រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មុននេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតទាំងអាក្រាតកាយក្នុងដីឡូតិ៍ទុកចោលមួយកន្លែងដោយមានសភាពសពហើមស្អុយរលួយ ស្ថិតនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០៤ ខែមីនា ឆ្នាំ២០២១នេះ ។

សេចក្តីរាយការណ៍បន្តថា សពស្ត្រីរងគ្រោះពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយសពជនរងគ្រោះមានវ័យប្រមាណ៣០ឆ្នាំ ។
យោងតាមប្រភព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនមានការប្រទះឃើញសពស្ត្រីរងគ្រោះ គឺមានពលរដ្ឋរស់នៅក្បែរតំបន់នោះ បានចូលទៅដើរលេង ស្រាប់តែធំក្លិនស្អុយនៅចុងដីផ្នែកខាងក្រោយ ក៏នាំគ្នាដើរទៅមើល ក៏ស្រាប់តែប្រទះឃើញសាកសពផ្កាប់មុខក្នុងថ្លុកទឹកក្នុងដីឡូតិ៍ខាងលើ ទើបបង្កអោយមានការភ្ញាក់ផ្អើលតែម្តង រហូតរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ ។

ប្រភពដដែលបន្តថា ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋាន រួមទាំងកម្លាំងកងរាជអាវុធហត្ថ រួមជាមួយនគរបាលផ្នែកកោសល្យវិច្ច័យ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យវិច្ច័យលើសាកសព និងស្នាកស្នាមនៅកន្លែងកើតហេតុ ។ យ៉ាងណាមិញ គិតមកត្រឹមវេលាម៉ោង២រសៀលថ្ងៃខែដដែលនេះ នគរបាលជំនាញ ពុំទាន់បញ្ជាក់បាននៅឡើយនោះទេ អំពីមូលហេតុ នៃការបាត់បង់ជីវិតរបស់ស្ត្រីរងគ្រោះ ដោយពុំទាន់ដឹងថា តើជាករណី.ឃា.ត.ក.ម្ម ឬករណីអ្វីផ្សេងឡើយ? ខណៈសពស្ត្រីរងគ្រោះត្រូវដឹកតាមរថយន្តយកទៅកាន់វត្តសំបួរមាស ដើម្បីធ្វើកោសល្យវិច្ច័យនៅទីនោះបន្ត ។

គួរបញ្ជាក់ថា នៅជុំវិញតំបន់កើតហេតុ គេសង្គេតឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាឈរចោមរោមនៅខាងមុខទីតាំងកើតហេតុ និងមានអ្នកខ្លះក៏ឡើងឈរលើរបង ដើម្បីអើតមើលពីការចុះពិនិត្យរបស់សមត្ថកិច្ច ខណៈពេលសពត្រូវប្រទះឃើញនៅខាងក្នុង ហើយសមត្ថកិច្ចខ្ទាស់សោររបង មិនអោយអ្នកដែលមិនពាក់ព័ន្ធចូលទៅបានឡើយ ខ្លាចរំខានដល់ការពិនិត្យតាមជំនាញសមត្ថកិច្ច ។

គួរបញ្ជាក់ទៀតថា បើតាមប្រភពពីកន្លែងកើតហេតុនោះបានឱ្យដឹងថា មុនពេលកើតហេតុនាវេលាព្រឹកម៉ិញនេះ គឺគេមានប្រទះរថយន្តមួយគ្រឿងបានបើកចូលទៅក្នុងដីឡូតិ៍ដែលជាកន្លែងកើតហេតុនោះ ហើយរថយន្តនោះក៏បានបើកចេញមកវិញ ក្រោយមកក៏មានការភ្ញាក់ផ្អើលឆោឡោប្រទះឃើញសពស្ត្រីរងគ្រោះតែម្តង ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ គេមិនទាន់ដឹងថា តើរថយន្តមួយគ្រឿងនោះចូលទៅក្នុងដីឡូតិ៍ក្នុងគោលបំណងអ្វីនោះឡើយ? ព្រោះគេមិនទាន់ដឹងច្បាស់នៅឡើយ រង់ចាំសមត្ថកិច្ចធ្វើការកោសល្យវិច្ច័យបន្ត ដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដ ។
ព័ត៌មានបន្តនឹងមានផ្សាយជូននៅពេលក្រោយទៀត ។












ចែករំលែកព័តមាននេះ