ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់ទំនិញ ឡើងថ្លៃ គឺជាឈ្មួញទុច្ចរិត ដែលអភិបាលរាជធានីភ្នំពេញ មិនអាចទទួលយក​បាន និង​ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់បំផុត

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងសន្និសីទកាសែត នៅព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ហៅក្រុមអ្នកលក់…

ភ្នំពេញ៖ ក្នុងសន្និសីទកាសែត នៅព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ហៅក្រុមអ្នកលក់ ដែលដំឡើងថ្លៃទំនិញ ក្នុងពេល​បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៨ ខែមេសា ថាជាឈ្មួញទុច្ចរិត ដែល​អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការម៉ឺងម៉ាត់​បំផុត​​។​

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា «​យើងកំពុងសំឡឹង ហើយខ្ញុំបានប្រជុំជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំង​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពិនិត្យ​មើល​ល្អិតល្អន់។ ខ្ញុំ​បានឲ្យក្រុមការងាររបស់ខ្ញុំ មន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម ចុះទៅពិនិត្យតាមទីតាំងសត្វឃាត​រួច​ស្រេចហើយ មកដល់ពេលនេះ ហើយបានសួរ និងធ្វើកំណត់ហេតុ​ទីតាំងទាំងអស់នៅរាជធានីភ្នំពេញ ទីតាំងសត្វឃាត​ទាំងនោះ មិនបានដំឡើងថ្លៃ ក្នុងការធ្វើឃាតសត្វ​ក្នុងការយកទៅផ្គត់ផ្គង់​ទីផ្សារនោះទេ​។ អីចឹងខ្ញុំនឹងស្រាវជ្រាវទៀត ថាតើការឡើងតម្លៃទំនិញនេះ មូលហេតុអី? បើរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ហើយ​មិនបិទអ្នកដែលដឹកទំនិញ ពិសេសគ្រឿងឧបភោគបរិភោគ ឲ្យមកផ្គត់ផ្គង់​ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ មិនត្រូវបានបិទទេ។ អីចឹងសួរថា អស់លោក លោកឧកញ៉ា ដែលដំឡើងថ្លៃ ឬក៏អាជីវករ នៅតាមផ្សារ គ្រឿងឧបភោគបរិភោគ ឈរលើមូលដ្ឋានស្អី? បើខ្វះមូលដ្ឋាន ខ្ញុំនឹងមានវិធានការរដ្ឋបាលហើយ។ ទី១-ខ្ញុំនឹងណែនាំ​ឲ្យបញ្ចុះតម្លៃទំនិញទៅតាមប្រក្រតីភាព​ដូចការពីមិនទាន់ Lockdown រាជធានីភ្នំពេញឡើងវិញ។ ទី២-ខ្ញុំអាចមានវិធានការទៅថ្ងៃអនាគតថែមទៀត ខ្លួនជាឈ្មួញទុច្ចរិត ឆ្លៀតឱកាសពេលដែលប្រជាពលរដ្ឋ កំពុងតែមានទុក្ខលំបាក ធ្វើការដំឡើងថ្លៃ គ្មានហេតុផល ថ្វីត្បិតតែយើងអនុវត្តទីផ្សារសេរីក៏ពិតមែន ក៏យើងត្រូវមានវិធានការចំពោះឈ្មួញទុច្ចរិតដែរ។ ទី១-ទំនិញធានាថា មានគុណភាព ធានាថា ត្រូវមានសុខមាលភាពជូនប្រជាពលរដ្ឋ អ្នកបរិភោគ ទី២-តម្លៃទំនិញ ត្រូវឡើងថ្លៃ ឲ្យមានហេតុ មានផល មិនមែនចេះតែនឹកឃើញទេ»។

ឯកឧត្តមអភិបាល ឃួង ស្រេង បញ្ជាក់ថា «ឥឡូវ ខ្ញុំក៏លឺសូរដែរថា ពងមាន់ ឡើងថ្លៃ ១០គ្រាប់ ថ្លៃ ១ម៉ឺនរៀល។ យើងក៏ត្រូវតែមើលកិច្ចការងារហ្នឹងដែរ។ ខ្ញុំបានដាក់ផែនការនេះ រួចស្រេចហើយ ហើយស្អែកនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ចាត់​ក្រុមការងារគាត់ ចុះមកពិនិត្យ​លើបញ្ហានេះ។ យើងនឹងធ្វើការងារនេះ ដើម្បីប្រជាពលរដ្ឋរបស់យើង។ មិនអាច​ឆ្លៀតឱកាស នៅពេលដែលប្រជាពលរដ្ឋមានទុក្ខ ខ្លួនសោយសុខនៅលើទឹកភ្នែករបស់ប្រជាពលរដ្ឋរបស់​ប្រជាពលរដ្ឋ​បានទេ។ យើងនឹងធ្វើកិច្ចការងារនេះ ឲ្យដល់ឫសគល់​ ហើយក៏សូមអំពាវនាវ​ដល់អាជីវករទាំងអស់ថា ចូលរួមសហការជាមួយ​អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល​ ដើម្បីជួយដល់អ្នកក្រៅក្រ ជួយដល់ប្រជាពលរដ្ឋរបស់យើង ដែលកំពុងមានទុក្ខ ហើយរួមគ្នាកាត់​បន្ថយឲ្យខាតតែបាននូវជំងឺ​កូវីដ១៩ ដែលកំពុងរាតត្បាតនៅពេលនេះ។ មនុស្សរស់ របស់បាន! កុំឆ្លៀតពេលចំណេញអត់ហេតុផល ដូចដែលអ្នកខ្លះបានលើកឡើងនេះ គឺជាកិច្ចការមួយ ដែលខ្ញុំ ក្នុងនាមគណៈអភិបាលរាជធានីភ្នំពេញ ទទួលយក​អត់បានទេ ក្នុងបញ្ហានេះ ( ការឡើងថ្លៃទំនិញ )»។

ឯកឧត្តមអភិបាលរាជធានីភ្នំពញ បានលើកឡើងយ៉ាងដូច្នេះ​ ក្នុងសន្និសីទកាសែត ដែលបានធ្វើឡើង​ក្រោយកិច្ចប្រជុំតាមប្រព័ន្ធវិដេអូ​ជាច្រើនម៉ោង​​រវាងអភិបាលរាជធានីភ្នំពេញ ជាមួយគណៈកម្មការ​ចម្រុះ ដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹង​ការអនុវត្តតាមសេចក្ដី​សម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា​ លេខ៤៩ ស.ស.រ ចុះថ្ងៃទី១៤ ខែមេសា​ ឆ្នាំ២០២១ ស្ដីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល​ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមរម្លឹកថា ចាប់តាំងពីមានការបែកធ្លាយសារជាសំឡេង​របស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការបិទក្រុងភ្នំពេញ និង​ក្រុងតាខ្មៅ កាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋជ្រួលច្របល់ បានសំរុកទៅទិញទំនិញ​ ម្ហូបអាហារ​​ មី ថ្នាំពេទ្យ ដើម្បីស្តុកទុក​។ តែអ្វីគ្រប់យ៉ាង ពិសេស​ពងទា ត្រីសាច់ មី ជាដើម បានឡើងថ្លៃ​ ហើយ​មិនមានលក់ថែមទៀតផង​។

យ៉ាងណាក៏ដោយ ក្រោយដាក់ចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមៗ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បាន​ចេញសារជាសំឡេង​មួយទៀត អំពាវនាវ​កុំ​ឲ្យប្រជាពលរដ្ឋ រស់នៅភ្នំពេញ និងក្រុងតាខ្មៅ ព្រួយបារម្ភ​ ព្រោះថា បិទ​តែការធ្វើដំណើរ​ និងមិន​ឲ្យចេញពីផ្ទះ តែ​បើទៅទិញម្ហូបអាហារ និងការធ្វើដំណើរ​បន្ទាន់ផ្សេងទៀត នៅអនុញ្ញាត​ ហើយផ្សារ​មិនបិទនោះទេ​៕