ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់ខណៈបុរសរូបនេះ បើកបរត្រាក់ទ័រភ្ជួរ និងរុញសំអាតដីចំការជាន់ចំគ្រាប់មីនតោន បណ្តាលឱ្យផ្ទុះ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្កការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះកើតឡើង នៅចំណុចទីតាំងក្បែផ្លូវបារាំង ស្ថិតក្នុងភូមិសាម្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ជនរងគ្រោះឈ្មោះ អុង សិលា ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើកបរត្រាក់ទ័រភ្ជួរ និង ឈួសឆាយដីចំការរងរបួសធ្ងន់រស់នៅភូមិអានុក ឃុំចារឈូក ស្រុកអង្គរជុំ ខេត្ត សៀមរាប រងរបួសធ្ងន់បញ្ជូនសង្គ្រោះមណ្ឌលសុខភាពត្រពាំងតាវ និងបន្តបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។

លោក ងួន ទ្ធីរិទ្ធ មេបញ្ជាការអាវុធហត្តស្រុកអន្លង់វែងបានឱ្យដឹង ក្រោយពីកើតហេតុភ្លាមៗ លោកបានបញ្ជាកងកំលាំងអាវុធហត្តស្រុកចុះធ្វើការស្រាវជ្រាវ និងពិនិត្យនៅ និងកន្លែងរកឃើញថា ជាគ្រាប់មីនតោនដែលសេសសល់ កាលពីសម័យ សង្គ្រាមកប់នៅក្នុងដី ខណៈនេះត្រូវបានត្រាក់ទ័របើកបរជាន់ បណ្តាលឱ្យផ្ទុះរងរបួសតៃកុងម្នាក់យ៉ាងធ្ងន់ធ្ងរនាំយកមកធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុក អន្លង់វែងផងដែរ ។

គួរំលឹកថា ៖ គ្រាប់មីនតោនដែលបានផ្ទុះនេះ មិនមែនជាលើកទីមួយនោះទេ កន្លងមកគ្រាប់មីនតោន និងគ្រាប់មីនគ្រប់ប្រភេទ គ្រាប់កាំភ្លើងធុនធំៗបានផ្ទុះឆាបឆកយកជីវិតមនុស្សប្រុសស្រីក្មេងចាស់អស់ជាច្រើននាក់មកហើយផងដែរ សម្រាប់ខេត្តមួយស្ថិតនៅជាយដែនកម្ពុជា ថៃ ៕

ចែករំលែកព័តមាននេះ