ទីបំផុត! ខ្សែហ៊ុមព័ទ្ធផ្ទះសួស វីហ្សា អស់១៧ថ្ងៃ ត្រូវបានដោះចេញហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផ្ទះរបស់តារាចម្រៀងផលិតកម្មហង្សមាស សួស វីហ្សា និងទីតាំងធ្វើចត្តាឡីស័កមួយកន្លែងទៀតត្រូវបានរដ្ឋបាលខណ្ឌប្ញស្សីកែវបានបើកអោយមានសេរីភាពឡើងវិញហើយកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទីតាំងធ្វើចត្តាឡីស័កទាំងនោះបានអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល។ គួររំលឹកថា សួស វីហ្សា ប្រាប់ពីស្ថានភាពសុខភាព ក្រោយព្យាបាលអស់ជិត១០ថ្ងៃ
ការចុះដោះខ្សែហ៊ុមព័ទ្ធផ្ទះតារាចម្រៀងមួយរូបខាងលើនេះ ដើម្បីបើកឱ្យមានសេរីភាពឡើងវិញ គឺមានការអញ្ជើញចូលរួមពីរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ រួមដំណើរដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ទីតាំងដែលបានធ្វើចត្តាឡីស័ក ដែលបើកឡើងវិញចំនួន២កន្លែង នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ១-ទីតាំងផ្ទះរបស់ អ្នកនាង សួស ស្រីផល ហៅ សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ស្ថិតនៅផ្ទះលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ និង២-ទីតាំងស្ថិតនៅបុរីវិមានភ្នំពេញ (សាខាស្វាយប៉ាក) ផ្ទះលេខ18G ផ្លូវលេខ១០៨ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទីតាំងទាំងពីរខាងលើនេះ ត្រូវបានអនុញ្ញាតអោយបើកដំណើរការឡើងវិញក្រោយពីបានបញ្ចប់ការអនុវត្តដោយត្រឹមត្រូវតាមវិធានសុខាភិបាល ។ ទន្ទឹមការបើកផ្ទះនោះ អ្នកនាង សួស ស្រីផល ហៅ សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនោះ ក៍បានបង្ហោះសារនៅក្នុងហ្វេសប៊ុក របស់នាង អបអរសាទរ និងថ្លែងអំណគុណដល់អាជ្ញាធរខណ្ឌ ឬស្សីកែវផងដែរ។
នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបនោះមានខ្លឹមសារថា«ទីបំផុតថ្ងៃនេះខ្សែដែលបានហ៊ុមពទ្ធ័ផ្ទះរបស់ខ្ញុំអស់រយៈពេល17ថ្ងៃក៏ត្រូវបានដោះចេញ ក្រុមគ្រួសារខ្ញុំក៏មានសេរីភាព ខ្ញុំក៏បានជាសះស្បើយពីជំងឺCOVID-19 បានត្រឡប់មកផ្ទះវិញដែរ,នាងខ្ញុំសូមគោពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកពូឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី សួស សូលីដា អភិបាលខណ្ឌរង និងមន្ត្រីពាក់ពន្ធ័ដែលបានចុះមកសួរសុខទុក្ខក្មួយនឹងក្រុមគ្រួសារ, ថ្ងៃនេះខ្ញុំពិតជារីករាយណាស់» ៕











ចែករំលែកព័តមាននេះ