ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បុរាណវិទ្យា​ប្រទះ​ឃើញ​លលាដ៍ក្បាល​បុរាណ​អត់​ដងខ្លួនលើក​ដំបូង​អាយុ​ជាង​9000​ឆ្នាំ​ជាមួយនឹង​ច​ម្ង​ល់

10 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​លលាដ៍ក្បាល​បុរាណ​ដែល​សន្និដ្ឋាន​ថា តាំងពី​៩០០០​ឆ្នាំ​មុន ជា​ក្បាល​កាត់​ចេញពី​ដងខ្លួន​ដ៏​ចំណាស់​បំផុត និង​ជា​លើក​ដំបូង​នៅ​លើ​ពិភពលោក ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លា​ល​ដ៍​ក្បាល​នោះ​រក​ឃើញ​ដោយ​លោក​អង់​ក្រេ ស្តេ​រ៉ា​ស់ អ្នក​វិទ្យាសាស្ត្រ​ពី​ស្ថាប័ន​មនុស្ស​សាស្ត្រ «​ម៉ាក់​ផ្លាង​» នៅ​តំបន់​ឡា​ប៉ា ដូ​សាន​តូ​ស ភាគ​ខាងកើត​ប្រទេស​ប្រេ​ស៊ី​ល ។ លលាដ៍ក្បាល​នោះ​មាន​អាយុ​ជាង​៩០០០​ឆ្នាំ និង​ជា​លលាដ៍ក្បាល​ដែល​គេ​កាត់​ចេញពី​ដងខ្លួន​ដ៏​ចំណាស់​បំផុត​នៅ​លើ​សាកលលោក ។ លោក​ស្តេ​រ៉ា​ស់ ទីប្រឹក្សា​របស់​សាស្ត្រាចារ្យ​ស៊ូ​ប្ល៊េ​ក អ្នក​វិទ្យាសាស្ត្រ​ពី​មជ្ឈមណ្ឌល​សរីរាង្គ​សាស្ត្រ​របស់​មហាវិទ្យាល័យ​ដាន​ឌី ប្រទេស​ស្កុ​តលែ​ន បញ្ជាក់​ថា លា​ល​ដ៍​ក្បាល​ដែល​លោក​ប្រទះ​ឃើញ​នោះ​មាន​លក្ខណៈ​ស្រ​ដៀង​លលាដ៍​ក្បាលមនុស្ស​បច្ចុប្បន្ន ប៉ុន្តែ​វា​ចម្លែក ព្រោះ​ប្រទះ​មិនឃើញ​មាន​បំណែក​ផ្សេង​ទៀត ក្រៅពី​ឆ្អឹង​ប្រអប់ដៃ​ទាំង​សងខាង​គ្រប​ពីលើ ពោល​គឺ​អត់​មាន​ដងខ្លួន ។

លោក​សាស្ត្រាចារ្យ​ស៊ូ​ប្លេ​៊​រ បញ្ជាក់​ថា «​ពួក​យើង​បាន​ធ្វើការ​រួម​ជាមួយ​ក្រុម​ជំនាញ និង​តាម​ការ​ត្រួតពិនិត្យ​លើ​លលាដ៍ក្បាល​នោះ អាច​សន្និដ្ឋាន​បាន​ថា កើតឡើង​ដោយសារ​ការ​កាត់​ក​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម​ជំនាន់​បុរាណ​នៅ​ទ្វីបអាមេរិក​ខាងត្បូង ដែល​កើត​មាន​ប្រើ​អំពើ​ហិង្សា​ជា​ញឹកញាប់ ។ បញ្ហា​នោះ​អាច​ជា​មូលហេតុ​ឈាន​ទៅ​ដល់​ការ​កាត់​ក្បាល​» ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ទៀត​ឱ្យ​ដឹង​ថា ពួក​គេ​បាន​បង្កើត​ការ​សន្និដ្ឋាន​ពី​ការ​កាត់​ក្បាល ផ្សេង​ៗ​ពី​គ្នា ទាក់ទិន​នឹង​របត់​សង្គម និង​ជីវភាព​របស់​ជនជាតិ​អា​មេ​រិ​ក​ខាងត្បូង​គ្រា​អតីតកាល ព្រោះ​ធ្លាប់​បាន​ប្រទះ​ឃើញ​លលាដ៍ក្បាល​បុរាណ​ជា​ច្រើន​លើក ដោយ​ពួក​គេ​យល់​ថា​ទ្វីបអាមេរិក​ខាងត្បូង​នា​សម័យ​កាលនោះ​មានការ​ប្រយុទ្ធ​គ្នា ដូច្នេះ​អាច​ជា​ហេតុផល​នៃ​ការ​កាត់​ក្បាល ។

មានការ​សន្និដ្ឋាន​ទៀត​ថា លលាដ៍ក្បាល​នោះ​ហាក់ដូចជា​ទាក់ទង​នឹង​និមិត្តរូប ឬ​ជា​ការ​លះបង់​ក្នុង​ពិធី​កម្ម​អ្វីមួយ ។ លោក​ច​ន វ៉េ​រ៉ា​ណូ  អ្នក​មនុស្ស​សាស្ត្រ​ពី​មហាវិទ្យាល័យ «​ធូ​លេ​ន​» សហរដ្ឋអាមេរិក​បញ្ជាក់​ថា «​តាម​ការ​ពិសោធ​ធ្វើ​ឱ្យ​យើង​ដឹង​ថា ដៃ​ដែល​គ្រប​លើ​ផ្ទៃមុខ​នៃ​លលាដ៍ គឺ​បញ្ជាក់​អ្វី​ម្យ៉ាង​ដល់​យើង ហើយ​យើង​ក៏​ធ្លាប់​ប្រទះ​ថា​មាន​ឆ្អឹង​បាតជើង នៅ​លើ​ផ្ទៃមុខ​លលាដ៍ក្បាល​កាលពីមុន ប្រៀប​បាន​នឹង​និមិត្តរូប​នៃ​ការ​មាក់ងាយ​អ្វី​ម្យ៉ាង​»៕