រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងទេសចរណ៍កម្ពុជា បានរៀបចំកិច្ចកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២០ តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងសហប្រធាន លោក Xu Zhang អនុរដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍ចិន។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ចិន ជប៉ុន និងកូរ៉េ អគ្គលេខាធិការអាស៊ាន លេខាធិការដ្ឋានអាស៊ាន មជ្ឍមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាណ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណៈការ និងដឹកជញ្ជូន សមាគមសណ្ឋាគារកម្ពុជា សមាគមធ្វើដំណើរកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជា ដែលមានសមាសភាពប្រមាណ ២០០នាក់។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះទេសចរណ៍អន្តរជាតិប្រមា ៨១,៥% នៅឆ្នាំ២០២០ ដែលបានធ្វើប៉ះពាល់ដល់ការងាររាប់លាននាក់ដោយសារការបិទអាជីវកម្ម និងការរឹតបន្តឹងការធ្វើដំណើរជាដើម។
នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បូកបី បានស្វាគមន៍ដល់ការចាប់ផ្តើមនៃការចាក់វ៉ាក់ស៊ាំងប្រឆាំងជំងឺកូវីដ-១៩ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ)ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីពិនិត្យលទ្ធភាពជំរុញទេសចរណ៍ ក្នុងប្រទេសអាស៊ានបូកបី ដោយដំកល់សុវត្ថិភាព និងសុខមាលភាពរបស់ទេសចរជាចម្បង។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី បានវាយតម្លៃ លើលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ២០១៨-២០២០ និងអនុម័តផែនការសកម្មភាព សហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ២០២១-២០២៥ ដែលផ្តោតលើចំណុចសំខាន់ ចំនួនពីរ រួមមាន៖ ១). ការស្តារវិស័យទេសចរណ៍ប្រទេសអាស៊ានបូកបីឡើងវិញ និង២). ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង សំដៅដល់ការអភិវឌ្ឍទេសចរណ៍អាស៊ានបូកបីប្រកបដោយចីរភាព ការទទួលខុសត្រូវ និងមានភាពធន់កាន់តែប្រសើរឡើង៕ ដោយ៖ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ