ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ទៅ​ជា​ការ​ផ្លុំ​ខ្យល់​វិភាគ​មេរោគ​ក្រពះ Helicobacter Pylori (H. Pylori)!​?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្វី​ជា​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ (H. Pylori)​? ជា​វិធីសាស្ត្រ​មួយ​ដែល​អាច​អោយ​យើង​ធ្វើ​រោគវិនិច្ឆ័យ​បាន​ថា អ្នកជំងឺ​មាន​មេរោគ​ក្រពះ​ឬទេ? ដោយ​មិន​ចាំបាច់​តំរូវ​អោយ​អ្នកជំងឺ​ធ្វើការ​ឆ្លុះ​ក្រពះ​នោះ​ទេ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត គី…

រាជធានី​ភ្នំពេញ ៖ អ្វី​ជា​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ (H. Pylori)​? ជា​វិធីសាស្ត្រ​មួយ​ដែល​អាច​អោយ​យើង​ធ្វើ​រោគវិនិច្ឆ័យ​បាន​ថា អ្នកជំងឺ​មាន​មេរោគ​ក្រពះ​ឬទេ? ដោយ​មិន​ចាំបាច់​តំរូវ​អោយ​អ្នកជំងឺ​ធ្វើការ​ឆ្លុះ​ក្រពះ​នោះ​ទេ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត គី វុ​ត្ថា ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោក​វេជ្ជបណ្ឌិត​គី វុ​ត្ថា បាន​ឲ្យ​ដឹង​ទៀត​ថា ៖ តើ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ​ត្រូវធ្វើ​ឡើង​ដោយ​របៀប​ណា? ការ​ធ្វើតេស្ត​នេះ គឺ​តំរូវ​អោយ​អ្នកជំងឺ​ផឹកថ្នាំ​មួយ​គ្រាប់​ដែល​មាន​សារធាតុ​អ៊ុយ​រ៉េ និង​កាបូន ដែល​សារធាតុ​កាបូន​នេះ​អាច​អោយ​គេ​កំណត់​ចំណាំបាន​។

បើ H. Pylori មាននៅ​ក្នុង​ក្រពះ​វា​នឹង​បំ​លែង​សារធាតុ​អ៊ុយ​រ៉េ ឲ្យ​ទៅ​ជា​កាបូន​ឌី​អ៊ុ​ក​ស៊ី​ត​។ កាបូន​ឌី​អ៊ុ​ក​ស៊ី​ត នឹង​ត្រូវ​ស្រូប​ចូល​ទៅ​ក្នុង​ឈាម ហើយ​ត្រូវ​បញ្ចេញ​ទៅ​វិញ​នៅ​ក្នុង​សួត​(​ដង្ហើមចេញ​)​។ ខ្យល់​ដង្ហើមចេញ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ថង់​មួយ ដើម្បី​ធ្វើការ​ពិនិត្យ​រក​កាបូន​ឌី​អ៊ុ​ក​ស៊ី​ត​។ បើ​កាបូន​ដែល​មាននៅ​ក្នុង​គ្រាប់​ថ្នាំ​ត្រូវ​បាន​វិភាគ​រក​ឃើញ​ដោយ​ម៉ាស៊ីន​ក្នុង​ខ្យល់​ដង្ហើម​របស់​អ្នកជំងឺ នេះ​បញ្ជាក់​បាន​ថា អ្នកជំងឺ​មាន​មេរោគ​។

ផ្ទុយ​ទៅ​វិញ បើ​មិន​មាន​កាបូន​ដែល​នៅ​ក្នុង​គ្រាប់​ថ្នាំ​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ បញ្ជាក់​ថា អ្នកជំងឺ​មិន​មាន​មេរោគ​ក្រពះ​នោះ​ទេ​។

ដើម្បី​ធ្វើតេស្ត​នៃ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ តើ​អ្នកជំងឺ​ត្រូវ​ត្រៀម​អ្វីខ្លះ?
ការ​ធ្វើតេស្ត​គឺ​តម្រូវ​អោយ​អ្នកជំងឺ ៖

  • តម​អាហា​រយៈពេល ៤-៦​ម៉ោង
  • បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​រយៈពេល​យ៉ាងតិច​១​ខែ
  • បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ថ្នាំ​ក្រពះ​រយៈពេល​យ៉ាងតិច ២ ស​ប្តា​ហ៍ ។

តើ​តេស្ត​នៃ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ​អាច​មាន​ផលវិបាក​ដែរ​ឬទេ?
មិន​មាន​ទេ ជា​ទូទៅ​ការ​ធ្វើតេស្ត​នៃ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ​អាច​ធ្វើ​ទៅ​បាន​ដោយ​ពី​របៀប ៖

  • ដោយ​ការ​ប្រើប្រាស់​នូវ​កាបូន​១៤ (​ដែល​មាន​សារធាតុ​វិទ្យុសកម្ម​)
  • ដោយ​ការ​ប្រើប្រាស់​នូវ​កាបូន​១៣ (​មិន​មាន​សារធាតុ​វិទ្យុសកម្ម​) ការ​ធ្វើតេស្ត​ដោយ​ការ​ប្រើប្រាស់​នូវ​កាបូន​១៤ ត្រូវ​បាន​គេ​រក​ឃើញ​មុន​ដំបូង និង​ត្រូវ​ដាក់​អោយ​ប្រើប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​តេស្ត​នេះ មាន​បង្កប់​នូវ​សារធាតុ​វិទ្យុសកម្ម​ដែល​អាច​អោយ​ប៉ះពាល់​ដល់​សុខភាព​។

ការ​សិក្សា​ជា​បន្ត​បាន​បង្ហាញ​អោយ​ឃើញ​ថា វិទ្យុសកម្ម​ដែល​មាននៅ​ក្នុង​ការ​ធ្វើតេស្ត​ដោយ​កាបូន​១៤ គឺ​មាន​ចំនួន​តិច (​គឺ​វា​មានការ​ប៉ះពាល់​តិចតួច​បំផុត​) ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិ​ភាព និង​អាច​ទទួលយក​បាន​។

ចំណែកឯ​ការ​ធ្វើតេស្ត​ដោយ​ការ​ប្រើប្រាស់​នូវ​កាបូន​១៣​ត្រូវ​បាន​រក​ឃើញ​ថា មិន​មាន​សារធាតុ​វិទ្យុសកម្ម​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​។

ក្រុម​គ្រូពេទ្យ​ជំនាញ​ឯកទេស​ក្រពះ ពោះវៀន​នៃ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត បាន​ជ្រើសរើស​យក​ម៉ាស៊ីន​តេស្ត​ដែល​ប្រើប្រាស់​នូវ​កាបូន​១៣ ដែល​មាន​លក្ខណៈ​ទំនើប​ចុង​ក្រោយ​នៃ​បច្ចេកវិទ្យា ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព ធានា​បាន​នូវ​ការពារ​សុខភាព​១០០%​។

លោក​វេជ្ជបណ្ឌិត គី វុ​ត្ថា ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖ បើ​លោក លោកស្រី​មាន​មន្ទិល​លើ​បញ្ហា​រោគ​ក្រពះ ហើយ​មាន​បំណង​ស្វែងរក​ការ​ធ្វើ​រោគវិនិច្ឆ័យ​តាម​រយៈ​ការ​ធ្វើតេស្ត​រក​មេរោគ​ក្រពះ​ដោយ​ការ​ផ្លុំ​ខ្យល់​ដែល​ជា​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប សូម​លោក លោកស្រី​អញ្ជើញ​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជួប​ពិគ្រោះ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ