ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​រាប់រយ​នាក់​ទៅ​បន់ស្រន់​ឱ្យ​ជា​ជំងឺ​និង​បួងសួងតាម​ក្តី​ប្រាថ្នា​ផ្សេង​ៗ​នៅ​ភ្នំ «​កាច់ចង្កូត​» ដោយ​ជឿ​ថា​មាន​បារមី​ស័ក្តិសិទ្ធិ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អ្នកមាន​ជំនឿ​រាប់​សិប​នាក់​នាំ​គ្នា​ទៅ​កាន់​ទី​សក្ការៈ​មួយ ស្ថិត​នៅ​លើ​ភ្នំ​កាច់ចង្កូត ក្នុងភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជាប់​ព្រំប្រទល់​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នកមាន​ជំនឿ​រាប់​សិប​នាក់​នាំ​គ្នា​ទៅ​កាន់​ទី​សក្ការៈ​មួយ ស្ថិត​នៅ​លើ​ភ្នំ​កាច់ចង្កូត ក្នុងភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជាប់​ព្រំប្រទល់​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បី​បួងសួង​សូម​ឱ្យ​បាន​សម្រេចសេចក្តី​ប្រាថ្នា និង​បន់ស្រន់​សូម​ឱ្យ​ជា​ពី​ជំងឺ ផ្សេង​ៗ ព្រោះ​មាន​ជំនឿ​ថា អ្នក​សច្ចំ​មាន​បារមី​ស​កិ្ត​សិទ្ធិ​នៅ​លើ​ភ្នំ​នោះ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៥ ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព បាន​ទៅ​កាន់ភ្នំ​នោះ ហើយ​ឃើញ​អ្នកស្រុក​រាប់​សិប​នាក់​នាំ​គ្នា​ទៅ​ទីនោះ​ដែរ បើ​ទោះជា​ផ្លូវ​មាន​ការ​​លំបាក​ខ្លាំង​យ៉ាងណា​ក្តី ។ ការ​ធ្វើ​ដំណើរ​ត្រូវ​ឡើង​ភ្នំ ចុះ​ភ្នំ ឆ្លង​អូរ ទម្រាំ​ដល់ទី​អាស្រម​មួយ​ខ្ពស់​ដាច់​ស្រយាល​ពី​គេឯង ។

ក្នុង​ដំណើរ​ចេញពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ជិត​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ប្រមាណ​១០​គីឡូម៉ែត្រ​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម ដោយ​ក្រុមហ៊ុន​ចិន ដែល​ដាំ​ដើម​ដំឡូង​មី បត់​ចុះឡើង ទើប​ទៅ​ដល់​ជើងភ្នំ «​កាច់ចង្កូត​»​។ ទៅ​ដល់ទី​នោះ គេ​សង្កេត​ឃើញ​មាន​តូប​អ្នក​លក់ដូរ​ប្រមាណ​៣០​តូប​នៅ​ជាប់ជើង​ភ្នំ ត្រង់​ផ្លូវ​ឡើង​ទៅ​លើ និង​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ចត​ទុក​ចោល​នៅ​ទីនោះ ។ អ្នក​ទៅ​បន់ស្រន់​សុំ​ទឹកមន្ត នៅ​ទី​សក្ការៈ​នោះ​ត្រូវ​ឡើង​ទៅ​លើ​ភ្នំ​ដោយ​ថ្មើរជើង សូ​ម្បី​តែ​ម៉ូតូ​-​កង់​ក៏​មិន​អាច​ឡើង​ទៅ​រួច​ទេ ព្រោះតែ​ផ្ទាំង​ថ្ម​តូច​ធំ និង​មាន​ចំណោត​ខ្លាំង ។ អ្នក​ឡើង​ទៅ​លើ​ភ្នំ​នោះ​ត្រូវ​ឈប់​ជា​ច្រើន​ដង​ទើប​ទៅ​ដល់​កំពូលភ្នំ ហើយ​ដើរ​លើ​ខ្នងភ្នំ​ប្រមាណ​៣​គីឡូម៉ែត្រ​ទើប​ទៅ​ដល់ទី​សក្ការៈបូជា​នោះ ។

ក្នុង​ដំណើរ​ឡើង​លើ​ខ្នងភ្នំ​នោះ​ភ្នាក់ងារ​កោះសន្តិភាព​បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នកស្រុក​ជា​ច្រើន​នាក់ ដែល​កំពុង​ឈប់​សម្រាក​យក​កម្លាំង​សម្រាប់​បន្តដំណើរ​ទៅ​មុខ​ទៀត ដោយ​ពួក​គាត់​ខ្លះ​ពី​ខេត្តពោធិ៍សាត់ ខ្លះ​ពី​ខេត្តកំពង់ឆ្នាំង​។ ស្រី្ត​ម្នាក់​ពី​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែល​កំពុង​ងូតទឹក​ក្នុង​អូរ មានទឹក​ថ្លាយង់​និយាយ​ថា គាត់​ទៅ​ទីនោះ​ជា​លើ​ទី​២​ហើយ ។ លើក​ក្រោយ​នេះ​មាន​មនុស្ស​ប្រមាណ​៤០​នាក់​ធ្វើ​ដំណើរ​តាម​គាត់ ព្រោះ​គាត់​បានជា​សះស្បើយ​ពី​ជំងឺ​កាលពី​លើក​ទី​១ ។ អ្នក​ជឿ​តាម​គាត់​បានឱ្យ​គាត់​ជូន​ទៅ ។ ក្រៅពី​ថ្ងៃសីល មិនសូវ​មាន​មនុស្ស​ច្រើន​ទេ តែបើ​ថ្ងៃសីល​មាន​មនុស្ស​ច្រើន​ណាស់​ពី​៥០០​ទៅ​១​ពាន់​នាក់​ឯណោះ ។

ស្ត្រី​ម្នាក់​ទៀត​អង្គុយ​លើ​ផ្ទាំង​ថ្ម ជ្រក​ម្លប់ឈើ ឱ្យ​ដឹង​ថា គ្រាន់តែ​ពេល​ខ្លះ​ដាំបាយ​ដល់​ទៅ​១០​ខ្ទះ​ឯណោះ ដោយនៅ​លើ​នោះ​គេ​មាន​ទទួល​បាយ​ទឹក និង​ទីកន្លែង​សម្រាប់​ស្នាក់​នៅ ។ ពួក​គាត់​ត្រូវ​ដេក​លើ​កំពូលភ្នំ​មួយ​យប់ លុះ​ស្អែក​ទើប​ត្រឡប់​ទៅ​វិញ ។

ចំណែក​ក្មេង​ស្រី​ជំទង់​ម្នាក់​និយាយ​ថា នាង​មិន​ឈឺ​អ្វី​ទេ តែ​ទៅ​តាម​ម្តាយមីង ដើម្បី​បន់​សុំ​ឱ្យ​ប្រឡង​ជាប់ ទោះជា​នាង​ប្រឡង​បាក់​ឌុ​ប​រួច​ហើយ​ក្តី តែ​លទ្ធផល​មិន​ទាន់​ប្រកាស​ទេ ។

នៅ​លើ​កំពូលភ្នំ​មាន​រូប​នាង​គ​ង្ហី​ង​មួយ​ធំ​ខ្ពស់ និង​រូប​សត្វ​ក្រពើ​មួយ​ធំ​មិន​ទាន់​លាបថ្នាំ ។ ក្រៅពី​នោះ មាន​ព្រះពុទ្ធ​បដិមា​តូច​ធំ​ជា​ច្រើន​នៅ​ក្នុង​រោង​ធំ​មួយ ។ នៅ​ជិត​ព្រះពុទ្ធ​បដិមា​ទាំងនោះ​មាន​ប្រេងកូឡា ម្សៅ ទឹកបរិសុទ្ធ ថ្នាំដុសធ្មេញ និង​សម្ភារ​ជា​ច្រើន​សម្រាប់​លាប ផឹក ជាដើម ដាក់​តម្រៀប​គ្នា ។ នៅ​ពីមុខ​ព្រះពុទ្ធ​បដិមា​ទាំងនោះ​មាន​ជើងពាន​ធំ​ចំនួន​២ លាប​ពណ៌​ទឹកមាស សម្រាប់​ដាក់​ទឹកមន្ត ដែល​អ្នក​គ្រប់​គ្នា​ត្រូវ​ដួស​ផឹក និង​លុបលាង​មុខមាត់ និង​ដុត​ទៀន​ធូប​សុំ​សេចក្តី​ប្រា​ថា្ន ផ្សេង​ៗ ពិសេស​សុំ​ជា​ពី​ជំងឺ​។

គេ​ងឿងឆ្ងល់​ថា ឡើង​តែ​ខ្លួន​ទទេ​ស្ទើរ​មិន​ចង់​រួច​ផង ចុះ​ដែក​ស៊ីម៉ង់ត៍​គេ​យក​ទៅ​តាម​ណា ។ ទោះ​ជាយា​៉​ង​ណា​ក្តី នៅ​ខាងក្រោយ​រោង​ឃើញ​រថយន្ត​កែ​ច្នៃ​ធំ​មួយ ដែល​ជាង​កំពុង​ជួសជុល​។ បុរស​ម្នាក់​ដែល​ជា​ជាង​ជួសជុល​រថយន្ត​នោះ​ប្រាប់​ថា មាន​តែ​រថយន្ត​នេះ​ទេ​ទើប​អាច​ឡើង​បាន​តាម​ផ្លូវ​ខាងក្រោយ​ភ្នំ​មាន​ចម្ងាយ​៩​គីឡូម៉ែត្រ ។
ចុងភៅ​នៅ​រោង​បាយ​ឱ្យ​ដឹង​ថា ម្ហូប​នៅ​ទីនោះ​គឺជា​ម្ហូបបួស មាន​តែ​បន្លែ​គ្មាន​សាច់​ឡើយ​។ ថ្ងៃសីល​តូច​ដាំបាយ​៤​ទៅ​៦​ខ្ទះ ថ្ងៃសីល​ធំ​ដាំបាយ​ដល់​ទៅ​១០​ខ្ទះ​ឯណោះ ។ បើ​ភេសជ្ជៈ ថ្ងៃសីល​ខ្លះ​អស់​ជាង​១០០​កេស ។

ក្មេង​ប្រុស​ជំទង់​ម្នាក់ ដែល​ស្ពាយ​ភេសជ្ជៈ​នៅ​លើ​ខ្នង​ឱ្យ​ដឹង​ថា នៅ​ថ្ងៃសីល​តូច​បច្ច័យ​ដែល​បាន​ពី​ការសូត្រ​ធម៌​នៅ​ពេល​យប់ ភាគច្រើន​ធ្វើ​នៅ​ម៉ោង​១២​អធ្រាត្រ​ប្រមាណ​ពី​៦​ទៅ​៧​លាន​រៀល បើ​ថ្ងៃសីល​ធំ​ដល់​១២​លាន​រៀល ។ បច្ច័យ​ត្រូវ​បាន​ប្រកាស​ទុក​សម្រាប់​កសាង​ទីកន្លែង​នោះ ។ ពេល​ខ្លះ​មាន​អ្នក​យក​មាស​ទៅ​បញ្ចុះ​ក្នុង​មាត់ និង​ក្នុង​ពោះ​រូបសំណាក​ក្រពើ​ទៀត​ផង ។ រាល់​ថ្ងៃសីល​កន្លង​មក សំបូរ​ដោយ​ជនជាតិ​វៀតណាម តែ​ពេល​នេះ​ស្ងាត់ ព្រោះ​សមត្ថកិច្ច​កំពុង​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ ។

ក្មេង​ជំទង់​រូប​នោះ​ប្រាប់​ថា បើ​មាន​វាសនា​នឹង​ជួប​អ្នកគ្រប់គ្រង​កន្លែង​នោះ ដោយ​អ្នកខ្លះ​ហៅ​គាត់​ថា «​អ្នក​សច្ចំ​» អ្នកខ្លះ​ហៅ «​លោកគ្រូ​» ខ្លះ​ហៅ «​ធុតង្គ​» នៅ​តាម​ផ្លូវ​ជា​ពុំខាន ។

ដូច​ការ​និយាយ​របស់​ក្មេង​នោះ​មែន ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ជួបនឹង​លោកគ្រូ​នោះ​នៅ​កន្លែង​សម្រាក​ធំ​មួយ ដែល​ជា​ដី​រាបស្មើ ខណៈ​គាត់​កំពុង​នាំ​កង​ដឹក​ជញ្ជូន​ស្បៀង មាន​បន្លែ​គ្រប់មុខ ជាដើម​សម្រាក​នៅ​ទីនោះ ។ ពី​ដំបូង​ឡើយ លោកគ្រូ​មិន​អនុញ្ញាត​ឱ្យ​សម្ភាសន៍​ទេ តែ​ដោយ ហេតុ​ថា ការ​កសាង​ទើបបាន​សមិទ្ធផល​មិន​ច្រើន​ប៉ុន្មាន​ផង មាន​គេ​ទិតៀន​ថា ធ្វើ​ខុស​រចនាបថ​ខ្មែរ ដូច​យួន ដូច​ចិន ហេតុនេះ​ហើយ​ទើប​ថ្មី​ៗ​កន្លង​មក​គាត់​ឱ្យ​គេ​វ៉ៃ​ដំបូល​ចេញ ម្យ៉ាងវិញទៀត​មិន​ចង់ឱ្យ​មាន​ភាព​ល្បី​រន្ទឺ​ទេ ព្រោះ​ការ​រត់​ច្បាប់​សាងសង់​ទើបតែ​ដល់​ដៃ​មន្ទីរ​ពាក់ព័ន្ធ​ប៉ុណ្ណោះ ។

ក្រោយ​ពី​ការ​បញ្ចុះបញ្ចូល និង​ពន្យល់​ពី​មូលហេតុ​ជា​ច្រើន ទើប​លោកគ្រូ​នោះ​ព្រម​អនុញ្ញាត​ឱ្យ​សម្ភាសន៍ តែ​មិន​ប្រាប់​ឈ្មោះ​ទេ តែ​តាម​ដឹង​គាត់ឈ្មោះ​រួន វិ​ន​ថន ជា​អតីត​គ្រូ​ង្រៀ​ន មាន​ទីលំនៅក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

លោកគ្រូ​នោះ​ប្រាប់​ថា គាត់​ធ្លាប់​បួស​រៀន​៤​វស្សា ។ ចំពោះ​ការ​រៀបចំ​ទី​សក្ការៈ​នៅ​លើ​ភ្នំ​នោះ​ប្រមាណ​ជាង​៥​ឆ្នាំ​ហើយ ។ ពី​ដំបូង​ដោយ​ឃើញ​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​បាន​ផ្លូវ​ល្អ ជិត​ដល់​ជើងភ្នំ គាត់​ក៏​ជ្រើសរើស​ទីតាំង​នៅ​លើ​ភ្នំ​កាច់ចង្កូត ដើម្បី​សមាធិ​ធម៌​តាម​គន្លង​ព្រះពុទ្ធ​សាសនា និង​តាម​ឱវាទ​ព្រះ​អង្គ ។ លុះ​ក្រោយ​ៗ​មក ពុទ្ធបរិស័ទ​មាន​ជំនឿ​តាម​គាត់​ជា​បន្តបន្ទាប់ រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ច្រើន​ឡើង​រាល់​ថ្ងៃសីល ។ នៅ​រាល់​ថ្ងៃសីល​គាត់​គ្រាន់តែ​នាំ​ពុទ្ធបរិស័ទ​ទាំងនោះ​សូត្រធម៌ នមស្ការ​ថ្វាយបង្គំ​ព្រះ​នៅ​វេលា​ស្ងាត់ តាំងចិត្ត​ឱ្យ​ស្ងប់​ប៉ុណ្ណោះ ។

ចំពោះ​ការ​ព្យាបាល​ជំងឺ គឺ​គាត់​មិន​មាន​អ្វី​ព្យាបាល​ក្រៅពី​អប់រំ​ផ្លូវចិត្ត​ទេ ។ ចំណែក​ទឹកមន្ត​ដែល​មហាជន​មាន​ជំនឿ​ស្រេច​តែ​លើ​គេ ជាក់ស្តែង​នៅ​ជុំវិញ​ព្រះ​ពុទ្ធរូប​មាន​ប្រេងកូឡា មាន​ដប​ទឹកបរិសុទ្ធ​ជាដើម ។ អ្នកមាន​ជំនឿ​ដាក់​នៅ​ទីនោះ ព្រឹកស្អែក​ឡើង​យក​ត្រឡប់​ទៅ​វិញ​ដើម្បី​លាប រឹត ឬ​ផឹក ។ ចំពោះ​បច្ច័យ​បាន​មក គឺ​មិន​រៃ​អង្គាស​ឡើយ តាម​អ្នកមាន​សទ្ធា គេ​ដាក់​តាម​ហ្នឹង​ទៅ ហើយ​បាន​មក​សម្រាប់​កសាង​សមិទ្ធផល ។ នា​ពេល​ខាង​មុខ​នេះ​នឹង​ធ្វើ​រូបសំណាក​បេះដូង​មួយ​មាន​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៣​ម៉ែត្រ បន្ទាប់​មក​នឹង​សាង​ព្រះពុទ្ធ​បដិមា​មួយទៀត​មាន​កម្ពស់​១២​ម៉ែត្រ និង​ភ្នែន​១២​ម៉ែត្រ ។

មាន​ពាក្យ​ចចាមអារ៉ាម ផ្សេង​ៗ​ពី​អាស្រម​នោះ ដូច​ជា​ពេល​ក្រុម​អ្នក​សារព័ត៌មាន​ទៅ​ថតរូប​ភាព​ត្រូវ​អ្នក​នៅ​ទីនោះ​ហាមប្រាម​ដោយ​ថា ប្រយ័ត្ន​ខូច​ម៉ាស៊ីន​ថត ខ្លះ​ថា​ប្រយ័ត្ន​បាត់​ម៉ាស៊ីន​ថត និង​ខ្លះ​ថា​ថតរូប​ភាព​មិន​ជាប់​ជាដើម ៕