ខេត្តស្ទឹងត្រែង ៖ អគារដែលមានរចនាប័ទ្មក្បាច់ខ្មែរមើលទៅគួរជាទីចាប់អារម្មណ៍នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ដែលបានសាងសង់រួចរាល់ជាង១ឆ្នាំហើយ តែនៅមិនទាន់អនុញ្ញាឲ្យប្រើប្រាស់ សំណង់នោះត្រូវបានបាក់ស្រុតធ្លាក់ដល់មកដីទាំងផ្ទាំងៗ ដែលគេអាចសន្និដ្ឋានបានថា ជាសំណង់អត់គុណភាព ។
សំណង់អគារខាងលើ ត្រូវបានសាងសង់ឡើងដោយក្រសួងមហាផ្ទៃ និងដាក់ទៅឲ្យក្រុមហ៊ុនជាអ្នកម៉ៅការសាងសង់ ។ សំណង់មួយនេះ បានចំណាយពេលវេលាច្រើនឆ្នាំ ទម្រាំតែធ្វើរួច តែនៅមិនទាន់បានប្រើប្រាស់សម្រាប់ទទួលភ្ញៀវទេសចរនៅឡើយទេ បច្ចុប្បន្នសំណង់នោះកំពុងរងការបាក់ស្រុតនៅមិនទាន់បានជួសជុលនៅឡើយ ។
លោក កុល សំអុល អភិបាលខេត្ត បានបញ្ជាជំរុញឲ្យក្រុមហ៊ុនទទួលការសាងសង់ ត្រូវទទួលខុសត្រូវសាងសង់ឡើងវិញ ខណៈសំណង់នេះនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០១៦ ខាងមុខនេះ ។
លោកអភិបាលខេត្ត បន្តថា យន្តការនេះ ផ្នែកនាយករដ្ឋបាលត្រូវទាក់ទងទៅក្រុមហ៊ុនដែលបានសាងសង់អគារនេះដើម្បីមកពិនិត្យសំណង់របស់ខ្លួនឡើងវិញ ហើយត្រូវរៀបចំបំពាក់សម្ភារបម្រើឲ្យវិស័យទេសចរណ៍ឲ្យមានគុណភាពល្អមុននឹងដាក់សម្ពោធឲ្យប្រើប្រាស់នោះ ។
លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាលសាលាខេត្ត បានទទួលស្គាល់ថា តាមការពិនិត្យជាក់ស្តែងអគារនេះបានបាក់បែកផ្នែកមួយចំនួនគួរឲ្យព្រួយបារម្ភមែន ហើយសមិទ្ធផលថ្មីនេះ ក្រសួងមហាផ្ទៃជាអ្នកទទួលខុសត្រូវ ដូចនេះការជួសជុលឡើងវិញពិតជាមានភាពងាយស្រួល ពីព្រោះសាលាខេត្តស្ទឹងត្រែងមិនទាន់បានទទួលយកជាផ្លូវការទេគ្រាន់តែមានភារកិច្ចត្រួតពិនិត្យជាជំហានដំបូងប៉ុណ្ណោះ ។
លោកនាយករដ្ឋបាល បានអះអាងថា សាលាខេត្តនឹងធ្វើរបាយការណ៏ស្តីពីការខូចខាតជូនទៅក្រសួងមហាផ្ទៃ ដើម្បីជូនជ្រាបជាព័ត៌មាន ហើយការសម្រួលយ៉ាងណានោះ ជាមជ្ឈការរបស់ក្រសួងមហាផ្ទៃ ។
សូមបញ្ជាក់ថា នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល រថយន្តទេសចរណ៍ ភាគច្រើន ច្រើនតែទុកភ្ញៀវចោលឲ្យរង់ចាំរថយន្តផ្ទេរ ដែលធ្វើឲ្យភ្ញៀវខ្លះជួបការលំបាក និងធុញទ្រាន់យ៉ាងខ្លាំង ហើយអគាររង់ចាំដែលសាងសង់រួចជាង១ឆ្នាំហើយ នៅមិនទាន់បានប្រើប្រាស់នៅឡើយ ៕
ចែករំលែកព័តមាននេះ