រាជធានីភ្នំពេញ ៖ អ្នកនាងចន ច័ន្ទលក្ខិណា បានជះកំហឹងត្រឡប់ទៅបុរសម្នាក់ដែលប្រមាថរូបនាងដោយសម្តីអសុរោះថា «ជានារីថោកទាបដែលមានប្តីពីរ» ។ អ្នកនាងចន ច័ន្ទលក្ខិណា បានទម្លាយអាថ៌កំបាំងនៃរឿងនោះនៅលើទំព័រហ្វេសប៊ុករបស់នាង ដោយសារនាងទប់កំហឹងលែងបាននៅពេលបុរសម្នាក់នោះបន្តជេរប្រមាថនាងយ៉ាងអសុរោះជាបន្តបន្ទាប់ ។
អ្នកនាងចន ច័ន្ទលក្ខិណា បានសរសេរវាយបកទៅកាន់បុរសម្នាក់នោះថា «សូមបងប្អូនជួយមើលសំដីមនុស្សប្រុសដ៏សែនថ្លៃថ្នូរម្នាក់នេះផង តើគាត់ជាប្រុសបែបណា ? គេមើលងាយមនុស្សស្រីដែលមានប្តី២សុទ្ធតែថោកទាប ចុះប្រុសដែលមានប្រពន្ធ២មិនថោកទាបទេឬ បានជាអ្នកឯងមកហ៊ានជេរខ្ញុំបែបនេះ ? អ្នកឯងមានប្រពន្ធ មានកូនអ្នកឯង គួរតែធ្វើជាប្រុសដែលជាមេគ្រួសារ តែបែរជាធ្វើជាប្រុសជេរស្រី ។ នេះខ្ញុំជាអ្នកដទៃ អ្នកឯងហ៊ានជេរប៉ុណ្ណឹង ទម្រាំប្រពន្ធអ្នកឯងមិនដឹងជេរដល់កម្រិតណា អ្នកឯងជេរស្រីដូច្នេះ គឺខូចប្រុសខ្មែរអស់ហើយ ឬអ្នកឯងចង់បង្ហាញមនុស្សទូទាំងសាកលលោកឱ្យគេដឹងថាប្រុសខ្មែរដែលជាប្តីគេគឺសុទ្ធតែជេរស្រី?» ។
អ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់ថា មិនមែនលើកទី១ទេ ដែលបុរសម្នាក់នោះជេរនាង គឺច្រើនដងហើយ ។ កាលពីមុនបុរសនោះតែងតែជេរនៅក្នុងទំព័រហ្វេសប៊ុករបស់នាង ហើយនាងសុខចិត្តលុប ព្រមទាំង block ចោល ។ ដូច្នេះហើយបុរសនោះចូលទៅជេរក្នុងទំព័រហ្វេសប៊ុក Heng Loong ជាគូដណ្តឹងរបស់នាងចន ច័ន្ទលក្ខិណាទៀត ។ ទោះជាយ៉ាងណាក្តី អ្នកនាងលក្ខិណាមិនត តែលុបពាក្យជេរនោះ និង block ចោលទៀត ។ បន្ទាប់មកគេជេរក្នុងការផុសរបស់អ្នកនាងលក្ខិណាវិញ ។
អ្នកនាងចន ច័ន្ទលក្ខិណាសរសេរតបថា «ក្នុងខ្លួនអ្នកឯងវាយ៉ាងម៉េចក៏ចេះតែចង់ ជេរៗប្រពន្ធខ្លួនឯងមិនឆ្អែតទេឬ បានជាជេរខ្ញុំ ? ខ្ញុំត្រូវជាអ្វីនឹងអ្នកឯងបានជាមានសិទ្ធិជេរខ្ញុំ ? ឬក៏អ្នកឯងមានជំងឺសរសៃប្រសាទដើរជេរគេ ? តែបើថាឆ្កួតឱ្យចំឆ្កួត ខ្ញុំអត់ប្រកាន់ទេ ។ សូមផ្តាំទៅប្រពន្ធផងថាមេត្តាប្រដៅប្តីផង បើអាច OK លើកនេះខ្ញុំអត់delete និង block អ្នកឯងដែរ គឺខ្ញុំចង់ឱ្យគេដឹងថាអ្នកឯងជាប្រុសប្រភេទណា។ ខ្ញុំរំសាយភាពឈឺចាប់នៃការជេររបស់ប្រុស២ឆ្នាំ ហើយៗក៏ជារឿងដែលខ្ញុំមិនចង់និយាយចេញមកខាងក្រៅ តែពួកប្រុសថ្លៃថ្នូរឯងចេះតែក្តិចភាពឈឺរបស់ខ្ញុំ ។ ខ្ញុំតែងតែស្អប់ប្រុសខ្មែរ១ចំនួនណាស់ ព្រោះតែរឿងជេរស្រី ។ នេះជាសន្តានពិតនៃប្រុសខ្មែរ១ភាគធំ និងក៏ជាប្រពៃណីដែលរស់នៅដល់ញូវហ្សេលែននៅតែមានសម្តីថោកទាបទៀត» ។
អ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់ថា «គេប្រាប់ខ្ញុំថា គេជាថៅកែហាងនំបុ័ងនៅប្រទេស Newzaland ហើយប្រុសនេះកើតរោគចិត្ត។ សូមអ្នកនៅ Newzaland ជួយប្រាប់ឪពុកម្តាយ និងក្រុមគ្រួរសារប្រុសនេះផងថាកូនពួកគាត់ថោកយ៉ាងម៉េច មានមនុស្ស៤ទៅ៥នាក់ SMS មកប្រាប់ខ្ញុំពីចរិតរោគចិត្តរបស់ប្រុសនេះ ។ ឱចរិតអ្នកនៅក្រៅប្រទេសអើយ ទទួលចំណេះដឹងទូលំទូលាយបែបអារ្យប្រទេសហើយ នៅមានសំដីថោកទៀត អាសូរតែអ្នកក្រ ថៅកែហាងនំបុ័ងទៀតនៅធ្វើចរិតថោក ប្រពន្ធមានដឹងថាប្តីខ្លួនថោកទាបអុីចឹងអត់ ឬក៏ជេរប្រពន្ធឡើងគ្នាខ្លាច?» ។ នេះមិនមែនជាលើកទីមួយទេដែលអ្នកនាងចន ច័ន្ទលក្ខិណា ទទួលការរិះគន់ពីបុគ្គលមួយចំនួន បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍រវាងនាង និងអតីតស្វាមីលោកយុត្ថារ៉ា ឆានី បានឈានដល់ផ្លូវបំបែកដែលមនុស្សភាគច្រើនស្ទើរមិនជឿ ។
អ្នកនាងចន ច័ន្ទលក្ខិណា បានជម្នះឧបសគ្គគ្រប់បែបយ៉ាងណា រហូតទទួលយកបុរសម្នាក់ទៀតដែលនាងសរសើរមិនដាច់ពីមាត់ ហើយគ្រោងនឹងចូលរោងការនាពេលខាងមុខ ៕
ចែករំលែកព័តមាននេះ