ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជា​ប្រធាន​គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ តាមគោលដៅ និងតំបន់ចត្តាឡីស័ក

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​អន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១…

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​អន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចេញសេច​ក្តីសម្រេច​ ស្តីពី ការបង្កើត​អនុគណៈកម្មការ​គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹង​ជំងឺកូវីដ-១៩។ អនុគណៈកម្មការថ្មីនេះ មានសមាសភាព​ ១៤រូប ដែលមានលោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ពជើងគោក ជាប្រធាន។

សូមជម្រាបថា រាជរដ្ឋាភិបាល បានបន្ដចាត់វិធាន​ការយ៉ាងតឹងរឹង ចំពោះបុគ្គល មិនអនុវត្តតាមវិធានរបស់សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេះមិន​ព្រមចូលព្យាបាល ឬ​មិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំង ដែលមិនសហការ ផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពី​លើអនុក្រឹត្យលេខ២៧។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​អន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្នុងលិខិតនោះ បានកំណត់នូវចំណុច ៣សំខាន់ៗ ដែលជាវិធានការរឹតបន្ដឹង​បន្ថែមពីលើអ្វី ដែលបានកំណត់ក្នុងច្បាប់ រួមមាន៖ ​ទី១-ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី ​ទី២-ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និង​ទី៣-ចំពោះទីតាំង ត្រូវដក​ហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កន្លងទៅថ្មីៗនេះ បានសម្រេចឲ្យបណ្តេញចេញពីកម្ពុជា និងលែងឲ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេស និងមិនចូលរួមសហការ​ក្នុងការធ្វើចត្តាឡីស័ក​។

ការសម្រេចរបស់​សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើ​ឡើងតាមសំណើរបស់ឯកឧត្តម​​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង​នរគបាលជាតិ និងជាអនុគណៈកម្មការស្រាវ​ជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ -​១៩។

សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជា កំពុងផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនជាតិចិន​ ហើយមានខ្លះ បានរត់គេច​ថែមទៀត។​

គិត​ត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៧៤១នាក់ ក្នុងនោះ អ្នក​ជាសះស្បើយចំនួន ៤៧៧ នាក់ និងអ្នកជំងឺចំនួន ២៦២ នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រកឃើញ​អ្នកឆ្លង រហូតដល់ ២៣៤នាក់៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ