រាជធានីភ្នំពេញ៖ យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ នៅថ្ងៃទី២១ មេសានេះ បានបដិសេធលើប្រធានបទ«ហេតុអ្វីនៅតែនាំចូលបន្លែពីក្រៅប្រទេស» បន្ទាប់ពីលោកសោម ឆាយ៉ា បានធ្វើការបង្ហោះផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គមកាលពីថ្ងៃទី២០មេសា ហើយឆ្លើយតបលើប្រធានបទនេះមកវិញនៅ៦ចំណុច។
បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សូមបដិសេធទាំងស្រុងនូវទស្សនៈ រវើរវាយរបស់លោក សោម ឆាយ៉ា និងសូមធ្វើការបកស្រាយបំភ្លឺនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងប្រធានបទខាងលើ។១)- តម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំមានប្រមាណ១លានតោន ប៉ុន្តែការផលិតនិងការផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ០,៧៥លានតោន ។ ដូច្នេះយើងអាចផ្គត់បានប្រហែល៧៥% ជាមធ្យម (អាចប្រែប្រួលតាមរដូវ ពោលគឺនៅរដូវប្រាំង ក្រោម៧០% និងរដូវរំហើយ៨០%)។
កម្ពុជា មិនមែននាំចូលបន្លែគ្រប់នោះទេ ពោលគឺនាំចូលប្រភេទបន្លែតំបន់ត្រជាក់មួយចំនួន ដែលពិបាកដំនៅកម្ពុជា និងនៅរដូវវស្សាដែលមិនមានលក្ខណៈអំណោយផលសម្រាប់ផលិតកម្ម។២)-បច្ចុប្បន្ននេះ មិនមែនខ្វះ ផលិតផលបន្លែក្នុងស្រុកនោះទេ ផ្ទូយទៅវិញកសិករដាំបន្លែនិងបណ្តុំកសិករជាច្រើនកំពុងប្រមូលផលបន្លែ ប៉ុន្តែលំបាកដឹកជញ្ជូនមកលក់នៅភ្នំពេញបានដោយសារវិធានការការបិទខ្ទប់ការរាលដាលជំងឺកូវីដ១៩ ។
ជាក់ស្តែងតំណាងបណ្តុំកសិកនៅស្រុកស្អាតខេត្តកណ្តាល បានឱ្យដឹងថានៅក្នុងអំឡុងពេលបិទខ្ទប់នេះ កសិករពិបាកលក់បន្លែដោយសារចំនួនអ្នកប្រមូលទិញបន្លែថយចុះ ។ នៅផ្សារអ៊ីអន ផ្សារភូមិកសិកម្មធម្មជាតិ និងហាងផ្សារខ្មែរបន្លែធម្មជាតិលក់បន្លែសុវត្ថិភាពគ្មានជាតិគីមី ខ្លះទៀតក៏ពុំមានបន្លែលក់គ្រប់គ្រាន់ដែរ ដោយសារមានការបិទផ្លូវ ពិបាកដឹកយកមកភ្នំពេញជាពិសេសក្រុមកសិករនៅខេត្តមណ្ឌលគិរីនិងខេត្តកណ្តាលដែលបានចុះកិច្ចសន្យាជាមួយផ្សារទាំងនេះ។ ៣)- ជាការអនុវត្តកន្លងមក ក្រសួងបានខិតខំចងក្រងសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេស ឥណទាន និងភ្ជាប់ទីផ្សារលក់ផលិតផលតាមរយៈការធ្វើផលិតកម្ម កសិកម្មតាមកិច្ចសន្យា។មកទល់ពេលនេះ យើងបានបង្កើតសហគមន៍កសិកម្មសរុប ១២០០សហគមន៍ ដោយមានម្ចាស់ភាគហ៊ុនចំនួន១៤៤ ៣០៦នាក់ និងប្រាក់ភាគហ៊ុនចំនួនប្រមាណ១២លានដុល្លារអាមេរិក និងដើមទុនសរុបប្រមាណ២៤,៨លានដុល្លារអាមេរិក ព្រមទាំងបានចុះកិច្ចសន្យាផលិតកម្ម កសិកម្មចំនួន១៦៥ សហគមន៍។
លើសពីនេះទៀត យើងបានបង្កើតបណ្តុំអាជីវកម្មនៃអ្នកផលិត អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញផលិតផលកសិកម្ម ចំនួ ១៩២០ បណ្តុំអាជីវកម្ម ដែលមានសមាជិកសរុប៦១.៧៣៥គ្រួសារ ប៉ុន្តែបញ្ហាទីផ្សារលក់ផលិតផលកសិកម្ម នៅតែជាបញ្ហាប្រឈមសម្រាប់កសិករ និងសហគមន៍កសិកម្ម ។៤)- ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារកសិកម្ម ក្រសួង បានខិតខំជំរុញការចរចារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើមុខដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្តាប្រទេសដែលមានបំណងនាំចូលកសិផលកម្ពុជា ដែលយើងសម្រេចបាន ជោគជ័យជាច្រើនរួចមកហើយ ។
ជាក់ស្តែងនៅឆ្នាំ២០២០ យើងអាចផលិតនូវផលិតផលកសិកម្ម បានជាង២០លានតោន ហើយនាំចេញកសិផលសរុបបានជាង១៣លានតោន ដោយទទួលបានចំណូលពីការនាំចេញបានជាង៣.៤៣៣លានដុល្លារអាមេរិក។៥)- យើងបាន បណ្តុំបណ្តាលនិងផ្សព្វផ្សាយបច្ចេកទេសទំនើបដល់កសិកររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ជាក់ស្តែងអគ្គនាយកដ្ឋានកសិកម្ម បានបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស ម្ចាស់កសិដ្ឋាន កសិករគំរូ ប្រជាកសិករ និងសមាជិកសហគមន៍កសិកម្ម ចំនួន៣២ ៤៦០នាក់ និងគម្រោងនានារបស់ក្រសួង បានបណ្តុះបណ្តាលកសិករក្នុងខេត្តគោលដៅរបស់គម្រោងរាប់ម៉ឺនគ្រួសារ។និង៦)- ក្រសួងកសិកម្ម បន្តជំរុញកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន ពិសេសក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមនៃការអភវិឌ្ឍវិស័យកសិកម្ម នៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ចែករំលែកព័តមាននេះ