បច្ចេកវិទ្យា ៖ គណនីហ្វេសប៊ុក និងអុីនស្តាក្រាម ថែមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់របស់យោធាប្រទេសមីយ៉ាន់ម៉ា ត្រូវបានបិទ នេះបើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនកាលពីម្សិលមិញមកនេះ ។

លោក Rafael Frankel ដែលជាអ្នកទទួលបន្ទុកផ្នែកគោលនយោបាយរបស់ក្រុមហ៊ុនហ្វេសប៊ុក សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ៖ «យើងជឿថា ការអនុញ្ញាតឱ្យគណនីរបស់ក្រុមយោធា Tatmadaw មានវត្តមាននៅក្នុងកម្មវិធីហ្វេសប៊ុក និងអុីនស្តាក្រាម គឺវាមានហានិភ័យខ្ពស់បំផុត» ។
លោក Frankel ក៏បានបញ្ជាក់ផងដែរថា យើងនៅតែចាត់ទុកថា ប្រទេសមីយ៉ាន់ម៉ា គឺកំពុងតែស្ថិតនៅក្នុងភាពអាសន្ន ហើយយើងនៅតែបន្តយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែកុម្ភៈនេះ ក្រុមហ៊ុនហ្វេសប៊ុក បានបិទគណនីមួយចំនួនរបស់ក្រុមយោធារួចមកហើយ ដោយសារតែគណនីទាំងនោះតែងតែរំលោភបំពានទៅលើលក្ខខណ្ឌរបស់ក្រុមហ៊ុន ហើយពួកគេក៏បានព្យាយាមបើកគណនីទាំងនោះឡើងវិញជាច្រើនលើកមកហើយដែរ ប៉ុន្តែពេលនេះក្រុមហ៊ុនបានសម្រេចបិទគណនី និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលមានការពាក់ព័ន្ធជាមួយនឹងក្រុមយោធា ៕ ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
ចែករំលែកព័តមាននេះ