ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្នខ្ពស់ ទើបបង្ការ​គ្រប់​គ្រងអគ្គិភ័យបាន!

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ «ដូចដែលយើងគ្រប់គ្នា ធ្លាប់​បានដឹងហើយថា អគ្គិភ័យបាន​ធ្វើឲ្យប្រជាពល​រដ្ឋគ្រប់រូប បាត់បង់នូវទ្រព្យសម្បត្តិ ផ្ទះសំបែង ក៏ដូចជា អាយុជីវិត»។ លោក ជា…

ខេត្តស្ទឹងត្រែង៖ «ដូចដែលយើងគ្រប់គ្នា ធ្លាប់​បានដឹងហើយថា អគ្គិភ័យបាន​ធ្វើឲ្យប្រជាពល​រដ្ឋគ្រប់រូប បាត់បង់នូវទ្រព្យសម្បត្តិ ផ្ទះសំបែង ក៏ដូចជា អាយុជីវិត»។ លោក ជា ថាវរិទ្ធិ អភិបាល​រងខេត្តស្ទឹងត្រែង​ បានលើកឡើងបែបនេះ នៅក្នុង​ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ នា​ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅបរវេណមុខរដ្ឋបាលខេត្តស្ទឹងត្រែង។

លោក ជា ថាវរិទ្ធិ ​ក៏បានក្រើនរំលឹកថា ប្រជាពលរដ្ឋយើង ត្រូវមានការយល់ដឹង​អំពីបញ្ហាអគ្គិភ័យ ដែលអាចធ្វើឲ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិ អាយុជីវិតគ្រប់ពេលវេលាបាន ប្រសិនបើមាន​ការធ្វេសប្រហែស និងគ្មានការប្រុងប្រយ័ត្នខ្ពស់​។ ប្រជាពលរដ្ឋយើង ពិតជានៅចាំពុំភ្លេចឡើយ នូវសុភាសិតខ្មែរ ដែលបានចែងថា «ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ»។ បើភ្លើងឆេះផ្ទះ ​ជាហេតុធ្វើឲ្យវិនាសមហន្តរាយធ្ងន់ធ្ងរ សម្រាប់គ្រួសារ និងសង្គមជាតិ​។

លោកបន្តថា ការប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនេះ ពិតជាមានសារ:សំខាន់ ដោយបានឆ្លុះបញ្ចាំងពីជ្រុងមួយរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ដើម្បីខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមការពារអាយុជីវិត ទ្រព្យសម្បត្តិ រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុក​ដាក់ គិតគូរជាប្រចាំ ចំពោះកិច្ចការសង្គមជាតិទាំងមូល រួមទាំងការបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងការដាក់​ចេញនូវវិធានការនានា ដើម្បីក្រើនរំលឹកដាស់តឿនសតិអារម្មណ៍ អប់រំការ​យល់ដឹងអំពីវិធានការ ដែលបណ្តាលមកពីគ្រោះមហន្តរាយអគ្គិភ័យ​។

លោកបន្ថែមថា ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែងករណីអគ្គិភ័យនៅតែកើតមាន​ឡើងជាបន្តបន្ទាប់ ចាំបាច់ជំនាញ និងអង្គភាព ដែលពាក់ព័ន្ធត្រូវបង្កើតការផ្សព្វផ្សាយ​ច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ និងលិខិតបទដ្ឋានគតិយុទ្ធនានា ព្រមទាំងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីវិធានការបច្ចេកទេសបង្ការ និងពន្លត់អគ្គិភ័យនៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹបកម្សាន្ត តាមទីផ្សារ និងអាជីវកម្មនានាដោយត្រូវបំពាក់ឲ្យមានប្រព័ន្ធសុវត្ថិភាព​ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស​។

ក្នុងទិវានោះ លោកក៏បានថ្លែង​កោតសរ​សើរដល់អាជ្ញាធរមូលដ្ឋាន ក្នុងក្រុង ស្រុក ឃុំ និងមន្ត្រីនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងនៅអធិការដ្ឋាន​នគរបាលក្រុង/ស្រុក ដែលបានខិតខំយកចិត្តទុកដាក់ក្នុង​កិច្ចការជួយសង្រ្គោះ ដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះ ដោយបញ្ហាអគ្គិភ័យ ដើម្បីបន្ត និងពង្រឹងលើកកម្ពស់ការងារបង្ការ និងពន្លត់អគ្គិភ័យឲ្យបានល្អប្រសើរ​។

លោកបានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលមាន​សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្រុង​ស្រុក ឃុំ សង្កាត់ ប្រជាពលរដ្ឋ សាលារៀន រោង​ចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន និងតាមទីផ្សារលក់ដូរ ក៏ដូចជាកន្លែងផ្សេងៗទៀត ត្រូវរួមគ្នា អនុវត្តឲ្យបានពីវិធីនូវការបង្ការ និងពន្លត់អគ្គិភ័យ ឲ្យមានប្រសិទ្ធភាព និងល្អប្រសើរ​។

លោកឧត្តមសេនីយ៍ត្រី ចាន់ សុផា ស្នង​ការរង និងជាប្រធានអង្គភាព​គ្រប់គ្រងអាវុធជាតិផ្ទុះ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការរៀបចំទិវាបង្ការ និងពន្លត់អគ្គិភ័យ គឺជាព្រឹត្តិការណ៍មួយ​ដ៏មានសារ:សំខាន់ក្រៃលែង ដែលបានបញ្ជាក់ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង អំពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធកងកម្លាំ​ងនគរបាលបង្ការពន្លត់អគ្គិភ័យ ក្នុងការងារបង្ការនូវមហន្តរាយ ដែលបង្ករឡើង​ដោយអគ្គិភ័យ ការការពារ និងសង្រ្គោះអាយុជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណ: រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបន្តថា ការប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៦ នាពេលនេះ អាចចាត់ទុកថា ជាការបើកទំព័រ​ប្រវត្តិសាស្រ្តថ្មីមួយ សម្រាប់ការងារបង្ការ និងពន្លត់អគ្គិភ័យ ពិសេសដោយមាន​ការចូលរួមផ្តល់កិត្តិយស ពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត ញ៉ាំងឲ្យពិធីនេះ កាន់តែមានលក្ខណ:វិសេសវិសាល ប្រកបដោយអត្ថន័យក្រៃលែង​។

លោកឧត្តមសេនីយ៍ត្រ បានបន្ថែមថា សន្តិភាព ស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺបុព្វបទ នៃការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ និងកំណត់ជាផ្នែកមួយនៃបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដទៃៗទៀត​។ ទាំងនេះ គឺផ្តើមចេញពីកក្តាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនាពេលកន្លងមក​។ ទន្ទឹមនោះ សង្គមជាតិ ក៏អាចមានភាពងាយរងនូវគ្រោះមហន្តរាយ ដោយសារអគ្គិភ័យ បានក្លាយទៅជាបញ្ហាកង្វល់ជាទូទៅរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការបង់ខូចខាតទ្រព្យសម្បត្តិ និងឈានដល់អាយុជីវិតទៀតផង ហើយនេះគឺជាបន្ទុកដ៏ធំមួយ សម្រាប់រាជរដ្ឋាភិបាល​។

​សូមបញ្ជាក់ថា រថយន្តសម្រាប់បង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត​ស្ទឹង​ត្រែង មានចំនួន ៦គ្រឿង ក្នុងនោះ សម្រាប់ប្រចាំការ នៅស្នងការដ្ឋានចំនួន ២គ្រឿង និងនៅតាមបណ្តាស្រុកចំនួន ៤គ្រឿងទៀត​​៕ ដោយ៖ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ