ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ? ឮ​ថា​កូនប្រុស​ពៅ​លោក ព្រាប សុវត្ថិ ប្រកាស​ចែកផ្លូវ​ជាមួយ​រស្មី​ហង្ស​មាស​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ពៅ​របស់​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ គឺ​លោក​សុវត្ថិ សិរី​វុ​ឌ្ឍ បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស​ហើយ បន្ទាប់​ពី​បាន​ជ្រកកោន និង​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​អាជីព​ជា​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​នេះ​។…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ពៅ​របស់​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ គឺ​លោក​សុវត្ថិ សិរី​វុ​ឌ្ឍ បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស​ហើយ បន្ទាប់​ពី​បាន​ជ្រកកោន និង​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​អាជីព​ជា​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​នេះ​។

ការ​ចាក​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស ពី​លោក​សុវត្ថិ សិរី​វុ​ឌ្ឍ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ឪពុក​របស់​លោក​គឺ​លោក ព្រាប សុវត្ថិ ដែល​បាន​ចែកផ្លូវ​គ្នា​ជាមួយ​ផលិតកម្ម​ដែល​ធ្លាប់​ជ្រកកោន​អស់​ជា​ច្រើន​​ឆ្នាំ​ខាងលើ​នេះ​ដូច​គ្នា ដោយ​សម្រេច​មក​ជ្រក​ទ្រនំ​ថ្មី ។

តារាចម្រៀង​លោក​សុវត្ថិ សិរី​វុ​ឌ្ឍ បាន​បញ្ជាក់​ពី​ការ​ចាកចេញ​របស់​លោកតា​មតា​មរយៈ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​ដែល​លោក​បាន​បង្ហោះ​ចូល​ក្នុង​គណនេយ្យ​អ៊ី​ន​ស្ត្រា​ក្រាម​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​​ការ​ប្រកាស​នេះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

លោក​សុវត្ថិ សិរី​វុ​ឌ្ឍ បាន​អះអាង​ថា «​ខ្ញុំ​បាន​ឈប់​ពីរ​ស្មី​ហង្ស​មាស​ហើយ ហើយ​ខ្ញុំ​ក៏​មាន​បទ​ចម្រៀង​ថ្មី​ៗ​ត្រៀម​ចេញ​នៅ​លើ Youtube និង​នៅ​ក្នុង Chanel របស់ខ្ញុំ​ផ្ទាល់​ដែល​មានឈ្មោះ​ថា សុវត្ថិ សិរី​វុ​ឌ្ឍ​។ ដូច្នេះ​សូម​អ៊ំ​ប្រុស អ៊ំ​ស្រី និង​ពុក​ម៉ែ បងប្អូន​ចូល​ទស្សនា​ឲ្យ​បាន​ច្រើន ដើម្បី​គាំទ្រ​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​ខ្ញុំបាទ​ផ្ទាល់​»​។

ជា​ការ​កត់សម្គាល់ បើ​តាម​ការ​អះអាង​ពី​លោក​សុវត្ថិ សិរី​វុ​ឌ្ឍ ខាងលើ​នេះ​បញ្ជាក់​ថា ការ​ចាកចេញ​របស់​លោក​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស​ដូច​ជា​ឪពុក​របស់​លោក តាម​ការ​សន្និដ្ឋាន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​នោះ គឺ​មិន​ទាន់​ក្លាយជា​រឿង​ពិត​នោះ​ឡើយ​។ ជាង​នេះ​ទៅ​ទៀត ការ​សម្រេចចិត្ត​ចាក​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​មក​បង្កើត​ជា Chanel Youtube ពី​សុវត្ថិ សិរី​វុ​ឌ្ឍ ទំនងជា​លោក​ចង់​វិវឌ្ឍន៍​ខ្លួន​ធ្វើ​ជា​តារាចម្រៀង​ឯករាជ្យ មិន​ចំណុះ​ផលិតកម្ម​ណាមួយ ដូច​ទៅ​នឹង​តារាចម្រៀង​ផ្សេង​ៗ​ទៀត​ដែល​កំពុង​តែ​ធ្វើ​ដូច​គ្នា​។

ទោះជា​យ៉ាងណា ក្នុង​ពេល​ដែល​កូនប្រុស​ពៅ​របស់​លោក ព្រាប សុវត្ថិ បាន​ប្រកាស​ដើរ​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស នា​ពេល​នេះ គេ​ក៏​នៅ​មិន​ទាន់​អាច​ដឹង​បាន​នៅឡើយ​ទេ​ថា កូនប្រុស​របស់​លោក​ពីរ​នាក់​ទៀត​ដែល​កំពុង​ផ្ញើខ្លួន​នៅ​ក្នុង​ផលិតកម្ម​ខាងលើ​នេះ​ដែរ អាច​នឹង​សម្រេចចិត្ត​ចាកចេញ​ដូច​គ្នា​ឬ​យ៉ាងណា​នោះ​ឡើយ? ប៉ុន្តែ​អ្វី​ដែល​គេ​កំពុង​តែ​ដាក់​ការ​តាមដាន​នោះ​ថា តើ​កូនប្រុស​ទាំង​៣​របស់​លោក ព្រាប សុវត្ថិ អាច​នឹង​ចាក​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស​ទាំងអស់​ដូច​ជា​រូប​លោក​ដែរ​ឬ​យ៉ាងណា? ក្នុង​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ​ផលិតកម្ម​កូនពៅ​គេ​នេះ កំពុង​ដាក់​យុទ្ធសាស្ត្រ​ទាញ​យក​តារាចម្រៀង​ថ្មី​ៗ​បន្ថែម ដើម្បី​បំបែក​ទីផ្សារ​បទ​ចម្រៀង​។

យ៉ាងណា ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​បំភ្លឺ​ពី​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង​លោក សុវត្ថិ សិរី​វុ​ឌ្ឍ ឡើយ គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។

គួរ​បញ្ជាក់​ថា កូនប្រុស​ទាំង​៣​នាក់​របស់​លោក​ព្រាប សុវត្ថិ គឺ​លោក​សុវត្ថិ មុនី​វណ្ណ​, លោក​សុវត្ថិ មុន្នី​នាគ និង​លោក​សុវត្ថិ សេរី​វុ​ឌ្ឍ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​រូបរាង​របស់​ពួក​គេ​ស្រស់​សង្ហារ ជា​ពិសេស​ក្លាយជា​តារាចម្រៀង​សម្រាប់​យុវវ័យ​សម័យ​ថ្មី ។

ពួក​គេ ទើបតែ​ត្រូវ​ផលិតកម្ម​រស្មី​ហង្ស​មាស ប្រកាស​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​កាលពីដើម​ខែមករា ឆ្នាំ​២០១៨ ប៉ុណ្ណោះ កេរ្តិ៍ឈ្មោះ​ពួក​គេ​ទាំង​បី​បាន​រីក​លូតលាស់​យ៉ាង​លឿន​តាម​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ៗ ជាមួយនឹង​ការ​ក្បាច់​រាំ​ប្លែក​ៗ និង​ស្ទា​យ​តុបតែង​ខ្លួន​យ៉ាង​ទាក់ទាញ​ដូច​ទៅ​នឹង​តារាចម្រៀង KPOP របស់​ប្រទេស​កូរ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ