អតីតតំណាងរាស្ត្របក្សប្រឆាំង ១រូប ត្រូវបានតែងតាំងជា​អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អតីតតំណាងរាស្ត្របក្សប្រឆាំង ១រូប ត្រូវបានតែងតាំងជា​អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

1 ខែ មុន
  • Phnom Penh

ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១…

ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ​ត្រាស់បង្គាប់តែង​តាំង និង​ផ្តល់ឋានៈ​លោក​ ង៉ោ សុវណ្ណ ជាអនុប្រធានគណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​មុខតំណែង​​លោក ង៉ោ សុវណ្ណ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​។​

កើតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧០ លោក ង៉ោ សុវណ្ណ ជាអតីត​តំណាងរាស្ត្រ​​ ប្រចាំខេត្តកណ្តាល​ របស់​គណបក្សសមរង្ស៊ី ចាប់តាំងពីការបោះឆ្នោត​ ឆ្នាំ​២០០៣​​។

នៅមុនការបោះឆ្នោតជាតិ នៅឆ្នាំ២០០៨ លោក ង៉ោ សុវណ្ណ រួមទាំង​លោក សុខ ផេង អតីត​តំណាង​រាស្ត្រ​គណបក្សសមរង្ស៊ី និងថ្នាក់ដឹកនាំច្រើនរូបទៀត​ បានចាកចេញពីគណបក្សសមរង្ស៊ី ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​។

ភ្លាមៗនោះ លោក ង៉ោ សុវណ្ណ រួមទាំង​លោក​ សុខ ផេង ត្រូវបានតែងតាំង​ជារដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជាទីប្រឹក្សាសម្តេចតេជោ នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន​។

បន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០១៣ លោក​ ង៉ោ សុវណ្ណ ក៏ត្រូវបាន​បន្តតែងតាំង​ជារដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និងជា​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី​។​

ប៉ុន្តែ​នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោយ​ការបោះឆ្នោត​ នាខែ​កក្កដា ឆ្នាំ២០១៨ លោក ង៉ោ សុវណ្ណ ជាអ្នកតំណាងរាស្ត្រ​មណ្ឌល​​ខេត្តកណ្តាល​ ក្នុងកូត្តាគណបក្សប្រជាជនកម្ពុជា​។

ប៉ុន្តែ​នៅពេលនេះ ព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​មុខតំណែងលោក ង៉ោ សុវណ្ណ​ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​ជាថ្មីឡើងវិញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ គឺលោក​ ង៉ោ សុវណ្ណ បាន​លា​លែង​​ចេញពី​កៅអីរដ្ឋសភា ជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល​ មកបម្រើការងារ​ក្នុងជួររាជរដ្ឋាភិបាលវិញ៕

Picture
Picture
Picture