នៅបរិវេណឆ្នេរមួយក្នុងរដ្ឋគ្វីនលែន ប្រទេសអូស្ត្រាលី កាលពីពេល ថ្មីៗកន្លងមក កើតមានបាតុភូតបាក់ស្រុតដីជារណ្តៅយ៉ាងធំ ។
អាជ្ញាធរបានជម្លៀសអ្នកទេសចរប្រហែល៣០០នាក់ចេញពីទីតាំងអីុនឃ្លីបផយ ក្រោយពីកើតហេតុបាក់ដីជារណ្តៅធំ ដោយលេបត្របាក់ផ្ទះសម្បែង និងរថយន្តជាច្រើនគ្រឿង ។ ឧទ្យានជាតិគ្វីនលែនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៨ កញ្ញា ២០១៥ថា តាមការយល់ឃើញលើកដំបូង គឺបាតុភូតនោះអាចកើតឡើងដោយការបាក់ដីច្រើនជាងការស្រុត ។ រណ្តៅដែលបាក់នោះមានប្រវែង២០០ម៉ែត្រ ទំហំ៥០ម៉ែត្រ និងមានជម្រៅ៩ម៉ែត្រ ។
ហេតុការណ៍ដ៏ចម្លែកនោះធ្វើឱ្យមានចម្ងល់ថា តើបណ្តាលមកពីមូលហេតុអ្វី ? អ្នកខ្លះប៉ាន់ប្រមាណថាអាចកើតឡើងដោយសារការរញ្ជួយដី ប៉ុន្តែខ្លះទៀតថា ដើមហេតុុគឺមកពីអណ្តូងខ្សាច់នៅពាក់កណ្តាលសតវត្សទី២០ ដែលព័ទ្ធជុំវិញតំបន់ «អីុនឃ្លីប ផយ» ។
ការបាក់ដីនោះធ្វើឱ្យអ្នកទេសចរភ័យខ្លាចនាំគ្នារត់គេចប្រហែល១៤០នាក់ ប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់រងរបួស ឬបាត់ខ្លួន ។ ក្រោយមកអាជ្ញាធរបានជម្លៀសអ្នកទេសចរបន្ថែមប្រហែល៣០០នាក់ទៀត អាជ្ញាធរឱ្យដឹងថា មានអ្នកទេសចរប្រហែល១៥០០នាក់ ស្ថិតនៅបរិវេណកើតហេតុ ដោយដាស់តឿនពួកគេចេញឱ្យឆ្ងាយពីរណ្តៅដើម្បីសុវត្ថិភាព ៕


ចែករំលែកព័តមាននេះ