ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​នៃ​ភាព​សក្តិ​សិ​ទ្ធិប្រាក់​កាក់​1​ដុល្លារ​របស់​សិង្ហ​បុរី

10 ឆ្នាំ មុន

ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​របស់​សិង្ហ​បុរី​ដែល​មាន​ភ្ជាប់​និមិត្តរូប​យ័ន្ដ​៨​ជ្រុង ឬ​យ័ន្ដ​ក្បាល​៨ គឺជា​គំនិត «​បង្ក្រាប​» អំពើអាក្រក់ ដើម្បី​កសាង​ផ្លូវ​រថភ្លើង​ដ​អគ្គិសនី​ក្រោម​ដី​របស់​លោកនាយក​រដ្ឋមន្ដ្រី​សិង្ហ​បុរី លី ក្វា​ន់​យូ ។ សព្វថ្ងៃ​ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​នេះ ត្រូវ​គេ​ចាក់​ទុកជា​និមិត្ដរូប​ការពារ​ប្រជាជន​សិង្ហ​បុរី​ទាំងមូល ។

អតីត​នាយក​រដ្ឋមន្ដ្រី​សិង្ហ​បុរី លី ក្វា​ន់​យូ ត្រូវ​គេ​ទទួលស្គាល់​ពេញ​ពិភពលោក​ថា ជា​អ្នកនយោបាយ​មួយ​រូប​ដ៏​ពូកែ ។ គាត់​បាន​ធ្វើ​ឱ្យ​កោះ​សិង្ហ​បុរី​ក្លាយទៅជា​រដ្ឋ​ដ៏​រីក​ចម្រើន និង​ទំនើប​ត្រដែតត្រដឹម ។ ថ្វីបើ​មាន​ទំហំ​តូច តែ​សិង្ហ​បុរី​ទាក់ទាញ​អ្នកទេសចរ​ដ៏​ច្រើន​កុះករ មិនមែន​ដោយសារ​ភាព​លេចធ្លោ​ជាងគេ​ខាង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ តែ​ដោយសារ​រឿង​រា​៉​វ​អបិយ​ជំនឿ​អាថ៌​កំបាំង​មួយទៀត​ផង នោះ​គឺ​រឿង​ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​របស់​សិង្ហ​បុរី​មាន​ភ្ជាប់​និមិត្តរូប​យ័ន្ដ​ក្បាល​៨ តាម​តម្រា​ហុងស៊ុយ ។ នេះ​ពិតជា​គំនិត «​បង្ក្រាប​» អំពើអាក្រក់ ដើម្បី​អាច​កសាង​បាន​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ដែល ក្រោយ​ៗ​មក​គេ​ចាត់​ទុក​អ្នក​ណា​មាន​ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​ក្នុង​ខ្លួន​នឹង​មានសំណាង​ល្អជា​និច្ច ។

វត្តមាន​ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​សិង្ហ​បុរី​កើតឡើង​ក្នុង​រង្វង់​ទស​វត្ស​៨០ នៃ​សតវត្ស​ទី​២០ ដោយសារ​ការ​នឹកភ្នក​ដល់​តម្រា​ហុងស៊ុយ របស់​លោកនាយក​រដ្ឋមន្ដ្រី​លី ក្វា​ន់​ហូ ។ ពេល​នោះ​ជា​ដំណាក់កាល​កសាង​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​សម្រាប់​សិង្ហ​បុរី តែ​ការ​កសាង​នោះ​ជួប​ការ​លំបាក់​ខ្លាំង ព្រោះ​ពេល​កសាង​ជិត​រួចរាល់ តែង​មានការ​ស្រុតរ​លំបាក​បែក​ទៅ​វិញ​ម្ដង​ហើយ​ម្ដងទៀត ។ លោកនាយក​រដ្ឋមន្ដ្រី​លី ក្វា​ន់​យូ ឈឺក្បាល​ហួសប្រមាណ ចំពោះ​ឧប្បត្ដិហេតុ​អាក្រក់ ផ្ទួន​ៗ​បែប​នេះ បើ​គ្មាន​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ទេ សិង្ហ​បុរី​មិន​អាច​ដោះស្រាយ​បញ្ហា​ស្ទះចរាចរណ៍​បាន​ឡើយ ព្រោះ​សិង្ហ​បុរី​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រីក​ចម្រើន​ខ្លាំង ។

ប្រាក់​កាក់​ដ៏​អស្ចារ្យ
អ្នក​ម៉ៅការ​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី​ឱ្យ​សិង្ហ​បុរី ជាម​ហា​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក មាន​ថាមពល​ហិរញ្ញវត្ថុ​ខ្ពស់ និង​បច្ចេកទេស​ខ្លាំង​បំផុត ។ ប៉ុន្តែ​ចម្លែក​ម៉្លេះ ពេល​សាងសង់​កាត់​តំបន់​ភូមិសាស្ដ្រ​ស្មុគស្មាញ​មួយ​តែងតែ​ជួប​ការ​លំបាក​រាប់រយ​ជំពូក លុះ​សាងសង់​ជិត​រួច ស្រាប់តែ​រលំ​បាក់បែក​អស់​ទៅ​វិញ​ជា​បន្ដបន្ទាប់​ធ្វើ​ឱ្យ​មហា​ក្រុមហ៊ុន​ទាល់​តម្រិះ រហូត​ដល់​រាយការណ៍​ជូន​រដ្ឋាភិបាល​តាម​ត្រង់​ថា ខ្លួន​លែង​មាន​លទ្ធភាព​សាងសង់​ហើយ ព្រោះ​ចេះ​តែ​មាន​ហេតុការណ៍​អាក្រក់​កើតឡើង ផ្ទូ​ន​ៗ ហួសការ​ស្មាន ។ ដោយហេតុ​ទឹកដី​សិង្ហ​បុរី​តូច​ពេក ពុំ​អាច​សាងសង់​ងាក​ទៅ​ខាង​ណា​ទៀត​បាន ទន្ទឹម​នឹង​នេះ​សិង្ហ​បុរី​ស្ថិត​នៅ​ក្នុង​សន្ទុះ​រីក​ចំរើន​ខ្លាំង​មិន​អាច​អត់​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​បាន​ដូច​គ្នា ហេតុនេះ​លោកនាយក​រដ្ឋមន្ដ្រី​លី ក្វា​ន់​យូ ដែល​ជា​អ្នកមាន​ជំនឿ​លើ​តម្រា​ហុងស៊ុយ​ស្រាប់​ផង​ពេល​ស្ថិត​ចំពោះ​មុខ​ភាព​ទាល់ច្រក​បែប​នេះ គាត់​ស្រាប់តែ​នឹកភ្នក​ដល់​តម្រា​ហុងស៊ុយ ក៏​ប្រញាប់​បញ្ជូន​មនុស្ស​ទៅ​សហរដ្ឋអាមេរិក អញ្ជើញ​គ្រូ​ហុងស៊ុយ​ជនជាតិ​ចិន​ដ៏​ល្បីឈ្មោះ​ម្នាក់​ទៅ សិង្ហ​បុរី ដើម្បី​ឱ្យ​ជួយ​កម្ចាត់​ភាពអាក្រក់ «​សាង​ហើយ​សាង​ទៀត​មិន​ចេះ​សម្រេច​» ។ ក្រោយ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ចប់​សព្វគ្រប់ គ្រូ​ហុងស៊ុយ​រូប​នោះ​ប្រាប់​ថា មក​ពី​ការ​កសាង​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​កាត់​លើ​ខ្នង​នាគ​ធំ​មួយ​ក្បាល ជានា​គមាន​ចរិត​កាច​សាហាវ​កំពុង​ដេក​ក្រោម​បាតសមុទ្រ ទាល់តែ​រក​មធ្យោបាយ​ដែល​ធ្វើ​ឱ្យ​គេ​នោះ​ដេក​លក់​ជា​រៀង​រហូត​អត់​ឮ​សន្ធឹង​នៅ​ខាងលើ​ខ្នង ទើប​សំណង់​មួយ​នេះ​អាច​សម្រេច​បាន​ដូច​ក្ដី​ប្រាថ្នា ។ មធ្យោបាយ​ដែល​ធ្វើ​ឱ្យ​នាគ​នោះ​ដេក​រហូត​គឺ​ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សិង្ហ​បុរី​ទាំងស្រី​ទាំងប្រុស ពេល​ចេញពីផ្ទះ​ត្រូវ​ដាក់​យ័ន្ដ​ក្បាល​៨​ក្នុង​ខ្លួន ។

ពេល​លោកគ្រូ​ហុង​ហ៊ុយ​ដាក់​មធ្យោបាយ​នេះ​ចេញ​មក ការ​លំបាក​មួយ​ថ្មី​ក៏​កើតឡើង​ទៀត គឺ​សិង្ហ​បុរី​ជា​ប្រទេស​ពហុ​ជាតិ​សាសន៍ មាន​តាំងពី​ជនជាតិ​ចិន ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី ឥណ្ឌា​… ហើយ​ជា​ប្រទេស​ពហុ​សាសនា​ទៀត​ផង មាន​តាំងពី​សាសនា​អិ​ស្លា​ម សាសនា​ហិណ្ឌូ សាសនា​កាតូលិក​ជាដើម មិនមែន​សុទ្ធតែ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដូច​ជា​ជនជាតិ​ចិន​ឯណា ។

មធ្យោបាយ​នេះ​ទើបតែ​ស្ដាប់​ភ្លាម​ស្មាន​តែ​ងាយ​លើគោក ប៉ុន្ដែ​ធ្វើ​យ៉ាងណា​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់​នៅ​សិង្ហ​បុរី​យល់ព្រម​ធ្វើ​រឿង​ចម្លែក​នោះ​បាន0x017d7 ហេតុការណ៍​ថ្មី​ធ្វើ​ឱ្យ​លោក​អតីត​នាយក​រដ្ឋមន្ដ្រី​លី ក្វា​ន់​យូ និង​គណៈរដ្ឋមន្ដ្រី​របស់​គាត់​ដកដង្ហើម​ធំ​ម្ដងទៀត គឺ​ដើរ​ក៏​ដកដង្ហើម​ធំ ដេក​ក៏​ដកដង្ហើម​ធំ អង្គុយ​ក៏​ដកដង្ហើម​ធំ ដោយសារ​ទាល់​តម្រិះ​មែនទែន ។ ខណៈ អ្នក​ណា​ៗ​ក៏​មុខ​ស្លុង​គិត​អ្វី​មិន​ចេញ ស្រាប់តែ​លោក​ជំទាវ​ភរិយា​លោក​អតីត​នាយក​រដ្ឋមន្ដ្រី​លី ក្វា​ន់​យូ​ឱ្យ​យោបល់​ថា ដើម្បី​ធ្វើ​ឱ្យ​មនុស្ស​ទាំងអស់​នៅ​សិង្ហ​បុរី​យល់ព្រម​ដាក់​យ័ន្ដ​ក្បាល​៨​ក្នុង​ខ្លួន មាន​តែ​មធ្យោបាយ​មួយ​គត់ គឺ​ចាក់ពុម្ព​ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​សិង្ហ​បុរី​ជា​ថ្មី ដោយ​ប្រើ​ផ្ទៃ​និមិត្តសញ្ញា​យ័ន្ដ​ក្បាល​៨ ដល់​ពេល​នោះ​ទោះ​ចង់ ឬ​មិន​ចង់​ក៏​មនុស្ស​ទាំងអស់​នៅ​សិង្ហ​បុរី​ដាក់​យ័ន្ដ​ក្បាល​៨​ក្នុង​ខ្លួន​ទាំង​យប់​ទាំង​ថ្ងៃ ។ យោបល់​របស់​លោក​ជំទាវ ធ្វើ​ឱ្យ​អតីត​លោកនាយក​រដ្ឋមន្ដ្រី​លី ក្វា​ន់​យូ និង​គណៈរដ្ឋមន្ដ្រី​របស់​គាត់​អរ​សែន​អរ​ដូច​លើក​បាន​ដំ​ុ​ថ្ម​ដ៏​សែន​ធំ​ចេញពី​ដើមទ្រូង ។ មិន​បង្អង់​យូរ​លោក​អតីត​នាយក​រដ្ឋមន្ដ្រី​លី ក្វា​ន់​យូ ចេញ​បញ្ជា​ឱ្យ​គេ​ធ្វើ​តាម​ភ្លាម ។

នៅ​ពេល​ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​សិង្ហ​បុរី​ថ្មី បាន​ប្រជាជន​សិង្ហ​បុរី និង​អ្នកទេសចរ ក៏​ដូច​អ្នករក​ស៊ី​ចេញចូល​សិង្ហ​បុរី​ប្រើប្រាស់​ទូលំទូលាយ ផ្លូវ​រថភ្លើង​ក្រោម​ដី​កសាង​បាន​រលូន​អត់​មាន​ជួប​ឧបសគ្គ​អ្វី​សោះ​រហូត​ដល់​រួចរាល់​ទាំងស្រុង ដែល​ប្រើប្រាស់​ដល់​សព្វថ្ងៃ ។

វត្ថុ​សក្ដិ​សិទ្ធិ
ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​ថ្មី​របស់​សិង្ហ​បុរី ដែល​មាន​ភ្ជាប់​និមិត្តរូប​យ័ន្ដ​ក្បាល​៨ ចាប់ផ្ដើម​ក្លាយទៅជា​វត្ថុ​ដែល​ប្រជាជន​សិង្ហ​បុរី និង​អ្នក​មក​ពី​ក្រៅ​ពេញចិត្ត ខ្លាំង​ឡើង​ៗ ហើយ​មនុស្ស​ភាគច្រើន​ថែម​ទាំង​ហៅ​វា​ថា​វត្ថុ​ស័ក្ដិ​សិទ្ធ​ពិតប្រាកដ​គួរតែ​មាន​ក្នុង​ខ្លួន ដើម្បី​កម្ចាត់​ឧបទ្រពចង្រៃ​ផ្សេង​ៗ មិន​អាច​អត់​សោះ​បាន​ឡើយ ។ ជ្រុង​៨​ដែល​ភ្ជាប់​តាម​ហាម​ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​នោះ​ជា​និមិត្តរូប​នៃ​យ័ន្ដ​ក្បាល​៨ ដែល​គេ​តែង​លើក​ឡើង​ក្នុង​តម្រា​ហុងស៊ុយ ។

បច្ចុប្បន្ន​ចំពោះ​អ្នកដឹង​រឿង​ពិត​នេះ តែងតែ​ហៅ​ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​របស់​សិង្ហ​បុរី​ជា​វត្ថុ​ស័ក្ដិ​សិ​ទិ្ធ ពេញ​ៗ​មាត់ ។ គេ​ថែម​ទាំង​ជឿ​ទៀត​ថា ឱ្យ​តែ​មាន​ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​សិង្ហ​បុរី​នៅ​ក្នុង​ខ្លួន ទោះ​ទៅ​ដល់​ទីណា​ក៏​ជួប​តែ​សំណាងល្អ ដោយសារ​ឧបទ្រពចង្រៃ ផ្សេង​ៗ​បៀតបៀន​មិន​បាន ។

មិន​ត្រឹមតែ​ជួយ​ឱ្យ​គេ​កសាង​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​បាន​សម្រេច​ប៉ុណ្ណោះ​ទេ ឆ្នាំ​១៩៩៧ ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ ដែល​មាន​ភ្ជាប់​និមិត្តរូប​យ័ន្ដ​ក្បាល​៨​នេះ នៅ​បាន​ជួយ​សិង្ហ​បុរី​ឈរ​យ៉ាង​រឹង​មាំ ខណៈ​វិបត្តិ​ហិរញ្ញវត្ថុ​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​រកកល់​ដួល​រលំ​ទៀត​ផង​។ ដោយសារ​ហេតុការណ៍​ជាក់ស្ដែង​ទាំង​ពីរ​នេះ​ហើយ ទើប​ប្រជាជន​សិង្ហ​បុរី​កាន់តែ​មាន​ជំនឿ​លើ​ប្រាក់​កាក់​ប្រភេទ​១​ដុល្លារ​របស់​ខ្លួន​ខ្លាំង​ឡើង​៕