ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្រុក​វិនិយោគ​លើ​វិស័យ​មួយ​ក្នុង​ពេល​តែ​មួយ​នឹង​បង្ក​ផល​ប៉ះពាល់​នៅ​ពេល​អនាគត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ១៩ ចាប់តាំងពី​ឆ្នាំ ២០២០ មក​ម្ល៉េះ គេ​ឃើញ​ថា អាជីវកម្ម​តាម​វិស័យ​មួយ​ចំនួន​បាន​ជួប​ផល​ប៉ះពាល់​ជា​ពិសេស​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​នោះ​ត្រូវ​ងាក​ទៅ​រក​អាជីវកម្ម​ផ្សេង​បន្ទាន់…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ១៩ ចាប់តាំងពី​ឆ្នាំ ២០២០ មក​ម្ល៉េះ គេ​ឃើញ​ថា អាជីវកម្ម​តាម​វិស័យ​មួយ​ចំនួន​បាន​ជួប​ផល​ប៉ះពាល់​ជា​ពិសេស​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​នោះ​ត្រូវ​ងាក​ទៅ​រក​អាជីវកម្ម​ផ្សេង​បន្ទាន់ ដើម្បី​ស្ដារ ហិរញ្ញវត្ថុ​របស់​ខ្លួន​ឡើង​វិញ ក្នុង​នោះ​គេ​ឃើញ​ថា វិស័យ​អចលនទ្រព្យ​ដែល​មានការ​ពុះ ដី​ឡូត៍​នៅ​តែ​មាន​សកម្មភាព​ផុសផុល និង​ទទួល​បាន​វិនិយោគិន​ថ្មី​ៗ​ពី​វិស័យ​ផ្សេង​មក បណ្ដាក់ទុន​វិនិយោគ ។

​អ្នកជំនាញ​អចលនទ្រព្យ​បាន​លើក​ឡើង​ថា ការ​បណ្ដាក់ទុន​វិនិយោគ​ទៅ​លើ​វិស័យ​តែ មួយ​ក្នុង​ពេល​តែ​មួយ​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​នៅ​ពេល​អនាគត ជា​ពិសេស​ទៅ​លើ ទីផ្សារ​ផ្ទាល់​តែ​ម្ដង ។

លោក សំ សុខ​នឿ​ន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បានឱ្យ​ដឹង​ថា វា​មិនមែន ជា​ការ​ល្អ​នោះ​ទេ ដែល​វិនិយោគិន​សម្រុក​អភិវឌ្ឍ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​កាន់តែ​ច្រើន ក្នុង​ពេល​តែ​មួយ​នេះ ។ សកម្មភាព​បែប​នេះ វា​នឹង​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង ឆាប់រហ័ស​ហើយនឹង​ធ្វើ​ឱ្យ​ទីផ្សារ​ជួប​បញ្ហា​នៅ​ពេល​ណាមួយ​ព្រោះ​មាន​តែ​ការ​លក់​មិន​ចេញ ហើយ​តម្លៃ​ខ្ពស់​ពី​ទីផ្សារ​ជាក់ស្ដែង ។

លោក​បន្ត​ថា នៅ​ពេល​មនុស្ស​ម្នាក់​វិនិយោគ​តែ​លើ​វិស័យ​មួយ ដូច​ជា​ផ្ដោត​តែ​លើ អចលនទ្រព្យ នៅ​ពេល​វិស័យ​នេះ​មាន​បញ្ហា​នឹង​ធ្វើ​ឱ្យ​បុគ្គល​នោះ វិនិយោគិន​រូប​នោះ នឹង ទទួល​រង​ផល​ប៉ះពាល់​ដែល​មិន​អាច​រក​អ្វី​មក​ទប់​បាន តែ​បើសិនជា​គាត់​ឆ្លាត គាត់​អាច វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេង​ៗ​ទៀត ដូច្នេះ​នៅ​ពេល​វិស័យ​មួយ​ប៉ះពាល់ ឬ​ក៏​ដួល​រំលំ​ក៏ មាន​វិស័យ​ជា​ច្រើន​ទៀត​ចាំ​ទប់​ដែរ ។

មិន​ខុស​ពី​សេដ្ឋកិច្ច​របស់​កម្ពុជា បើសិនជា​កម្ពុជា​ពឹង​លើ​តែ​វិស័យ​មួយ​សម្រាប់​ទ្រទ្រង់ សេដ្ឋកិច្ច ដូច​ជា​ពឹង​តែ​លើ​ទេសចរណ៍ ឬ​ក៏​កាត់ដេរ នៅ​ពេល​វិស័យ​ណាមួយ​មាន​ភាព រង្គោះរង្គើ នោះ​នឹង​ទាញ​ទម្លាក់​សេដ្ឋកិច្ច​កម្ពុជា​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ ។ កម្ពុជា​បាន ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ ដើម្បី​ទប់​ឥទ្ធិពល​ពី​សម្ពាធ​ខាងក្រៅ ជាក់ស្ដែង​ពី​មុនគេ ថា កម្ពុជា​ពឹង​លើ​វិស័យ​កាត់ដេរ តែ​នៅ​ពេល​វិស័យ​កាត់ដេរ​រង​ឥទ្ធិពល​ពី​សហគមន៍​ដោយ ដក​ផ្នែក​ខ្លះ​នៃ EBA ក៏​នៅ​តែ​ធ្វើ​សេដ្ឋកិច្ច​កម្ពុជា​អាច​ដំណើរការ​ហើយ​វិស័យ​កាត់ដេរ​នៅ តែ​អាច​ដំណើរការ​ដោយសារ​តែ​កម្ពុជា​បាន​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ដោយ​មិន​ផ្ដោត​តែ​លើ​ទីផ្សារ សហគមន៍​អឺរ៉ុប​មួយ​នោះ​ទេ ។

លោក ធួន ស៊ី​ណា ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ពេល​វិស័យ​ទេសចរណ៍​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ ១៩ អ្នក ប្រកប​របរ​ក្នុង​វិស័យ​នេះ ក៏​ប៉ះពាល់​ហើយ​អ្នកមាន​លុយ​ក៏​នាំ​គ្នា​ទៅ​បើក​ក្រុមហ៊ុន​អចលន ទ្រព្យ និង​ជា​ពិសេស​ពុះ​ដី​ឡូត៍​លក់ ។ ការ​នាំ​គ្នា​ទៅ​ធ្វើ​តែ​វិស័យ​នេះ​មួយ​វា​មិនល្អ​នោះ​ទេ ពួក​គេ​គួរ​សំឡឹង​មើលទៅ​វិស័យ​ណា​ដែល​មាន​ចីរភាព​យូរអង្វែង ដូច​ជា​វិស័យ​កសិកម្ម ព្រោះ​នៅ​លើ​ពិភពលោក​ប្រទេស​ណា​ក៏​ត្រូវ​ហូប ត្រូវ​បំពេញ​ក្រពះ​ដែរ ដូច្នេះ​ការ​ធ្វើ​កសិកម្ម ស្រប​តាម​ស្ដង់ដារ​ត្រឹមត្រូវ​នឹង​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​កម្ពុជា មាន​សន្ទុះ​មួយ​កម្រិត​ទៀត ។

លោក​បន្ត​ថា អ្វី​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​ដែរ​នោះ គឺ​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង វិស័យ​កសិកម្ម​បន្ថែម ដូច​ជា​សង់​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម​ដើម្បី​មានទឹក​គ្រប់គ្រាន់​សម្រាប់ ស្រោច​ស្រោប សាងសង់​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​កសិផល និង​ជា​ពិសេស​ត្រូវ​រក​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា និង​ត្រូវ​ធានា​តម្លៃ​ដល់​កសិផល​របស់​កសិករ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ