មែរ​ទាំង​១១​នាក់​ខាងលើ​ថា មេខ្យល់​ចំនួន​៣​នាក់​ដល​មាន ៖ ១.​ឈ្មោះ ផៃ ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​, ២.​ឈ្មោះ​សាំ អៀន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​៣.​ឈ្មោះ​អ៊ូ សុខា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ បាន​តេ​តាម​ទូរស័ព្ទ​មក​ទំនាក់ទំនង​ពួក​គាត់​ថា «​តើ​ចង់ទៅ​ប្រទេស​ថៃ​អត់?​» ហើយ​ពួក​គាត់​ក៏​បាន​សួរ​វិញ​ថា «​ចេញ​ទៅ​បាន​មែន​អត់​» មេខ្យល់​នោះ​ក៏​បាន​ប្រាប់​ពួក​គាត់​វិញ​ថា «​ចេញ​ទៅ​បាន ដោយ​ត្រូវ​បង់លុយ​ឱ្យ​ពួក​គេ​ក្នុង​ម្នាក់​៦​ពាន់​បាត (​លុយ​ថៃ​)»​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ពួក​គេ​ក៏​បាន​ឯកភាព​គ្នា ហើយ​ណាត់​ថ្ងៃ​ចេញដំណើរ គឺ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ ដោយ​ពួក​គេ​បាន​មក​តាម​ការ​ណាត់គ្នា ហើយ​មាន​ម៉ូតូ​ចាំ​ទទួល​ដឹក​ពួក​គេ​ពី​កន្លែង​ដី​ពុះ​ឡូ​តិ៍​មួយ​កន្លែង​ក្នុង​ខេត្តសៀមរាប រួច​វាង​ទៅ​តាម​ផ្លូវលំ ចំណុច​ផ្សារ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក្រោយ​ក៏​ឡើង​ជិះ​រថយន្ត​បន្ត​មក​ចេញ​នៅ​ចំណុច​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បី​គេច​ពី​សមត្ថកិច្ច​ដែល​ឈរជើង​បិទផ្លូវ​ខេត្ត​នៅ​ចំណុច​ស្ពាន​តា​ប៉ុន ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​រហូត​មក​ដល់​ចំណុច​វាលស្រែ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កូន​ដំរី ហើយ​ម្ចាស់​រថយន្ត​នោះ​ក៏​បាន​ដាក់​ពួក​គាត់​នៅ​ទីនោះ ដោយ​ប្រាប់​ថា «​បន្តិចទៀត​មាន​គេ​មក​យក​បន្ត​ហើយ​»​។ លុះ​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល ក៏​ស្រាប់តែ​រថយន្ត​ដដែល​មក​យក​ពួក​គាត់​ទៅ​ស្រុក​ម៉ា​ឡៃ ហើយ​ក៏​មាន​បុរស​ម្នាក់​ទៀត​មក​ចាំ​នាំ​ផ្លូវ​ពួក​គាត់​ដើរ​កាត់​បម្រុង​ឆ្លង​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​ពេល​ដើរ​បាន​ប្រហែល​៥០​ម៉ែត្រ ស្រាប់តែ​មាន​សមត្ថកិច្ច​ដេញចាប់​ពួក​គាត់​បាន​តែ​ម្ដង ។

ចំណែក​មេខ្យល់​ទាំង​៣​នាក់​ក៏​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ជូន​ពលករ​ទាំងអស់​ខាងលើ ដើម្បី​ចេញ​ទៅ​ប្រទេស​ថៃ​ពិតប្រាកដ​មែន ដោយ​យក​ថ្លៃ​ម្នាក់​៦​ពាន់​បាត ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ក៏​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ​ហើយ​។ ចំណែក​ជន​រង​គ្រោះ​ចំនួន​១១​នាក់ ក្នុង​នោះ​កុមារ​ចំនួន​២​នាក់​ផង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ (QC2) ថ្នាក់​ខេត្ត (​កង​វ៉ា​) ក្នុង​ក្រុង​សិរី​សោភ័ណ​ហើយ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ