បច្ចេកវិទ្យា ៖ នាពេលបច្ចុប្បន្នក្រុមហ៊ុន TikTok បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ជ្រើសរើសក្នុងការទទួលបាន នូវការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានពីរជម្រើស។ ជម្រើសទីមួយគឺអ្នកប្រើប្រាស់ ទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្ម ជាលក្ខណៈទូទៅ ចំណែកឯជម្រើសទីពីរវិញនោះ គឺអ្នកប្រើប្រាស់និងទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈផ្ទាល់ខ្លួន ដែលគេហៅថា Personalized Ads។ ប៉ុន្តែក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុននឹងទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ ឯកភាពក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ជាលក្ខណៈ Personalized Ads។
Personalized Ads គឺជាការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយធ្វើការវិភាគទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យការផ្សព្វផ្សាយពាណិជ្ជកម្ម កាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។ ក្រុមហ៊ុនជាច្រើនទៀតមានដូចជា Twitter, Facebook និង Instagram ក៏បានប្រើប្រាស់វិធីនេះ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា មានការព្រួយបារម្ភនោះគឺ ដោយសារតែមានកុមារជាច្រើន ដែលកំពុងតែប្រើកម្មវិធី TikTok ហើយម្យ៉ាងទៀតក្រុមហ៊ុន ហាក់បីដូចជាមិនមានវិធានការគ្រប់គ្រាន់ ក្នុងការការពារគណនីរបស់កុមារ ពីជនខិលខូចនោះទេ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅនេះ តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថានបានសម្រេចបិទកម្មវិធី TikTok ជាថ្មីម្ដងទៀត ដោយសារតែក្រុមហ៊ុននេះ ពុំបានសហការជាមួយនឹងអាជ្ញាធរ ក្នុងការគ្រប់គ្រង និងលុបចោលវីដេអូដែលអាចធ្វើឱ្យប៉ះពាល់ ដល់សីលធម៌និងសុវត្ថិភាព របស់ប្រទេសប៉ាគីស្ថាន៕ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
ចែករំលែកព័តមាននេះ