រាជធានីភ្នំពេញ ៖ យោងតាម នាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា កំណើននៃការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ក្នុងពេលដែលចំណេះដឹង ស្តីពីហានិភ័យរបស់ប្រជាពលរដ្ឋហាក់នៅមានកម្រិត។ ជនខិលខូចបានឆ្លៀតឱកាស កេងចំណេញពីអ្នកប្រើប្រាស់ តាមរូបភាពល្មើសច្បាប់ផ្សេងៗ រួមមានអំពើឆបោកប្រាក់ អំពើគំរាម ការលួចទិន្នន័យ។ល។
ដើម្បីការពារខ្លួន និងកាត់បន្ថយហានិភ័យលើបណ្តាញអ៊ីនធឺណិត ក្រុមការងារសូមលើកយកនូវ គន្លឹះចំនួន ០៨ ដូចខាងក្រោម៖
១- ត្រូវគិតមុនពេលដែលអ្នកចុចលើតំណភ្ជាប់ផ្សេងៗ ដែលតំណភ្ជាប់ទាំងនោះអាចនាំអ្នកទៅកាន់គេហទំព័រចម្លងមេរោគ (Drive-by download) ឬបន្លំលួចព័ត៌មាន (Phishing)។
២- ដំឡើង និងប្រើប្រាស់តួនាទីការពារទី២ (Two-Factor Authentication / 2FA) ដែលជួយការពារគណនីអ៊ីនធឺណិតរបស់អ្នក ពីការលួចចូលទៅប្រើប្រាស់ បើទោះបីឈ្មោះ និងលេខសម្ងាត់គណនីត្រូវបាន លួចយកដោយប្រការណាមួយក៏ដោយ។
៣- ចេះធ្វើការវិភាគ និងសង្ស័យសកម្មភាពផ្សព្វផ្សាយ លើបណ្តាញអ៊ីនធឺណិត ដែលមានភាពមិនប្រក្រតី និងអាចអូសទាញលោកអ្នកធ្លាក់ ក្នុងឧបាយកលឆបោកប្រាក់ ឬធ្នាក់ឱ្យលោកអ្នកចូលរួមប្រព្រឹត្តិបទល្មើសផ្សេងៗ ។
៤- ធ្វើការគាំពារព័ត៌មានផ្ទាល់ខ្លួន (Personal Information) តាមដែលអាចធ្វើទៅបាននៅលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media / Social Network)។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អាចត្រូវបានប្រើប្រាស់ដោយជនខិលខូច ក្នុងគម្រោងការឆបោកផ្សេងៗ ។
៥- សូមធ្វើបច្ចុប្បន្នភាព (Update / Patch) កម្មវិធី និងប្រព័ន្ធប្រតិបត្តិការ នៃឧបករណ៍បច្ចេកវិទ្យារបស់អ្នក ដើម្បីការពារពីការជ្រៀតចូលពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា។
៦- ធ្វើការតភ្ជាប់ឧបករណ៍បច្ចេកវិទ្យារបស់អ្នក ក្នុងបណ្តាញណេតវើក ដែលមានសុវត្ថិភាព។ ការតភ្ជាប់ជាមួយបណ្តាញណេតវើកសាធារណៈ (Public Wifi) អាចធ្វើឱ្យអ្នកស្ថិត ក្នុងហានិភ័យនៃការស្កាត់លួចចរាចរណ៍ទិន្នន័យ ឬការចម្លងមេរោគជាដើម។
៧- ធ្វើការស្វែងយល់អំពីបច្ចេកទេសវិស្វកម្មបណ្តាញសង្គម (Social Engineering) ដែលជាបច្ចេកទេសលួងលោម ឬបញ្ឆោត ប្រើប្រាស់ដោយជនខិលខូចជាមធ្យោបាយ សម្រេចគោលបំណងទុច្ចរិតផ្សេងៗ។
៨- ធ្វើការ Back-up ទិន្នន័យសំខាន់ៗ ឱ្យបានទៀងទាត់ ដើម្បីការពារការបាត់បង់ដោយប្រការណាមួយ ជាឧទាហរណ៍ ការខូចអង្គផ្ទុកទិន្នន័យ ការចាក់សោរទិន្នន័យដោយមេរោគជម្រិតទារប្រាក់ (Ransomware) ជាដើម៕
ចែករំលែកព័តមាននេះ