ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តថៃ ដឹកទំនិញចូលកម្ពុជា តាមច្រកព្រំដែនប៉ោយប៉ែត ១ថ្ងៃ ជាង ៣០០​គ្រឿង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កងកម្លាំងអាជ្ញាធរសមត្ថកិច្ច បានត្រួតពិនិត្យរថយន្តថៃ ដែលដឹកទំនិញ ចូលកម្ពុជា តាមច្រកព្រំដែនប៉ោយប៉ែត ក្នុង​ ១ថ្ងៃ ៣៥៣គ្រឿង ដើម្បីពិនិត្យមើលពលករចំណាកស្រុកគេចវេះ…

បន្ទាយមានជ័យ៖ កងកម្លាំងអាជ្ញាធរសមត្ថកិច្ច បានត្រួតពិនិត្យរថយន្តថៃ ដែលដឹកទំនិញ ចូលកម្ពុជា តាមច្រកព្រំដែនប៉ោយប៉ែត ក្នុង​ ១ថ្ងៃ ៣៥៣គ្រឿង ដើម្បីពិនិត្យមើលពលករចំណាកស្រុកគេចវេះ មិនធ្វើចត្តាឡីស័ក។ ប្រតិបត្តិការរុះរក​អ្នក​ពួនសង្ងំ​លើរថយន្តដឹកទំនិញនោះ បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទីមួយ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ប្រតិបត្តិការរុករកអ្នកពួនសង្ងំ​តាមរថយន្តដឹកទំនិញនេះ អនុវត្តតាមការ​​ណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាកស្រុក​ខុសច្បាប់ និងបង្ការ​ ទប់ស្កាត់កូវីដ១៩ ក្នុងសហគមន៍។

លោកបានបញ្ជាក់ថា កម្លាំងទាំងបីស្ថាប័ន មានកម្លាំងយោធា កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាន​ត្រួតពិនិត្យរថយន្តថៃដែលដឹកទំនិញចូលមកកម្ពុជា និងចេញទៅវិញ ដើម្បីពិនិត្យរកពលករចំណាកស្រុកខុសច្បាប់ ដែលគេចវេះ​ពីការ​ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដោយត្រួតពិនិត្យ ក្នុងការប៊ីនរថយន្ត និងឆែករកក្នុងទំនិញ ខ្លាចក្រែងមានលួចលាក់ពលករចំណាកស្រុក ចូលដោយខុសច្បាប់ ដែលជាការព្រួយបារម្ភ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបញ្ជាក់ថា កងកម្លាំង ដែលធ្វើការត្រួតពិនិត្យ​រថយន្តថៃដឹកទំនិញចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ៣៥៣គ្រឿង បើប្រៀបធៀបថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ១៣៨គ្រឿង។ រហូតដល់​ម៉ោង ១០យប់ ទើបបិទទ្វារច្រកព្រំដែន ទាំងកម្ពុជា និងថៃ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងអំណគុណយ៉ាង​ជ្រាលជ្រៅចំពោះកងកម្លាំងទាំងបីស្ថាប័ន ដែលបានខិតខំប្រឹងប្រែង​អស់ពីកម្លាំង​កាយចិត្ត ត្រួតពិនិត្យរថយន្តដឹកទំនិញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បីពង្រឹងការត្រួតពិនិត្យពលករចំណាកស្រុក ដែលគេចវេះ ធ្វើចត្តាឡីស័ក ហើយត្រូវបង្កើនការទប់ស្កាត់កូវីដ១៩ តាមការណែនាំរបស់ក្រសួង​សុខាភិបាលកម្ពុជា មិនឲ្យឆ្លង​រាលដាលជំងឺកូវីដ១៩ ចូល​ក្នុងសហគមន៍​ប្រទេសយើងទេ​៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ