ខេត្តតាកែវ ៖ ក្រោយកោះសន្តិភាពចេញផ្សាយនូវជីវិតក្រីក្រតោកយ៉ាកស្តីពីគ្រួសារមួយប្តីពិការភ្នែក ប្រពន្ធមានសតិមិនគ្រប់ រស់ក្នុងជីវភាពលំបាកមក សប្បុរសជន២រូបនៅរាជធានីភ្នំពេញ បានពឹងកោះសន្តិភាពយកអំណោយផ្តល់ជូនកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន រួមទាំងនាយប៉ុស្ដិ៍រដ្ឋបាលឃុំបានកាម បានចូលរួមក្នុងការជូនអំណោយដល់គ្រូសារខាងលើ។ សប្បុរសជននៅភ្នំពេញជាម្ចាស់មានអ្នកស្រីមួយរូបសុំមិនបញ្ចេញឈ្មោះចំនួន៥០ដុល្លារ និងអ្នកស្រី គុច សេងហេង ចំនួន២០ដុល្លារ ។
គួរបញ្ជាក់ថា អាចចាត់ទុកបានថា គឺជាវាសនាដែលតម្រូវឲ្យបុរសដែលពិកាភ្នែកបានជួប ជាមួយនឹងស្ត្រីមានសតិមិនគ្រប់ ហើយត្រូវបានផ្សំផ្គុំគ្នាជាស្វាមីភរិយា រហូតបង្កើតបានកូនមួយជាចំណងដៃ ទោះស្ថិតក្នុងស្ថានភាពក្រលំបាកយ៉ាងណា ក៏ពួកគេខិតខំតស៊ូក្នុងជីវិតដែរ។
ប្ដីប្រពន្ធមួយគូរខាងលើនេះ រស់នៅក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយប្ដីឈ្មោះ មុត ថា អាយុ៤០ឆ្នាំ រីឯប្រពន្ធឈ្មោះ យឿ វ៉ា អាយុ៣០ឆ្នាំ និងមានកូនស្រីម្នាក់អាយុ៨ឆ្នាំ ហើយបច្ចុប្បន្នរៀនបានថ្នាក់ទី៣ហើយ។
បើតាមការរៀបរាប់ពីលោក មុត ថា ដែលជាប្ដីពិការភ្នែកបានឲ្យដឹងថា លោកមានតែម្ដាយជរាម្នាក់ឈ្មោះឈឹង ម៉ិ អាយុ៧៥ឆ្នាំ ដោយឪពុករបស់លោកបានទទួលមរណភាពជាយូរណាស់មកហើយ ។ លោកបានបន្តថា លោកមានបងប្អូនចំនួន៦នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី៣នាក់ ចំណែកលោកជាកូនទី៥ ក្នុងគ្រួសារ។
លោក មុត ថា បាននិយាយថា លោកពិតជាពិបាករស់មែនទែន ដោយភ្នែកទាំងគូររបស់គាត់មើលឃើញប្រហែល១០ភាគរយទេ ហើយលោកដើរធ្វើការជាកម្មករលីបាវស្រូវ, និយាយឱ្យខ្លី គឺលោកស៊ីឈ្នួលគេដោយប្រើកម្លាំងសុទ្ធ។ អ្វីដែលលោកធ្វើទៅបាន មិនមែនប្រើភ្នែកទាំងស្រុងទេ គឺលោកប្រើវិញ្ញាណខ្លះ ក្នុងការដឹងអំពីផ្លូវដើរ ឬផ្លូវទៅកន្លែងស៊ីឈ្នួលគេ និងផ្លូវត្រូវទៅផ្ទះ។
សម្រាប់ជីវិតគូរស្រករវិញ លោកថា នៅឆ្នាំ២០១០ លោកមានអាយុ៣០ឆ្នាំ ក៏ត្រូវបានបងប្អូនឪពុកម្ដាយនាំទៅស្ដីដណ្ដឹងស្ត្រីម្នាក់ឈ្មោះ យឿ វ៉ា មានអាយុ២០ឆ្នាំ រស់នៅភូមិសំរោងម្រះ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បើទោះជាលោកដឹងថា ស្ត្រីនេះមានសតិមិនគ្រប់ក៏ដោយ លោកព្រមស្ម័គ្រស្មោះដោយបានរៀបមង្គលការយ៉ាងអធឹកអធ័ម និងប្រើប្រាស់ជីវិតប្ដីប្រពន្ធដោយពឹងផ្អែកលើការស៊ីឈ្នួលអ្នកភូមិ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
បើតាមសម្ដីលោកយាយ ឈឹង ម៉ិ ត្រូវជាម្ដាយជរារស់ក្បែរកូន និងចៅ បានអោយដឹងថា រឿងក្រសម្រាប់គ្រួសារគាត់ និងកូនគាត់មធ្យមទេ តែសំខាន់កូនពិការភ្នែក រីឯប្រពន្ធត្រូវជាកូនប្រសារស្រីគ្នាមានសតិមិនសូវគ្រប់តាំងពីកំណើត ហើយលោកយាយមិនមានអីចែកឲ្យ កូនៗនោះទេ គឺមានតែណែនាំឲ្យខិតខំតស៊ូក្នុងឆាកជីវិត ហើយកើតជាតិណាៗប្រាថ្នាកុំឱ្យជួបបែបនេះទៀត។
គួររំលឹកថា ៖ ក្តុកក្តួលអ្វីម្ល៉េះ! ទោះភ្នែកមើលមិនច្បាស់ក៏ប្រើវិញ្ញាណរកផ្លូវទៅលីសែងចិញ្ចឹមជីវិត ៕
ចែករំលែកព័តមាននេះ