សៀវភៅ « Guinness World Records» បានទទួលស្គាល់ចៀមអនាថាមួយក្បាលក្នុងប្រទេសអូស្ត្រាលី គឺជាម្ចាស់ឯតទគ្គកម្ម ចៀមមានរោមច្រើនបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០១៥ ក្រោយពីអាជ្ញាធរអូស្ត្រាលីឱ្យអ្នកជំនាញកាត់រោមដ៏ក្រាស់របស់វាចេញនៅដើមខែកញ្ញា ២០១៥ ។
ចៀមឈ្មោលមួយក្បាលនោះឈ្មោះ«គ្រីស»ត្រូវគេប្រទះឃើញដើរឯកានៅជាយក្រុងកង់បឺរ៉ា ។ អាជ្ញាធរអូស្ត្រាលីបានបញ្ជូនអ្នកជំនាញទៅកាត់រោមដើម្បីសម្រកទម្ងន់ខ្លួន ហើយរោមដែលកាត់បានមានទម្ងន់ដល់ទៅ៤១,១គីឡូក្រាមឯណោះ ។ សៀវភៅ « Guinness World Records»បានប្រកាសទទួលស្គាល់ឯតទគ្គកម្មថ្មីដល់ គ្រីស ខណៈពេលម្ចាស់ឯតទគ្គកម្មចាស់ជាចៀមនូវែលហ្សេឡង់ ឈ្មោះ «ប៊ិកប៊េន» កាត់រោមបាន ទម្ងន់២៨,៩គីឡូក្រាម កាលពីឆ្នាំ២០១៤ ។
លោកថែមមីវេន ដានកេ ប្រធានសមាគម ប្រឆាំងការធ្វើទារុណកម្មសត្វអូស្ត្រាលី (RSPCA) បានបញ្ជាក់កាលពីថ្ងៃទី៣០ កញ្ញា ២០១៥ ថា « នៅពេលយើងកាត់រោមវា យើងមិនបានគិតថានឹងបានបំបែកឯតទគ្គកម្មពិភពលោកចាស់ ឬអត់ទេ ? ប៉ុន្តែត្រេកអរដែលវាទទួលបានឯតទគ្គកម្មថ្មី» ។
ការលំបាកក្នុងការរស់នៅរបស់«គ្រីស» ក្លាយជាព័ត៌មានដ៏ល្បីនៅលើពិភពលោក ក្រោយពីលោកថេមមី វេន ដានកេ បានសំណូមពរដល់អ្នកកាត់រោមចៀមចិត្តធម៌ឱ្យជួយចៀមមួយក្បាលដែលស៊ូទ្រាំទប់ទម្ងន់រោមដ៏មហាសាលនោះ ។ រោមរបស់«គ្រីស» ដែលកាត់ចេញបានបរិច្ចាគដល់សារមន្ទីរជាតិក្នុងក្រុងកង់បេរ៉ា ចំណែកវាបញ្ជូនទៅកសិដ្ឋានមួយក្នុងរដ្ឋញូវសៅវែល ប្រទេសអូស្ត្រាលី ៕


ចែករំលែកព័តមាននេះ