ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនចូលតុលាការ មេធាវី​ជិត​១០​នាក់ ស្ម័គ្រចិត្ត​ការពារ​ក្តី​ជូន​ សន្តិសុខ​ធានា​គារ ABA មិន​គិតថ្លៃ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា ២០២១​នេះ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ភឿន ភិ​រះ ជា​មន្ត្រី​នគរបាល…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា ២០២១​នេះ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ភឿន ភិ​រះ ជា​មន្ត្រី​នគរបាល និង​ជា​សន្តិសុខ​ធានា​គារ ABA ដែល​បាញ់​បុរស​ម្នាក់​ស្លា​.​ប់ នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កាត់ទោស​តាម​ច្បាប់ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ ឆ​ន សំណាង អះអាង​ថា ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជនសង្ស័យ ដោយ​ពុំ​យក​ប្រាក់​នោះ​ទេ ។ ខណៈនោះ​ដែរ លោក​មេធាវី ក៏​បាន​សុំ​ថតរូប ជាមួយ​ជនសង្ស័យ​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ ។ ទោះបីជា​យ៉ាងណា ជនសង្ស័យ​រូប​នេះ ត្រូវ​គេ​ដឹង​ថា គឺ​មាន​មេធាវី​ជា​ច្រើន​នាក់ កំពុង​រង់ចាំ​ចូលខ្លួន​ចូល​មក​ដើម្បី​ការពារ​រូប​លោក ដោយ​មិន​គិតថ្លៃ​អ្វី​ទាំងអស់ ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​មេធាវី បាន​អះអាង​ថា ការ​ស្វះស្វែង​គាំពារ​ផ្នែក​ច្បាប់​នេះ ដើម្បី​ការពារ​សិទ្ធិ​ជនសង្ស័យ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ តាម​នីតិវិធី​ច្បាប់ យ៉ាង​ហោច​ណាស់​ចំនួន ៨​រូប​ទៀត បាន​ចេញ​មក​ជួយ​ការពារ​ក្តី មិន​យក​ប្រាក់ ដោយសារ​មើលឃើញ​ស្ថានភាព​គ្រួសារ​ជនសង្ស័យ ភឿន ភិ​រះ ជា​កូនកំព្រា​ឪពុក និង​ជា​អតីត​ត​បញ្ញវន្ត ដែល​បាន​ទទួល​អាហារូបករណ៍ ផ្នែក​ភាសា​បារាំង នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

មេធាវី​ទាំង​៨​រូប ដែល​បាន​ស្ម័គ្រចិត្ត​ចូលខ្លួន​ការពារ​ក្តី ដោយ​មិន​គិតថ្លៃ​ជូន​ជនសង្ស័យ ភឿន ភិ​រះ រួម​មាន ៖ ១-​មេធាវី អ៊​ន ហ៊ីង​, ២-​មេធាវី នី ចាន់​ឌី​, ៣-​មេធាវី ឈរ ស៊ុន​ហុង​, ៤-​មេធាវី ស៊ឹង ច័ន្ទ​កន្និកា​, ៥-​មេធាវី សាន សុ​ផា​, ៦-​មេធាវី ណែ​ប ម៉ូ​នី​កា​, ៧-​មេធាវី ប៉ា​ល់ វ​ណ្ណា​រី និង​៨-​មេធាវី អោម ប៊ុ​ន​ថា ។

ដោយឡែក នៅ​ព្រឹក​នេះ​ដែរ ក៏​មាន​សប្បរ​សជន​ម្នាក់ គឺ​លោក​វរសេនីយ៍ឯក លាង​តុង​សួរ បាន​ផ្ញើ​ប្រាក់​ចំនួន​១០០​ដុល្លារ តាម​រយៈ​អធិការរង​ខណ្ឌ​សែន​សុខ​ម្នាក់ ដើម្បី​ឧបត្ថម្ភ​យក​ទៅ​ប្រគល់​ឱ្យ​ជនសង្ស័យ​ជា​ការ​លើកទឹកចិត្ត មុន​ពេល​ដែល​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ទាក់ទិន​ករណី​បាញ់​បុរស​ម្នាក់​ស្លា​.​ប់​មុខ​ធនាគារ ABA ខាងលើ កត់សម្គាល់​ឃើញ​ថា មាន​សមត្ថកិច្ច ពិសេស​គឺ​មហាជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​បាន​បញ្ចេញមតិ​គាំទ្រ​លើ​ជនសង្ស័យ​រូប​នេះ​ថា ព្រោះតែ​ដើម្បី​ការពារ​ខ្លួន​ទើប​គាត់​ត្រូវ​បាញ់​បែប​នេះ ។ មហាជន​បន្ត​ថា ដូច្នេះ សូម​ច្បាប់​មេត្តា​គាត់ ដោយ​កុំ​យកទោស​ពី​គាត់​អី ។ ក្នុង​នោះ មហាជន​បាន​បង្ហាញ​អារម្មណ៍​ក្តី​អាណិត​ទៅ​លើ​ជនសង្ស័យ​ដោយ​មាន​ពាក្យ​ជូនពរ​លើ​ជនសង្ស័យ​ជា​ច្រើន​ផង​ដែរ ។

តើ​តុលាការ សម្រេច​ចោទប្រកាន់ ឬ​មិន​ចោទប្រកាន់ ឬ​មួយ​ក៏​បន្ធូរ​បន្ថយទោស​យ៉ាងណា​នោះ រង់ចាំ​មើល ទាំងអស់​គ្នា ?

សូម​រំលឹក​ថា បុរស​ម្នាក់​ត្រូវ​បាន​សន្តិសុខ​យាម​នៅ​ធនាគារ​វ​ឌ្ឍ​នះ​អាស៊ី ចំកាត់ (ABA) សាខា​ទឹកថ្លា​បាញ់​ស្លាប់ ខណៈ​ពេល​បុរស​នោះ​បាន​ប្រើ​កាំបិត​ចុង​ស្រួច​ព្យាយាម​ស្ទុះ​ចូល​ចាក់ ។ ហេតុការណ៍​ផ្ទុះអាវុធ​នេះ បង្ក​អោយ​មានការ​ភ្ញាកផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​០៦ ខែ មេ​សា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ធានា​គារ​(ABA) សាខា​ទឹកថ្លា ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហ​ពន្ធ​រុ​ស្ស៊ី ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ក្នុងភូមិ ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ផ្ទះ​អាវុធ សន្តិសុខ រូប​ប​នោះ ដែល​ជា​មន្ត្រី​នគរបាល ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន ទាំង​ដកហូត​កាំភ្លើង ខ្លី​ម៉ាក​រ៉ូ​ឡូ មួយ​ដើម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ