ខេត្តកណ្តាល ៖ (ជួបបងដំបូងនៅក្នុងបេះដូង ផ្តើមស្នេហា ជួបបងដំបូង នៅក្នុងបេះដូងចង់ប្រាប់ថា ទោះបងអាយុតិចជាងស្រី តែចង់ប្រាប់ថ្លៃអោយបងដឹងថា អូនលួចស្នេហា ទោះបីជីវ៉ានៅក្មេងជាងអូន..) នេះជាអត្ថន័យក្នុងបទចម្រៀងទេ ដែលមានចំណងជើងថា «លង់ស្នេហ៍ប្រុសក្មេង» ការលង់ស្នេហ៍ ជាមួយមនុស្សដែលមានវ័យខុសគ្នាជិត២០ឆ្នាំ គ្រាន់តែជាតួលេខប៉ុណ្ណោះ នៅពេលនេះ អតីតម្ចាស់ជ័យលាភីឆ្នាំ១៩៩៥ នៅខេត្តព្រះសីហនុ ផ្នែកប្រលងចម្រៀង អ្នកនាង សាន សុខកក្កដា ដឹកដៃស្វាមីវ័យក្មេង មានវ័យស្មើនឹងកូន ចូលរោង រៀបមង្គលការ កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២១ ។
ពិធីមង្គលការនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនតិចទេ បើតាមហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា «នារីៗ មានអាយុច្រើន កុំទាន់ភ័យ ! កូនកំលោះ អាយុ ២៦ឆ្នាំ កូនក្រមុំ អាយុ ៤៣ឆ្នាំ ថ្ងៃនេះ លោកបានមកចូលរួមពិធីមង្គលការ អតីតតារាចម្រៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សុត វណ្ណស្មាវី ។ ទោះបីខាងស្រី មានវ័យចំណាស់ អាយុច្រើនជាង ១៧ឆ្នាំមែន ប៉ុន្តែក៏អាចឆាក់យកបេះដូងបុរសម្នាក់នេះ ចូលរោងការ បានផងដែរ ពិធីមង្គលការនេះ គឺអញ្ជើញភ្ញៀវចូលរួម ១០តុ ដែលប្រារព្ធ ធ្វើឡើងនៅថ្ងៃទី១៨ កុម្ភៈ ២០២១ នៅបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល» ។
មង្គលការរបស់អ្នកនាង សាន សុខកក្កដា ត្រូវបានធ្វើឡើងដោយមានពិធីចងដៃ និងពិធីសំខាន់ៗមួយចំនួន ប៉ុន្តែទទួលភ្ញៀវពេលថ្ងៃត្រង់ ប្រមាណ១០តុ ដោយមិនមានការទទួលភ្ញៀវ ពេលល្ងាច ដូចមង្គលការទូទៅ នោះឡើយ ។ មង្គលការរបស់អ្នកនាង ក៏មានការចូលរួមដោយសិល្បករមួយចំនួនចូលរួមផងដែរ ដូចជា អ្នកនាង ខាត់ សុឃីម, លោក ផាត់ តារារដ្ឋ, តារាចម្រៀង នេន ទុំ, ពិធីការិនី ញឹម ចាន់ថន, តារាចម្រៀង ស៊ឹម ថៃណា និងលោក អ៊ឹម ជីវ៉ា ជាដើម ។
អ្នកនាង សាន សុខកក្កដា បានទម្លាយអោយដឹងថា អ្នកនាង និងស្វាមី ដែលមានវ័យខុសគ្នាជិត២០ឆ្នាំ គឺបានស្វែងយល់ចិត្តគ្នា រយៈពេល ៣ឆ្នាំមកហើយ ហើយបណ្ដាលមកពីភាគីកូនកំលោះ ដែលមានវ័យ២៦ឆ្នាំ មានភាពច្បាស់លាស់ ទើបអ្នកនាង ដែលមានវ័យ៤៣ នៅក្នុងឆ្នាំនេះ សម្រេចចិត្តរៀបការ បើទោះជាមានអ្នកខ្លះចំអន់ថា «ឡូយមែន កូនស្រីរបស់អ្នកនាង នៅមិនទាន់រកបានស្វាមីនៅឡើយ បែរជាម្តាយដែលមានវ័យជ្រេទៅហើយ រកស្វាមីបានមុនទៅវិញ» ។
អ្នកនាង សាន សុខកក្កដា បានបង្ហាញនូវអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំង ដោយអះអាងថា បើទោះស្វាមីអាយុតិចជាងច្រើន ហើយមិនមែនជាស្វាមីកម្សត់កម្រ ប៉ុន្តែអ្នកនាងជឿថា លោកនឹងមិនកែប្រែ ហើយអាចដឹកនាំជីវិតរបស់អ្នកនាង និងកូនស្រីទាំង៣នាក់ អោយមានសុភមង្គលបាន ។
គួរជម្រាបដែរថា ម្ចាស់ជ័យលាភីលេខ១ ពីការប្រឡងចម្រៀងប្រចាំ ខេត្តព្រះសីហនុ កាលពីឆ្នាំ១៩៩៥ អ្នកនាង សាន សុខកក្កដា ហៅម៉ាក់ដា កំពុង កាក់កបនឹងមុខរបរលក់ងៀតគោ ងៀតក្របី និងត្រីងៀតតាមអនឡាញ មានឈ្មោះ «ម៉ាក់ដាងៀតក្របី» នៅផ្ទះកែងច្រកចូលបុរីពិភពថ្មីក្រុងតាខ្មៅ ល្បីល្បាញមិនចាញ់យីហោផលិតផលខ្លះនោះទេ ដោយសារតែរសជាតិប្លែក និងមិនប្រើសារជាតិប៉ះពាល់ សូម្បីសាច់ក៏ជម្រើសតែសាច់ល្អ ជាគោក្របី និងត្រីក្នុងស្រុក ។ គេដឹងថា មួយខែៗអ្នកនាងថា កើបលុយខ្ទង់ពាន់ដុល្លារ ដ្បិតថា ហត់បន្តិចក្ដី ។ តាំងពីមុខរបរលក់ ងៀតកាក់កប អាជីពចម្រៀង គឺចង់បំភ្លេចចោលហើយ ប៉ុន្តែអ្នកនាង ក៏នៅតែជំរុញឲ្យកូនស្រីបន្តវេន ជាអ្នកសិល្បៈ ៕