រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រទះឃើញស្លាកលេខរថយន្តរបស់ខ្លួននៅលើរថយន្តឡិចស៊ីសមួយគ្រឿងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៦ សីហា នៅម្តុំផ្សារថ្មី សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ហើយបានប្តឹងសមត្ថកិច្ចឃាត់ខ្លួនម្ចាស់រថយន្តយកទៅសាកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ នង ម៉ាហ្សូគី ភេទប្រុស មានទីលំនៅក្នុងបុរីវ៉ារីណា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីដើមខែកុម្ភៈ ២០១៥ ឪពុកមារបស់គាត់រស់នៅខេត្តបន្ទាយមានជ័យបានមកលេខផ្ទះរបស់គាត់ ហើយសម្រាកនៅទីនោះមួយយប់បានចតរថយន្តម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL7179 មួយគ្រឿងទុកនៅមុខផ្ទះក្នុងបុរីវ៉ារីណា លុះដល់ព្រឹកឡើងស្រាប់តែចោរលួចស្លាកលេខរថយន្តបាត់ គាត់ក៏បាននាំឪពុកមាទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ។
រហូតដល់ល្ងាចថ្ងៃទី២៦ ខែសីហា គាត់បានទៅទិញថ្នាំនៅផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ស្រាប់តែប្រទះឃើញស្លាកលេខរថយន្តរបស់ឪពុកមាគាត់នៅលើរថយន្តឡិចស៊ីសRX330 ឡើងតែម RX350 ពណ៌ស ទៅវិញ ទើបគាត់បានប្តឹងសមត្ថកិច្ចឃាត់រថយន្តឡិចស៊ីស និងម្ចាស់រថយន្តយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ។
ជនដែលរងការចោទមានឈ្មោះ សៀ ណារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើករថយន្តដឹកដី រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា រថយន្តឡិចស៊ីសនេះ គាត់ទើបនឹងទិញបានមួយអាទិត្យក្នុងតម្លៃជាង១ម៉ឺនដុល្លារ ជារថយន្តអត់ពន្ធ ប៉ុន្តែពេលដែលគាត់ទិញ មានស្លាកលេខជាប់រថយន្តស្រាប់ គ្រាន់តែម្ចាស់រថយន្តប្រាប់ថា ជារថយន្តអត់ពន្ធ ។
ចំណែកប្រពន្ធជនរងការចោទបានឲ្យដឹងថា គាត់បានឲ្យលុយទៅប្តីជាង៣ម៉ឺនដុល្លារយកទៅទិញរថយន្ត ដោយគាត់អត់បានដឹងថា រថយន្តដែលប្តីគាត់ទិញជារថយន្តអត់ពន្ធទេ ទាល់តែមានបញ្ហាទើបដឹងថា ប្តីរបស់គាត់កេងលុយហើយទៅទិញរថយន្តអត់ពន្ធទៅវិញ ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនបុរសខាងលើដើម្បីស្រាវជ្រាវតាមចាប់ខ្លួនអ្នកលក់រថយន្តបន្តទៀតយកមកចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ