ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​ជើង​ចាស់​ល្បីឈ្មោះ​២​រូប ប្រកាស​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វី​ដ​របស់​ ចិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​តារា​កំប្លែង​ជើង​ចាស់​ល្បីឈ្មោះ​២​ដួង​មាន​អាយុ​លើស​ពី​កាលពី​កំណត់ ដើម្បី​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន​យ៉ាងណា​ក៏​ដោយ ក៏​លោក អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​ក្រឹម និង​លោក ជួង​ជី…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​តារា​កំប្លែង​ជើង​ចាស់​ល្បីឈ្មោះ​២​ដួង​មាន​អាយុ​លើស​ពី​កាលពី​កំណត់ ដើម្បី​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន​យ៉ាងណា​ក៏​ដោយ ក៏​លោក អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​ក្រឹម និង​លោក ជួង​ជី ហៅ​កុយ បាន​ប្រកាស​ថា ខ្លួន​នឹង​ស្ម័គ្រចិត្ត​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ របស់​ប្រទេស​ចិន ដែល​មានឈ្មោះ​Sinopharm ខណៈ​ពេល​ដែល​កម្ពុជា​ទើបតែ​ទទួល​ជំនួយ​ថ្នាំ​វ៉ាក់សាំង​លើក​ទី​១ ប្រមាណ​៦០​ម៉ឺន​ដូ​ស ដោយ​បាន​ដឹក​តាម​យន្ត ហោះ​មក​ដល់​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​។

បើ​ទោះបីជា​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ របស់​ប្រទេស​ចិន ដែល​មានឈ្មោះ Sinopharm មិន​អាច​ចាក់​បាន​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥៩​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​នាយ ក្រឹម បាន​ប្រកាស​ក្តែ​ង​ៗ​ថា ខ្លួន​នឹង​ស្ម័គ្រចិត្ត​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ ក្នុង​ពេល​ដែល​នាយ កុយ ក៏​បាន​យល់ព្រម​នៅ​ក្នុង​ការ​ចាក់​នេះ​ដូច​គ្នា ប្រ​សិន​មាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំ ហើយ​អាស្រ័យ​លើ​សុខភាព​របស់​លោក​ផង​ដែរ​។

លោក អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​ក្រឹម ដែល​មាន​អាយុ​៦០​ឆ្នាំ បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ខ្ញុំ អ៊ូ ប៉ុណ្ណា​រ៉ាត់ (​ក្រឹម​) ស្ម័គ្រចិត្ត​ចាក់​វ៉ាក់ សាំង Sinopharm របស់​ចិន សូម​បងប្អូន​ទាំងអស់​គ្នា​ចូលរួម​បង្ការ និង​កា​ពារ​មេរោគ​កូ​វី​ដ​១៩ នេះ​។ អរគុណ សន្តិភាព​!​។

ចំណែក​លោក ជួង ជី ហៅ​កុយ ដែល​មាន​អាយុ​៦៤​ឆ្នាំ បាន​អះអាង​ប្រាប់​តាម​បណ្តាញ​សារ​ព័ត៌​មាន​ក្នុងស្រុក​មួយ​ថា ចំពោះ​លោក ប្រសិនបើ​គោលការណ៍​របស់​សម្ដេច​ថា វ៉ាក់សាំង​មក​ហើយ​ត្រូវ​តែ​ចាក់​នោះ គឺ​លោក​នឹង​ចាក់ ប៉ុន្តែ​មុន​នឹង​សម្រេច​ចាក់​លោក​ក៏​ត្រូវ​ពិនិត្យ​សុខភាព​ជា​មុន ព្រោះ​លោក​មាន​អាយុ​ច្រើន​ហើយ​ដែរ​។

លោក​បញ្ជាក់​ថា ក្នុង​ករណី​ដែល​លោក​អាច​ចាក់​បាន លោក​នឹង​ចាក់ ព្រោះ​លោក​ជា​មនុស្ស​របស់​មហាជន ហើយ​ប្រ​សិន​ក្នុង​ករណី​រូប​លោក​ចាក់​មិន​បាន​ទេ​នោះ លោក​នឹង​ប្រាប់​កូនចៅ និង​សាច់ញាតិ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ប្រសិនបើ​វ៉ាក់សាំង​នេះ មាន​ប្រើ​ទូលំ​ទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​។

ជា​ការ​កត់សម្គាល់ នៅ​មុន​ពេល​ដែល​ជំនួយ​ថ្នាំ​វ៉ាក់សាំង​កូ​វី​ដ​១៩ ពី​ប្រទេស​ចិន​មក​ដល់​កម្ពុជា​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ បាន​បញ្ចេញ​ឈ្មោះ នាយ កុយ យ៉ាង​ច្បាស់​ៗ​ថា លោក​ជា​មនុស្ស​ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​មុនគេ ក្នុង​ចំណោម​អ្នក​ទទួល​បាន​មុន​។

ក្រោយ​ពី​ការ​ប្រកាស​នោះ នាយ កុយ ក៏​បាន​បញ្ចេញ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ភ្ជា​ម​ៗ​ដែរ​ថា ថ្ងៃនេះ​ខ្ញុំ​សប្បាយចិត្ត សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​មួយ​លាន​ដូ​ស ។ ហើយ​លោក​មាន​ប្រសាសន៍​ថា លោក​កុយ គួរ​ទទួល​វ៉ាក់សាំង​មុនគេ​ក្នុង​ចំណោម​អ្នក​ទទួល​មុន​។ ទទួល​វ៉ាក់សាំង​បាន និង​មាន​ហាងឆេង​ខ្ពស់ ខ្ញុំបាទ​សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​សម្ដេច​ដែល​លោក​បាន​ផ្ដល់​កិត្តិយស​ឱ្យ​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​មុនគេ ខ្ញុំបាទ​សូម​ជូនពរ​សម្ដេច​ទាំង​ទ្វេ ព្រមទាំង​កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឱ្យ​ជួប​តែ​សេចក្តីសុខ​កុំ​ឲ្យ​មាន​ជំងឺរ​បៀតបៀន ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​បាន​រុងរឿង​បន្ត​ទៀត​អរគុណ​សន្តិភាព​។

គួ​បញ្ជាក់​ថា ជាមួយនឹង​ការ​ប្រកាស​ពី​ការ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ពី​រដ្ឋាភិបាល​ចិន​ចំនួន​១​លាន​ដូ​ស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ថា ការ​ចាក់​វ៉ាក់សាំង​នេះ នឹង​ធ្វើ​ឡើង​ដោយ​ឥត​គិតថ្លៃ និង​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា អ្នក​ដែល​នឹង​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១៩​មុនគេ រួម​មាន​៖ អ្នក​នៅ​ជុំវិញ​ព្រះមហាក្សត្រ​, សម្តេច​តេ​ជោ​, ប្រធាន​ព្រឹទ្ធសភា​, ប្រធានរដ្ឋសភា ព្រមទាំង​គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នគរបាល​យុត្តិធម៌​គ្រប់​ផ្នែក បុគ្គលិក​អនាម័យ​ទាំង​អស់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា អ្នក​រត់​ម៉ូតូឌុប ម៉ូតូ​កង់​៣ និង​អ្នក​រត់​តាក់ស៊ី​ជាដើម​។

តាម​ការ​គ្រោងទុក​ការ​ចាក់​វ៉ាក់សាំង​នេះ នឹង​ប្រ​ពឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ទៅ​តាម​ទីតាំង​៤​កន្លែង​ផ្សេង​គ្នា គឺ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មន្ទីរពេទ្យ​ព្រះ​អង្គឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មន្ទីរពេទ្យ​កុមារ​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ