ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ស៊ើប​អង្កេត​រថយន្ត​ដែល​បញ្ចេញ​ជាតិពុល​ខ្ពស់

10 ឆ្នាំ មុន

រដ្ឋាភិបាល​អា​មេ​រិ​កបាន​ដំណើរការ​ស៊ើ​ប​អង្កេត​ឧបករណ៍​វាស់​ស្ទង់​ជាតិពុល​ក្នុង​រថយន្ត​ប្រើ​ម៉ាស៊ូ​ត​នៅ​តាម​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា ក្រោយ​ពី​ក្រុមហ៊ុន​វ៉ុល​វ៉ាហ្គេ​ន សារភាព​ថា ប្រើ​ឧបករណ៍​នេះ​ដើម្បី​បញ្ឆោត​បទដ្ឋាន​បរិស្ថាន​របស់​អា​មេ​រិ​ក ។ ក្រសួងយុត្តិធម៌​ក្រុង​វ៉ាស៊ី​ន​តោន​ចាប់ផ្តើម​ស៊ើប​អង្កេត​រក​កំហុស​ជាមួយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​នោះ។

អង្គភាព​គ្រប់គ្រង​បរិស្ថាន​សហរដ្ឋអាមេរិក (EPA) ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ២០១៥ ថា នឹង​ដំណើរការ​ស៊ើប​អង្កេត​ឧបករណ៍​នោះ​នៅ​ក្នុង​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​នានា ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ជាតិពុល​ផ្នែក​អាកាសធាតុ​របស់​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។

ការ​ស៊ើ​ប​អង្កេត​កើតឡើង​ក្រោយ​ពេល​សេចក្តីថ្លែងការណ៍​របស់ EPA និង​អាជ្ញាធរ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ២០១៥ ថា ក្រុមហ៊ុន វ៉ុល​វ៉ា​ហ្គេ​ន ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​នៅ​អឺរ៉ុប ទទួលស្គាល់​ថា បាន​ភ្ជាប់​ឧបករណ៍​សម្រាប់​បំភាន់​ភ្នែក​ពី​កម្រិត​ជាតិពុល​ខុសច្បាប់​ដើម្បី​បាន​ឆ្លងកាត់​ការ​សាកល្បង​លើ​ជាតិពុល​នៅ​ក្នុង​រថយន្ត​ចំនួន​៤៨២.០០០​គ្រឿង​ដែល​លក់​ក្នុង​អា​មេ​រិ​ក ។

EPA បញ្ជាក់​ថា វ៉ុល​វ៉ាហ្គេ​ន ប្រើ​ឧបករណ៍  Software សម្រាប់​ភ្ជាប់​កម្មវិធី​ត្រួតពិនិត្យ​ចាប់កំហុស​នៅ​ពេល​រថយន្ត​ត្រូវ​អាជ្ញាធរ​វាស់​ស្ទង់​ការ​បញ្ចេញ​ផ្សែង​ពុល ។ នៅ​ពេល​រថយន្ត​ឆ្លងកាត់​ការ​សាកល្បង និង​បើកបរ​ធម្មតា Software នឹង​បិទ​ប្រព័ន្ធ​គ្រប់គ្រង​ផ្សែង​ធ្វើ​ឱ្យ​រថយន្ត​នោះ​បញ្ចេញ​ជាតិពុល​ខ្ពស់​ជាង​ច្បាប់​កំណត់ ។ រថយន្ត​ដែល​ទទួលផល​ប៉ះពាល់​គឺ​រថយន្ត​ម៉ា​ស៊ី​ន​៤ របស់​វ៉ុល​វា​៉​ហ្គេ​ន និង​រថយន្ត​ប្រើ​ម៉ា​ស៊ូ​តរបស់​ក្រុមហ៊ុន Audi ផលិត​នៅ​ឆ្នាំ​២០០៨ ។

នៅ​ក្នុង​ច្បាប់​ស្តី​ពី​អាកាសធាតុ​បរិសុទ្ធ​មាន​សិទ្ធិ​ពិន័យ​ក្នុង​តម្លៃ​ខ្ពស់ គឺ ៣៧.៥០០​ដុល្លារ ក្នុង​មួយ​គ្រឿង មាន​ន័យ​ថា វ៉ុល​វ៉ា​ហ្គេ​ន អាច​ត្រូវ​ពិន័យ​ច្រើន​ជាង​១៨.០០០​លាន​ដុល្លារ ។

អ្នកនាំពាក្យ​របស់ EPA ឱ្យ​ដឹង​ថា អង្គភាព​មិន​បាន​ប្រកាស​ប្រមូល​រថយន្ត វ៉ុល​វ៉ា​ហ្គេ​ន ទេ ប៉ុន្តែ​មាន​ន័យ​ថា នឹង​ចេញ​បទបញ្ជា​ឱ្យ​ក្រុមហ៊ុន​ប្រមូល​រថយន្ត​ទាំងនោះ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​ជាតិពុល និង​នៅ​ពេល វ៉ុល​វ៉ាហ្គេ​ន រួម​ជាមួយ Audi មាន​ដំណោះស្រាយ​ល្អ​អាច​ឆ្លងកាត់​ការ​យល់​ស្រប​ពី EPA អាច​ប្រគល់​រថយន្ត​ជូន​អតិថិជន​ប្រើ​បន្ត​បាន ៕