ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅថ្ងៃទី១ ​មាន​ឥស្សរជនជាន់ខ្ពស់ និងអ្នកកាសែត ​២៧៩នាក់ បានចាក់វ៉ាក់សាំងកូវីដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នាថ្ងៃទី១០ ខែកុម្ភៈនេះ ​តាមរយៈក្រសួងសុខាភិបាល នៅតាមមន្ទីរពេទ្យរដ្ឋ ចំនួន ៤កន្លែង​​ គឺ​មានឥស្សរជនជាន់ខ្ពស់…

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នាថ្ងៃទី១០ ខែកុម្ភៈនេះ ​តាមរយៈក្រសួងសុខាភិបាល នៅតាមមន្ទីរពេទ្យរដ្ឋ ចំនួន ៤កន្លែង​​ គឺ​មានឥស្សរជនជាន់ខ្ពស់ ​ក្នុងជួររាជរដ្ឋាភិបាល អភិបាលរាជធានីខេត្ត និងអ្នកកាសែត សរុបចំនួន ២៧៩នាក់ បានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩​។

ក្នុងចំនួននេះ គឺ​អ្នកចាក់ថ្នាំវ៉ាក់សាំងរួចទាំងអស់​ មិនមានបញ្ហាអ្វីកើតឡើងឡើយ​។ នេះបើតាមការបញ្ជាក់ពីនាយក និងនាយករង​មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ​។

តាម​នាយក និងនាយករង​មន្ទីរពេទ្យរដ្ឋទាំង ៤ គឺនៅមន្ទីរពេទ្យ​កាល់ម៉ែត្រ មានឥស្សរជន ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ រួមទាំងកូនសម្តេចតេជោ បាន​ទៅចាក់វ៉ាក់សាំង ២០៣នាក់ ប៉ុន្តែ​មានតែ ១៤៩នាក់ទេ ត្រូវបានអនុញ្ញាត​ឲ្យចាក់វ៉ាក់សាំងកូវីដ។ រីឯ ៥៤នាក់ទៀត មានបញ្ហាសុខភាព​ មិនអាចចាក់បានឡើយ។

នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬមន្ទីរពេទ្យរុស្ស៊ី ចាក់បាន ៣០នាក់ ជាអភិបាល និងអភិបាល​រង​រាជធានីខេត្ត បានចាក់វ៉ាក់សាំង នៅថ្ងៃទី១០កុម្ភៈនេះ។​

នៅមន្ទីរពេទ្យ​ព្រះអង្គឌួង មានឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ និងក្រុមគ្រូពេទ្យ​នៅមន្ទីរពេទ្យព្រះអង្គឌួង ចំនួន ៨៥នាក់ បានទៅចាក់វ៉ាក់សាំង។ តែមាន ៦១នាក់ ត្រូវបានអនុញ្ញាត​ឲ្យចាក់វ៉ាក់សាំងកូវីដ១៩។ រីឯ ២៤នាក់ទៀត មានបញ្ហាសុខភាព មិនអាចអនុញ្ញាត​ឲ្យចាក់បានទេ​។

ចំណែកនៅមន្ទីរពេទ្យ​កុមារជាតិ មានអ្នកសារព័ត៌មាន ៤៦នាក់ បានទៅចាក់វ៉ាក់សាំង។ ប៉ុន្តែ​មាន ៣៩នាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាត​ឲ្យចាក់វ៉ាក់សាំងកូវីដ១៩។ ដោយឡែក ៧នាក់ទៀត មានបញ្ហាសុខភាព មិនអាចអនុញ្ញាត​ឲ្យចាក់បានឡើយ​។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ក្រុមអាទិភាព ជាឥស្សរជនជាន់ខ្ពស់ និងអ្នកសារព័ត៌មាន នឹងបន្តធ្វើនៅថ្ងៃស្អែក ទី១១កុម្ភៈទៀត ហើយ​នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក៏មន្ទីរពេទ្យរដ្ឋទាំង ៤កន្លែងនេះ បន្តបើកទ្វារ​ទទួលចាក់វ៉ាក់សាំងនេះដែរ​។

មន្ទីរពេទ្យរដ្ឋទាំង ៤កន្លែងនេះ​ ទទួលចាក់វ៉ាក់សាំង ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ហើយនៅពេលរសៀល ចាប់ពីម៉ោង ២ ដល់ម៉ោង ៥ល្ងាច​ជារៀងរាល់ថ្ងៃ៕