ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង បដិសេធថា អ្នកគ្រូម្នាក់​ បាត់បង់ជីវិត​ នៅខេត្តក្រចេះ មិនមែនដោយសារចាក់វ៉ាក់សាំងកូវីដទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រាលចោលនូវការផ្សព្វផ្សាយថា អ្នកគ្រូបង្រៀនម្នាក់…

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រាលចោលនូវការផ្សព្វផ្សាយថា អ្នកគ្រូបង្រៀនម្នាក់ នៅខេត្តក្រចេះ បានស្លាប់​ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។ ក៏ប៉ុន្តែ​តាមលោកជំទាវ ឱ វណ្ណឌីន ការផ្សាយតាមហ្វេសប៊ុកនោះ មិនមែនជាការពិតទេ ព្រោះថា តាមពិត អ្នកគ្រូនោះ ស្លាប់ដោយសារជំងឺរលាកស្រោមខួរ ហើយម្យ៉ាងទៀត​ វ៉ាក់សាំងកូវីដ១៩ មិនទាន់ចាក់ដល់គ្រូបង្រៀននៅឡើយទេ​។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា «ក្រសួងសុខាភិបាល សូម​ច្រាលចោលទាំងស្រុងនូវការចុះផ្សាយប្រឌិត ហើយតាមព័ត៌មានដែលក្រសួងទទួលបាន គឺគាត់​មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ដែលក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះ មិនបាន។ អីចឹង ក្រសួងសុខាភិបាល សូមចូលរួម​ចែករំលែកមរណទុក្ខ ជាមួយនឹងក្រុមគ្រួសារសព ហើយក៏សូមអាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយ​ចាត់ការតាមផ្លូវច្បាប់ ទៅលើការបំផុសប្រឌិតនូវព័ត៌មាននេះ​ ហើយដូចមានការបញ្ជាក់នៅលើអត្ថបទហើយ គឺមកដល់ទល់ពេលនេះ ការចាក់វ៉ាក់សាំងកូវីដ១៩ មិនទាន់​បានផ្តល់ជូនទៅដល់ក្រុម​គ្រូបង្រៀននៅឡើយទេ។ មានន័យថា មិនទាន់មានគ្រូបង្រៀនណាម្នាក់ ដែលបាន​ចាក់វ៉ាក់សាំងនេះ នៅឡើយទេ»។

ការលើកឡើងរបស់អ្នកនាំពាក្យខាងលើនេះ សំដៅលើ​ហ្វេសប៊ុក ដែលមានឈ្មោះ Hai Khmerkrom ដែលបានសរសេរបង្ហោះថា អ្នកគ្រូ ឈ្មោះ ឆន ណារី អាយុ ២១ឆ្នាំ នៅខេត្តក្រចេះ បានស្លាប់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ របស់ចិន បាន ២ថ្ងៃ​។

ក៏ប៉ុន្តែ​ដំណាលគ្នានឹង​ការបដិសេធរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏មានហ្វេសប៊ុក ឈ្មោះថា គ្រូបង្រៀន-Teacher បានបង្ហោះរូបថត និងសារជាអក្សរថា អ្នកគ្រូ ឆន ណារី ដែលបានទទួលមរណភាព​ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តក្រចេះ ដោយសារជំងឺ រលាកស្រោមខួរ​។ អ្នកគ្រូ ឆន ណារី ទើបចេញបម្រើការជាគ្រូបង្រៀន មិនទាន់បានប៉ុន្មានផង​៕