ភ្នំពេញ៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យចាត់វិធានការចាប់ច្បាប់លើក្រុមអ្នកបន្តជួបជុំផឹកស៊ី ច្រៀងរាំ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បែរជាប៉ូលិសឧត្តមសេនីយ៍ទោ ពាក់ផ្កាយ២ ឈ្មោះ អ៊ុង ចាន់ធួក ជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាម្ចាស់ផ្ទះជួល នៅស្ទឹងមានជ័យ បានរៀបចំកម្មវិធីជួបជុំផឹកស៊ីរាំច្រៀង និងលេងប៉ាតម្សៅថែមទៀត។
កងកម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាប់វ៉ៃខ្នោះទាំងយប់ នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ។
ឧត្តមសេនីយ៍ប៉ូលិសផ្កាយ២នេះ ជាម្ចាស់ផ្ទះជួល នៅផ្ទះលេខ៥៨ ផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បង្ហាញថា នៅវេលាម៉ោង ២១:៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖ ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។ ២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ ៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ ពេលសមត្ថកិច្ច ទៅដល់។
អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ក្នុងរបាយការណ៍ថា «ជនទាំង ៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋ ចន្លោះពី ៣០ ទៅ ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន»។
ឧត្តមសេនីយ៍ប៉ូលិសផ្កាយ២ មិនស្គាល់ច្បាប់នេះ រួមទាំងបុរស ២នាក់ទៀត ត្រូវបានកម្លាំងនគរបាលវ៉ៃខ្នោះ ដឹកតាមរថយន្តប៉ូលិស ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទាំងយប់ ដើម្បីចាត់ការ តាមច្បាប់។
ក្នុងអំឡុងអនុវត្តវិធានការរដ្ឋបាល បម្រាមគោចរ រួមទាំងការបិទខ្ទប់រាជធានីភ្នំពេញ នៅអំឡុងពេលនេះ ការជួបជុំផឹកស៊ីច្រៀងរាំ មិនត្រូវបានអនុញ្ញាតឡើយ។ ការរឹតបន្តឹងនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែដាក់ចេញបទបញ្ជាផ្ទាល់មាត់បន្ថែមទៀត កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឲ្យចាត់វិធានការចាប់ច្បាប់ដោយគ្មានការលើកលែងលើក្រុមអ្នកបន្តជួបជុំផឹកស៊ី ច្រៀងរាំ នៅអំឡុងពេលប្រទេសជាតិជួបគ្រោះអាសន្ននាពេលនេះ។
ប៉ុន្តែក្រោយបទបញ្ជាផ្ទាល់មាត់របស់សម្តេចតេជោ តែប៉ុន្មានម៉ោងប៉ុណ្ណោះប បែរជាឧត្តមសេនីយ៍ផ្កាយ២ អ៊ុង ចាន់ធួក ជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្គើន បានរៀបចំកម្មវិធីជួបជុំផឹកស៊ី ច្រៀងរាំ ហាក់ដូចជាប្រទេសគ្មានច្បាប់គ្មានទម្លាប់ទាល់តែសោះ។ នេះជាទង្វើមិនសមជាកងកម្លាំងនគរបាលជាតិ ទាល់តែសោះ៕








ចែករំលែកព័តមាននេះ