សួស វីហ្សា ប្រាប់ពីស្ថានភាពសុខភាព ក្រោយព្យាបាលអស់ជិត១០ថ្ងៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាង សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបង្ហាញពីស្ថានភាពសុខភាពរបស់ខ្លួនថា ពេលនេះសុខភាពរបស់នាងហាក់វិលមករកសភាពដើមវិញស្ទើរតែ១០០% និងមានកម្លាំងមាំមួន បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ១៩ អស់រយៈពេល៨ថ្ងៃកន្លងមក ។
យោងតាមសារនៅលើគណនីហ្វេសប៊ុករបស់នាងបានសរសេរថា «សូមគោរពលោកតាលោកយាយអុំពូមីងបងប្អូនទាំងអស់គ្នា នាងខ្ញុំបានមកសម្រាកព្យាបាលជំងឺកូវីដ១៩ នៅសណ្ឋាគារ The Great Duke អស់រយៈពេល8ថ្ងៃហើយ ហើយពេលនេះសុខភាពរាងកាយរបស់ខ្ញុំហាក់វិលមកសភាពដើមវិញស្ទើរតែ១០០% មានកម្លាំងមាំមួន ហូបបាន គេងបាន មិនមានក្អកស្លេស ហៀរសំបោរផ្តាសាយ ឈឺក្បាលវិលមុខអីនោះទេ នេះក៏ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីលោកគ្រូអ្នកគ្រូពេទ្យទេវតាឈុតសរបស់យើងនៅមើលថែរក្សាគ្រប់អ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់។ នាងខ្ញុំសង្ឃឹមថាខ្ញុំនឹងឆាប់ជាសះស្បើយ ហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់សំរាប់ពាក្យជូនពរល្អៗដល់នាងខ្ញុំក៏ដូចជាក្រុមគ្រួសារខ្ញុំទាំងមូល ជាពិសេសក៏សូមអរគុណដល់អាណាព្យាបាលទី២របស់ខ្ញុំគឺលោកអ៊ំ អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស ព្រមទាំងកូនស្រីរបស់គាត់ ចែគីមលាង ដែលលោកតែងតែបារម្ភសួរសុខទុក្ខនឹងតែងតែផ្ញើរសម្ភារៈប្រើប្រាប់នឹងរបស់ហូបចុកមកអោយខ្ញុំមិនអោយខ្វះ ពិតជាកក់ក្តៅណាស់» ។
អ្នកនាងបានបន្តថា «នាងខ្ញុំសូមមកសង្ខេបពីសុខទុក្ខរបស់ខ្ញុំត្រឹមតែប៉ុណ្ណេះដើម្បីអោយបងប្អូនបានដឹងនឹងអស់បារម្ភ ចំណែករឿងហេតុផ្សេងៗនឹងរឿងក្នុងចិត្តផ្សេងទៀតនាងខ្ញុំនឹងបង្ហាញអោយបងប្អូនបានដឹងនាឱកាសក្រោយ។ ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា»។
គួររំលឹកផងដែរថា អ្នកនាងសួស វីហ្សា ត្រូវបានរកឃើញថា វិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដែលគិតមកត្រឹមថ្ងៃនេះមានរយ:ពេលប្រមាណជាង១សប្តាហ៍ហើយ ។ ដោយឡែកលោកថម មី ដែលជាស្វាមីអ្នកនាង ក៏បានបង្ហាញនូវការបារម្ភណាស់ ហើយធ្លាប់មានចេតនាចង់សុំពេទ្យនៅមើលថែប្រពន្ឋតែ២នាក់ ព្រោះខ្លាចប្រពន្ឋពិបាក។ រហូតមកទល់ពេលនេះ តារាហង្សមាសមួយចំនួន បានស្បើយពីអាការៈច្រើន ដោយតារាខ្លះប្តូរកន្លែងព្យាបាល ហើយតារាខ្លះទៀតមកបន្តធ្វើចត្តាឡីស័កនៅផ្ទះ ៕








ចែករំលែកព័តមាននេះ