សម្តេច ហ៊ុន សែន៖ ការ​ឧបត្ថម្ភលុយ ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ អនុវត្តតែនៅតំបន់បិទខ្ទប់ដោយដុំៗ នៅភ្នំពេញប៉ុណ្ណោះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន៖ ការ​ឧបត្ថម្ភលុយ ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ អនុវត្តតែនៅតំបន់បិទខ្ទប់ដោយដុំៗ នៅភ្នំពេញប៉ុណ្ណោះ

3 អាទិត្យ មុន
  • Phnom Penh

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន បានប្រកាស​តាមសារជាសំឡេង​ថា ការឧបត្ថម្ភថវិកាជំនួយ ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ គឺអនុវត្តតែនៅក្នុងតំបន់បិទខ្ទប់ដោយដុំៗប៉ុណ្ណោះ…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន បានប្រកាស​តាមសារជាសំឡេង​ថា ការឧបត្ថម្ភថវិកាជំនួយ ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ គឺអនុវត្តតែនៅក្នុងតំបន់បិទខ្ទប់ដោយដុំៗប៉ុណ្ណោះ មិនមែនអនុវត្តទូទៅ នៅរាជធានីភ្នំពេញ និងនៅទីក្រុងតាខ្មៅ ក្នុងខេត្តកណ្តាលនោះទេ​។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏​បានប្រកាសពីការឈប់ផ្តល់ប្រាក់ជំនួយ ៣០ម៉ឺនរៀល ក្នុង១គ្រួសារនេះ តែបង្វែជាអំណោយ មានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ជំនួសវិញ។ សម្តេចក៏បានណែនាំដល់អភិបាល​រាជធានីខេត្ត ត្រូវគិតគូរ​ពីចង្ហាន់សម្រាប់ព្រះសង្ឃ ក្នុងអំឡុងពេលបិទខ្ទប់នេះផងដែរ​។

សម្តេចតេជោ ហ៊ុន សែន បាន បានប្រសាសន៍ថា រាជរដ្ឋាភិបាល មិនអាច​បើកផ្តល់ប្រាក់ ៣០ម៉ឺនរៀល ក្នុង១គ្រួសារ ដល់អ្នករស់នៅភ្នំពេញ និងទីក្រុងតាខ្មៅ ដែលត្រូវបិទខ្ទប់​ ចាប់ពីថ្ងៃទី១៥មេសា​ ដល់ថ្ងៃទី២៨មេសានោះទេ​។ ប៉ុន្តែរាជរដ្ឋាភិបាល បង្វែរ​មក​ឲ្យ​ជាអង្ករ មី​ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ​។ ធ្វើយ៉ាងណា ​មិន​ឲ្យបងប្អូន​ដាច់បាយ​នោះទេ​។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី២០មេសានេះ សម្តេចទទួលបាន​ការតវ៉ា សួររកប្រាក់ ៣០ម៉ឺនរៀល ក្នុង ១គ្រួសារនោះ។ តែសម្តេច​ឆ្លើយតបថា ប្រាក់នេះ មិនមែនសម្រាប់​អ្នកទូទៅ ដែលរស់ក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ក្នុងខេត្តកណ្តាលទេ​។ តែផ្តល់​ឲ្យតែអ្នកដែលរស់នៅក្នុងតំបន់បិទខ្ទប់ដោយដុំៗ​ នៅរាជធានីភ្នំពេញប៉ុណ្ណោះ។​ យើងបន្តចែកអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ តែ​បើ​អ្នក​ណា មិនព្រម​ទទួល ដោយសារតែមិនបាន​ប្រាក់ ៣០ម៉ឺនរៀល គឺមានតែអាជ្ញាធរយើង ចែក​ដល់​តែអ្នកផ្សេង ដែល​ព្រមទទួល ព្រោះ​​មិនមានថវិកា ៣០ម៉ឺនរៀល​ ដើម្បី​បើក​ផ្តល់​ឲ្យគ្រប់គ្នានោះទេ​។

សម្តេចតេជោ ហ៊ុន សែន បន្តថា ឥឡូវនេះ មានរាប់សិបម៉ឺន​គួ្រសារ​ ដែល​ទទួលបានអំណោយ ជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ។​ យើង​បានចែកបានជាង ១ម៉ឺន​គ្រួសារ។ ស្អែកប្រហែលជិត ១​ម៉ឺន​គ្រួសារ និងខានស្អែកជាង ២ម៉ឺនគ្រួសារ​។ ដូច្នេះ​យើង​បន្ត​ចែកជូន​ គ្រាន់តែត្រឹមស្បៀងអាហារ ដើម្បីការរស់តែប៉ុណ្ណោះ។​

សម្តេចតេជោ ហ៊ុន សែន បានប្រកាស​សូមអង្វរក ចំពោះបងប្អូន​ ដែល​ថា បាត់បង់ប្រាក់ ៣០ម៉ឺនរៀល​ ហើយ​ថ្លៃទឹក ថ្លៃភ្លើង ក៏មានការកែប្រែទៅតាមសេចក្តីសម្រេច ដែល​ក្រសួង​ហិរញ្ញវត្ថុ បានចេញផ្សាររួចហើយ​។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «បើម្នាក់ៗ គិតតែទាមទារ គឺយើង​មានប្រាក់ តែមិនដឹងថា យន្តការចែករបៀបណា។ ប្រាក់ ៣០ម៉ឺនរៀល គឺអនុវត្តបាន​កន្លែងធ្វើចត្តាឡីស័ក ដោយដុំៗប៉ុណ្ណោះ មិនអាចធ្វើក្នុងតំបន់រាំងខ្ទប់ទាំងមូល នៅរាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ ដែលត្រូវបិទខ្ទប់​នោះទេ»។​

សម្តេចតេជោ ហ៊ុន ​សែន ក៏បានណែនាំ សូមឲ្យ​ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមអភិបាលខេត្តកណ្តាល និងអភិបាលរាជធានីខេត្ត​គ្រប់ទីកន្លែងទាំងអស់ សូម​យកចិត្តទុកដាក់​ចំពោះព្រះសង្ឃ ព្រោះក្នុងពេលបិទខ្ទប់នេះ គ្មានប្រជាជនយើងណា ទៅធ្វើបុណ្យទេ។ ដូច្នេះសូម​ឲ្យអភិបាលរាជធានីខេត្ត យកចិត្តទុកដាក់ ពិសេសនៅភ្នំពេញ​ និងទីក្រុងតាខ្មៅ ទៅលើចង្ហាន់របស់ព្រះសង្ឃ នៅតាមវត្ត ដែលមិនអាចចេញបិទបាត្របាន ហើយក៏មិនមានពុទ្ធបរិស័ទ ទៅវត្ត​ដែរ​ ក្នុងពេលបិទខ្ទប់នេះ​។

សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដាក់ចេញ​វិធាន​ការជួយ​ដល់​គ្រួសារ ដែល​ស្លាប់ ឆ្លង និង​រង​ផលប៉ះពាល់​ដោយ​កូ​វីដ​១៩ ដោយមាន​ការឧបត្ថម្ភ និង​ជួយ​ចេញថ្លៃ​ទឹក ថ្លៃ​ភ្លើង​ជាដើម​។ ក្នុងនោះ ចំពោះ​ប្រជាពលរដ្ឋ ដែល​ស្លាប់ ឆ្លង​កូ​វីដ និង​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ ទទួលបាន​ជំនួយ​ពី​រាជរដ្ឋាភិបាល ដូចជា​៖

១-​ចំពោះ​គ្រួសារ ដែលមាន​សមាជិក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ រដ្ឋ​នឹង​ជួយ​បង់​ជំនួស​នូវ​ការប្រើប្រាស់​ទឹកស្អាត និង​ថ្លៃ​អគ្គិសនី​អប្បបរមា​រយៈពេល ៥​ខែ​បន្ថែម លើ​ការអន្តរាគមន៍​ជួយ ដែល​ដាក់ចេញ​កន្លងមក

២-​ចំពោះ​ផ្ទះ​ណា ដែល​សមាជិក​ដែល​ឆ្លង​កូ​វីដ​១៩ ប៉ុន្តែ​អត់​មាន​មនុស្ស​ស្លាប់ រដ្ឋ​នឹង​ជួយ​ចេញថ្លៃ​ទឹក​ថ្លៃ​ភ្លើង អប្បបរមា រយៈពេល ៣​ខែ ដោយ​រាប់​ចាប់តាំងពី​ជន​នោះ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

៣-​គ្រួសារ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តំបន់​បិទ​ខ្ទប់ រដ្ឋ​នឹង​ជួយ ៣០​ម៉ឺន​រៀល ក្នុង ១​គ្រួសារ និង​ជួយ​បង់​ទឹក​ភ្លើង ក្នុង​កម្រិត​សមរម្យ​មួយ រយៈពេល ២​ខែ​។​

៤-​អ្នក​ដែល​ប៉ះពាល់​នៅ​តំបន់​បិទ​ខ្ទប់ រដ្ឋ​នឹង​ជួយ ៣០​ម៉ឺន ក្នុង ១​គ្រួសារ ហើយ​ជួយ​បង់ថ្លៃ​ទឹក​ភ្លើង​ចំនួន ២​ខែ​

៥-​ផ្តល់​អង្ករ​ដល់​គ្រួសារ ដែល​ប៉ះពាល់ នៅ​តំបន់​បិទ​ខ្ទប់​នូវ​អង្ករ ២៥​គីឡូ មី​មួយ​កេស​តូច ត្រីខ ២០​កំប៉ុង​ផងដែរ​។​

​យ៉ាងណាក៏ដោយ អ្នក​នៅ​តំបន់​បិទ​ខ្ទប់ ដែល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​រយៈពេល ២​សប្តាហ៍ ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​១០ ខែមេសា រហូតដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ រួមមាន​៖

១-​សង្កាត់​ស្ទឹងមានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣

២-​ភូមិ​ទ្រុងមាន់ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​

៣-​ភូមិ​ត្រពាំង​ថ្លឹង​២ និង​ភូមិ​ទួល​ពង្រ នៃ​សង្កាត់​ចោមចៅ​១

៤-​ភូមិ​ចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូមិ​ត្រពាំង​ល្វា​១ នៃ​សង្កាត់​ការកាប​ទី​១

៥-​ភូមិ​ចំការឪឡឹក​២ នៃ​សង្កាត់​កា​កាប​ទី​២ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ដោយឡែក នៅ​ថ្ងៃទី​១១ មេសា អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​បិទ​ខ្ទប់​បន្ថែម ៣​ភូមិ គឺ​ភូមិ​ទ្រា​៤ ភូមិ​ដំណាក់​ធំ​២ និង​ភូមិ​ដំណាក់​ធំ​៣ នៃ​សង្កាត់​ស្ទឹងមានជ័យ​៣ ក្នុង​ខណ្ឌមានជ័យ​។

​ដូច្នេះ​តាម​គោលការណ៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានប្រកាស​ចេញ​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ គឺ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ និង​សង្កាត់​ខាងលើ ដែល​ត្រូវ​បិទ​ខ្ទប់ ត្រូវ​ទទួលបាន​ជំនួយ​ជា​ថវិកា ៣០​ម៉ឺន​រៀល អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ រួមទាំង​ថ្លៃ​ទឹក​ភ្លើង ដែល​សម្តេច​បានដាក់​ចេញ​កន្លងមក​។​

​ប៉ុន្តែ​មកដល់​ថ្ងៃទី​២០ ខែមេសា​នេះ​ទៅហើយ នៅមានប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់​ខាងលើ​នោះ មិនទាន់​ទទួល​អំណោយ និង​ទើបតែ​ទទួល​អំណោយ​នៅ​ថ្ងៃទី​២០​មេសា​នេះ ហើយ​មិន​ទាំង​ទទួលបាន​លុយ ៣០​ម៉ឺន​រៀល​នោះ​ផង​។ ដូច្នេះហើយ ទើប​មានការ​សួរនាំ​រកលុយ ៣០​ម៉ឺន​រៀល​នោះ​។

​ករណីនេះ អាច​ថ្នាក់ក្រោម អនុវត្ត​មិន​ស្មើភាព​គ្នា ឬក៏​អនុវត្ត​យឺតយ៉ាវ ក្នុង​ការនាំ​អំណោយ​ទៅ​ចែកជូន​ពួកគាត់ ទើប​កើតជា​ការតវ៉ា បង្ហោះ​ហ្វេ​ស៊​បុក ជាដើម​។ ករណីនេះ គួរតែ​ថ្នាក់​រាជធានី​ ពិនិត្យឡើងវិញ ចំពោះ​ការអនុវត្ត​របស់​មន្ត្រី​មូលដ្ឋាន នៅ​ថ្នាក់ភូមិ សង្កាត់ និង​ខណ្ឌ នៅ​តំបន់​ដែល​បិទ​ខ្ទប់​ខាងលើនេះ​៕​

Picture