រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធិ បានធ្វើការឆ្លើយតបទៅកាន់អ្នករិះគន់មួយចំនួនដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ១៩ របស់លោក។ ការរិះគន់នោះ បានចោទរូបលោកថា ការឆ្លងជំងឺកូវីដ១៩ របស់លោកគ្រាន់តែជាការសម្តែង ខណៈពេលដែលរូបលោកកំពុងសម្រាកព្យាបាល ដោយសារជំងឺដ៏កាចសាហាវមួយនេះ ជាមួយតារាមួយចំនួន និងប្រជាពលរដ្ឋដែលបានឆ្លងជំងឺដូចគ្នា។
លោក ណុប បាយ៉ារិទ្ធិ បានបង្ហោះសារដ៏វែងតាមរយៈហ្វេសប៊ុកឆ្លើយតបនឹងការរិះគន់ខាងលើនេះថា «៧ថ្ងៃដែលខ្ញុំបានចាកចេញពីផ្ទះមកព្យាបាលជំជឺកូវីដ១៩ នៅឯសណ្ឋាគារ the great Duke Phnom Penh អតីតសណ្ឋាគារ intercontinental !»។
លោកបញ្ជាក់ថា «ខ្ញុំបែកមនុស្សជាទីស្រលាញ់របស់ខ្ញុំ លោកអ្នកមានគុណ បងប្អូន ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ខ្ញុំមិនបានបំពេញការងារ ឬភារកិច្ចផ្ទាល់ខ្លួន បងប្អូនគិតទៅមើល សួរថាខ្ញុំចង់មែនទេ? អត់ទេ! ខ្ញុំក្តី អ្នកជំងឺទាំងអស់ដែលប្រយ័ត្នប្រយែង ជាក់ស្តែងដូចជារូបខ្ញុំ និងបងប្អូនឯទៀត ខ្លាចណាស់ ការពារណាស់ ប្រយ័ត្នណាស់ នៅតែជៀសមិនផុត ប្រយ័ត្នយ៉ាងហ្នឹង គេចយ៉ាងហ្នឹង ការពារយើងហ្នឹងនៅឆ្លង ចុះទម្រាំអ្នកដែលមិនប្រយ័ត្នសោះ ថែមទាំងមើលស្រាលទៀត»។
លោកថា «ម្ស៉ិលម៉ិញ ខ្ញុំបានឡាយជជែកជាមួយបងប្អូនចង់ផ្តាំផ្ញើបទពិសោធន៍ខ្លះក្នុងនាមជាអ្នកជំងឺកូវីដម្នាក់ មានបងប្អូន៣ទៅ៤នាក់គាត់ខមមិន គាត់ឆាតមកថា គេជួលខ្ញុំប៉ុន្មានសម្រាប់ការសម្តែង? ជួលអោយលើកជើងថ្នាក់ដឹកនាំ! បងប្អូន បងប្អូននិយាយនេះមិនត្រឹម គិតថាខ្ញុំលេងសើចនឹងជីវិតខ្លួនឯងទេ គឺបងប្អូនខ្លួនឯងដែលនិយាយនេះតែម្តង ដែលមិនចេះស្រលាញ់ជីវិតខ្លួនឯង ហេតុអី? បើខ្ញុំរស់លើដីនៃព្រះរាជាណាចក្រកម្ពុជា រស់ក្រោមម្លប់ព្រះមហាក្សត្រ រស់ក្រោមការបីបាច់ថែរក្សារបស់ប្រមុខថ្នាក់ដឹកនាំកំពូលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំលើកដៃអរគុណគាត់ខ្ញុំខុសដែរ? កុំថាខ្ញុំរស់លើដី បើទោះខ្ញុំរស់ក្នុងទឹក លើអាកាស អោយតែក្នុងប្រទេសកម្ពុជាក៏ខ្ញុំត្រូវតែដឹងគុណក្នុងនាមជាប្រជាជនមួយរូប »។
លោកបន្តទៀតថា «ថ្ងៃនេះ ម៉ោងនេះ អ្នកថាខ្ញុំសម្តែង ព្រោះអ្នកមិនបានដឹងពីទុក្ខលំបាកនៃជំងឺនេះដែលខ្ញុំជួប ហើយបើទោះជាដឹងក៏បេះដូងអ្នកមិនបានប្រយ័ត្ន មិនបានការពារខ្លួនដែរ ផ្ទុយទៅវិញអ្នកច្បាស់ជាឆ្លៀតឱកាសបង្កបញ្ហាផ្សេងៗជាក់ជាពុំខាន ។ បើអ្នកខ្លួនឯងមិនបរិសុទ្ធទៅហើយ ហេតុអីអ្នកអូសទាញខ្ញុំយកទៅបំផ្លើសថា ខ្ញុំសម្តែង? អ្នកមិនខ្លាចបាបបុណ្យសោះយ៉ាងនេះ? សូមអ្នកបើកភ្នែកឱ្យធំៗ សម្លឹងឱ្យឃើញពីទុក្ខលំបាក និងហានិភ័យដែលប្រទេសទាំងមូលកំពុងជួបក្នុងគ្រាអាសន្ន ហើយអ្នកបកមកសួរខ្លួនឯងវិញទៅមើលថា អ្នកបានជួយអ្វីខ្លះ? កុំថាដល់សង្គម គ្រួសារអ្នក សូម្បីតែខ្លួនឯង? ឬអ្នកបានតែដើរចាំតែខាំត្របាក់គេដោយពាក្យមុសាគ្មានវិចារណញ្ញាណទេ? ហើយអ្នកនឹងសើចសប្បាយពេលឃើញអ្វីដែលខ្លួនឯងបានធ្វើសមតាមបំណង? បើនោះគឺជារសនិយមដ៏ចាំបាច់របស់អ្នក ខ្ញុំពិតមិនចម្លែកចិត្តទេថា ហេតុអ្វី?»។
លោក ណុប បាយ៉ារិទ្ធិ បន្តទៀតថា អ្នករៀនសូត្របានតិច តែមិនប្រាកដថាអ្នកគ្មានសតិក្នុងការគិតទេ ២០២១ហើយ សូមឈប់និយាយពាក្យថាល្ងង់ ព្រោះរៀនបានតិច គ្នាគិតមិនដល់ No គ្រប់យ៉ាងគឺសង្គមជាអ្នកបង្រៀន ជាអ្នកជួយតម្រង់ផ្លូវយើងច្រើនណាស់ សង្គមជាអ្នកបង្ហាត់បង្រៀនយើងឱ្យចេះគិត ចេះវាយតម្លៃ ចេះពិចារណា ចេះស្គាល់អ្វីល្អមិនល្អ អ្វីគួរជឿមិនគួរ មិនចេះតែឱ្យយើងស្លុងតាមការប៉ាន់ស្មានទាំងងងឹតងងុលរបស់ខ្លួនឯងទេ សូម្បីមនុស្សអនាថាក៏គង់ចេះរកវិធីយ៉ាងណាឱ្យខ្លួនឯងរស់ ចុះហេតុអី មនុស្សមានសតិបែរជានិយាយស្តីមកដូចមនុស្សមិនដែលឆ្លងកាត់សាលារៀនទៅវិញ?»។
លោក ណុប បាយ៉ារិទ្ធិ បន្តថា «សូមបញ្ឈប់បានបញ្ឈប់ទៅ រូបកាយ សាច់ឈាមរបស់ខ្ញុំ ត្រូវបានមេរោគកូវីដជ្រៀតចូលមករស់នៅជាមួយតាំងតែពីថ្ងៃទី១ ខែមីនាម្ល៉េះ ខ្ញុំឈឺ ខ្ញុំពិបាក ខ្ញុំវេទនាដូចបងប្អូនអ្នកជំងឺកូវីដដទៃដូចគ្នា បើអ្នកអគតិ អ្នកមកឈឺជួសខ្ញុំមក អ្នកនិងបានបុណ្យ ហ៊ានទេ? ឱ្យខ្ញុំយំទៅ ព្រោះខ្ញុំពិបាក អ្នកសើចចំអកឱ្យខ្ញុំ ខ្ញុំនៅតែបានបុណ្យ ត្បិតធ្វើឱ្យអ្នកសើច ខ្លាចតែធ្វើឱ្យអ្នកយំទើបខ្ញុំបាប តែសូមអ្នកចាំថា រូបកាយខ្ញុំ រងការពិបាកដោយការវាយលុកពីមេរោគ រូបកាយខ្ញុំធ្លាប់ដេកផ្ទាល់ក្បែរចានបង្គន់ រូបកាយខ្ញុំធ្លាប់សន្លប់ស្តូកស្តឹង២លើកហើយ រូបកាយខ្ញុំមិនអាចទទួលទានអាហារសមតាមចិត្តចង់ដូចអ្នកទេ មានអាហារបែរលេបមិនចូល មានទឹកបែរជាមិនស្រែក ក្នុងមាត់មានរសជាតិតែ១ គឺភ្លាវ ល្វីង ឈឺចាប់ពេញរាងកាយ កំដៅឡើងដល់ ៣៨ ៣៩ ដកដង្ហើមមិនបាន គឺក្អក ក្អក ទល់តែស្លេសចេញឈាមមកជាមួយ ចង់សម្ងំគេងក៏គេងមិនបាន គេងបានបន្តិចបន្តួចដឹងខ្លួនវិញ ការលំបាកទាំងនេះ មិនមែនមានតែខ្ញុំទេដែលជួប គឺគ្រប់បងប្អូនដែលកើតជំងឺនេះ សុទ្ធតែមានករណីដូចគ្នា» ។
លោកបន្តថា «សួរថា ហ្នឹងឬជាការធ្វើពុត? ហ្នឹងឬ ជាអ្វីដែលអ្នកឃើញថាធម្មតាៗ? កុំមើលស្រាល ខ្ញុំចង់ឱ្យអ្នករស់ឱ្យបានយូរមើលឃើញខ្ញុំជាវិញ ចង់ឱ្យអ្នករស់ឱ្យបានយូរដោយកុំឱឱ្យស្គាល់ជាតិកូវីដឱ្យសោះ រស់ឱ្យបានយូរដោយគ្មានសម្រែកឱ្យជួយនៅពេលដែលអ្នកឆ្លង។ សូមបង្កើនសតិរបស់អ្នកឱ្យ បានរីកចំរើន ដុះដាលក្នុងផ្នត់គំនិតល្អ គិតឡើងវិញ ពិចារណាឡើងវិញ អានខមមិនដែលអ្នកផ្ញើមកខ្ញុំឡើងវិញ បើអ្នកនៅមានជាតិជាមនុស្ស»៕
ចែករំលែកព័តមាននេះ