រាជធានីភ្នំពេញ ៖ ការរលាកស្បែក គឺជាកាខូចខាតស្បែក និងជាលិកានៅពីខាងក្រោមស្បែកដោយមូលហេតុផ្សេងៗ ដូចជាដោយសារកំដៅ (Thermique) ៖ ភ្លើង ទឹកក្តៅ ខ្លាញ់ក្តៅ ហ្គាសក្តៅ ឬឆេះសាំង រលាកដោយឆក់ខ្សែភ្លើង អាស៊ីត កាំរស្មី ជាដើម។ល។ នេះជាលើកឡើងរបស់លោកសាស្ដ្រាចារ្យ តាំង សុវណ្ណា ឯកទេសសង្គ្រោះបន្ទាន់ និងប្រពោធនកម្មនៃមន្ទីរពេទ្យកាល់ម៉ែត ។
លោកសាស្ដ្រាចារ្យ តាំង សុវណ្ណាបាននិយាយបន្តទៀតថា ៖ កត្តាប្រឈមគ្រោះថ្នាក់ ដែលធ្វើឲ្យអ្នករងគ្រោះមានសភាពធ្ងន់ធ្ងរ ៖
![Picture]()
- អាយុ ៖ តិចជាង៥ឆ្នាំ ឬច្រើនជាង៦០ឆ្នាំ
- ភាគរយនៃការរលាក ចាប់ពី ៤០% ឡើងទៅ
- ការរលាកមានជម្រៅជ្រៅ
- ការរលាកដោយមានការបឺតចូលផ្លូវដង្ហើមនូវផ្សែងពុល
- មានការរលាកផ្លូវដង្ហើមរួមផ្សំ
- មានការប៉ះទង្គិចរួមផ្សំ
- ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយដូចជា៖ លើសឈាម ជំងឺទឹកនោមផ្អែម ជំងឺសួតរ៉ាំរ៉ៃ ។ល។
១) វិធីជួយសង្គ្រោះ ៖ ការជួយសង្គ្រោះបឋម គឺធ្វើឡើងដោយអ្នកឃើញហេតុការណ៍ផ្ទាល់ ឬអ្នកនៅជុំវិញជនរងគ្រោះទៅតាមប្រភេទ និងស្ថានការណ៍នីមួយៗ ៖
![Picture]()
- អ្នកជួយសង្គ្រោះត្រូវមានសុវត្ថិភាពខ្លួនឯងជាចំបងសិន។ ឧទាហរណ៍៖ ជនរងគ្រោះរលាកដោយសារការឆក់ខ្សែភ្លើង គឺយើងត្រូវបិទភ្លើងសិន។ បើរលាកដោយសារសារធាតុគីមី គឺយើងត្រូវពាក់ម៉ាស់ និងស្រោមដៃ។
- បញ្ឈប់រាល់មូលហេតុដែលបណ្តាលឱ្យរលាកស្បែក។ យកជនរងគ្រោះចេញឱ្យឆ្ងាយពីប្រភពរលាក ដោះសំលៀកបំពាក់ចេញ និងលាងសំអាតកន្លែងដែលរលាក។
- ប្រើប្រាស់ទឹកស្អាត ឬទឹកម៉ាស៊ីនដើម្បីបន្ថយកំដៅ និងការឈឺចាប់។
- ពន្លត់ភ្លើងក្នុងករណីមានការឆាបឆេះទៅលើជនរងគ្រោះ ដោយឱ្យជនរងគ្រោះដេកនៅលើដី រួចរមៀលឬយកអ្វីមួយមកគ្រប ឬយកទឹកមកបាចពន្លត់។
- ក្នុងករណីរលាកដោយសារសារធាតុគីមី ត្រូវលាងសំអាតនឹងទឹកអោយបានយូរ។
- ប្រសិនបើខ្ទាតចូលភ្នែក ក៏ត្រូវលាងសំអាតភ្នែកនឹងទឹកឱ្យបានយូរដែរ។
- ត្រូវគ្របដណ្តប់អ្នកជំងឺរលាកភ្លើងដោយក្រណាត់ស្អាត រួចបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។
- អ្វីដែលយើងមិនត្រូវធ្វើមាន ៖
- មិនត្រូវយក ម្សៅ ប្រេង ឬអ្វីផ្សេងៗ មកលាបលើមុខរបួសទេ
- មិនត្រូវប្រើប្រាស់ទឹកកកទេ
- មិនត្រូវលាងទឹកយូរពេក ដែលនាំឱ្យអ្នកជំងឺត្រជាក់ខ្លួនខ្លាំង ក៏ជាកត្តាគ្រោះថ្នាក់មួយដែរ។
២) ការព្យាបាល ៖ ប្រសិនបើកម្រិតនៃការរលាក ចំពោះក្មេងចាប់ពី ១០% ឡើងទៅ។មនុស្សចាស់ចាប់ពី ២០% ឡើងទៅ សូមនាំអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងផលវិបាក និងជំងឺផ្សេងៗ ដែលកើតមានដោយសារការរលាក។
លោកសាស្ដ្រាចារ្យ តាំង សុវណ្ណា ឯកទេសសង្គ្រោះបន្ទាន់ និងប្រពោធនកម្មនៃមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ៖ រួមការងារជំនាញមន្ទីរពេទ្យកាល់ម៉ែតត្រៀមជានិច្ច ដើម្បីចូលរួមបេសកកម្មជួយសង្គ្រោះអាយុជីវិតអ្នកជំងឺយើងគ្រប់ស្ថានការណ៏ដែលកើតមានឡើង ៕