ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធិន ត្រូវពង្រឹង និងពង្រីក​សមត្ថភាពជំនាញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ យោធិនត្រូវពង្រឹង និងពង្រីក​សមត្ថភាព​ជំនាញ។ នេះជាប្រសាសន៍សំខាន់ៗរបស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទ…

ខេត្តសៀមរាប៖ ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ យោធិនត្រូវពង្រឹង និងពង្រីក​សមត្ថភាព​ជំនាញ។ នេះជាប្រសាសន៍សំខាន់ៗរបស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ​ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ​ យន្តយុទ្ធ​ ពេទ្យសង្គ្រោះ និងជំនាញបើកបររថយន្តធុនធ្ងន់ សម្រាប់យោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ នៅខេត្តសៀមរាប កាលពីព្រឹក​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺននេះ ដែលពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាព​ជំនាញ​របស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ ជាពិសេសបំពេញបាននូវតម្រូវការ​ខ្វះខាត​ធនធានមនុស្សក្នុងជំនាញទាំង ០៤ នេះ ក្នុងជួរកងកម្លាំងប្រដាប់អាវុធយើង ដែលឈរជើងក្នុងភូមិសាស្ត្រទិសយោធភូមិភាគទី៤។

លោកឧត្តមសេនីយ៍ ក៏បានអរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ​ អគ្គបញ្ជាការដ្ឋាន​ ក្រុមការងារកសាងឯកសារភស្តុភារ និងក្រុមគ្រូឧទ្ទេស​ គណៈគ្រប់គ្រងវគ្គ និងបណ្តាស្ថាប័ន​​កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់​បង្ក​លក្ខណៈ និងរៀបចំដំណើរការវគ្គហ្វឹកហ្វឺននេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលការងារតាមផែនការកំណត់ ដែលជាការចូលរួមចំណែកមួយ​យ៉ាងសំខាន់ ក្នុងពង្រឹងជំនាញខ្សែរយៈធានារបស់កងទ័ពពីក្រោមឡើងលើ បន្តលើមូលដ្ឋានស្នាដៃ ដែលយោធិនជំនាន់មុនបានខិតខំកសាងបន្សល់ទុក​ឱ្យតាំងពីក្នុងពេលលំបាក។

លោកបន្តថា ទាំងអស់នេះ គឺពិតជាកើតមកពីការប្តេជ្ញាចិត្តរួមគ្នា ទាំងស្មារតី ឆន្ទៈ និងសម្ភារៈ ជាធ្លុងសាមគ្គីឯកភាព ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្ស​ក្នុងជួរកងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។

លោកបញ្ជាក់ថា ចំពោះបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខ មកដល់បច្ចុប្បន្ននេះ កម្ពុជាយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ដោយមិនទាន់មានករណីឆ្លងច្រើន ហើយករណីស្លាប់នៅក្នុងប្រទេសក៏មិនទាន់មាន ខណៈដែលប្រទេសមួយចំនួនទាំងក្នុងតំបន់ និងពិភពលោកកំពុងបន្តរងគ្រោះខ្លាំង។ ទាំងនេះ ក៏ដោយសារយើងទាំងអស់គ្នា ទាំងប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធបានចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវនូវវិធានការដ៏ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ហើយចុងក្រោយនេះ គឺវិធានការទប់ស្កាត់នៅច្រកព្រំដែនតែម្តង។

យ៉ាងណាក៏ដោយ លោកមេបញ្ជាការ បន្តថា ជាមួយនឹងកំណើនពលករចំណាកស្រុក​មកពីក្រៅប្រទេសនេះ ក៏ជាហានិ​ភ័យមួយ គួរឱ្យព្រួយបារម្ភផងដែរ។ ដូច្នេះដំណាក់​កាល​បន្តនៅក្នុងការងារនេះ គឺការបន្តការពារប្រជាពលរដ្ឋរបស់យើង ទី១តាមរយៈ​វិធានការ​​សុខាភិបាល និងទី២ តាមរយៈផ្តល់ការចាក់ថ្នាំបង្ការដល់ប្រជាពលរដ្ឋ ដូចបណ្តាប្រទេសផ្សេងៗទៀត។

លោក ហ៊ុន ម៉ាណែត បន្ថែមថា សព្វថ្ងៃនេះ នៅទូទាំងពិភពលោក ប្រទេសជាច្រើន​បានរកឃើញថ្នាំបង្ការជំងឺកូវីដ-១៩ ដែលអាចមានប្រសិទ្ធភាពប្រើប្រាស់បាន ដោយឆ្លង​តាមការស្រាវជ្រាវ និងត្រួតពិនិត្យផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រត្រឹមត្រូវ។ ដូច្នេះ នៅចំពោះមុខហានិភ័យដ៏គ្រោះថ្នាក់នៃជំងឺនេះ រាជរដ្ឋាភិបាលបានសម្រេចចិត្ត​ទិញថ្នាំបង្ការពីប្រទេសចិន បន្ថែមលើជំនួយរបស់បណ្តាប្រទេសជាមិត្ត ធ្វើយ៉ាងណា​ការពារឱ្យបាននូវសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយមិនអាចរង់ចាំ​បានឡើយ ជាពិសេសខណៈពេលដែលកម្លាំងសុខាភិបាល និងកម្លាំងប្រដាប់អាវុធជាតិ​យើង ដែលនៅជួរមុខកំពុងប្រឈមដោះស្រាយបញ្ហាពលករ​ចំណាកស្រុក ដែលត្រឡប់​ចូលមកក្នុងប្រទេសវិញនៅតាមច្រកព្រំដែន និងត្រូវធ្វើចត្តាឡីស័ក។ នេះ​គឺជាការ​សម្រេច​ចិត្តរបស់រាជរដ្ឋាភិបាល ផ្អែកលើមូលដ្ឋានសុខាភិបាល និងស្តង់ដារគុណភាព សុវត្ថិភាពច្បាស់លាស់ ជាពិសេសការទទួលខុសត្រូវខ្ពស់ចំពោះ​ជោគ​វាសនាប្រទេស​ជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកបន្តទៀតថា ក្នុងភាពជាអ្នកដឹកនាំដោយគំរូ ព្រមទាំងដើម្បីផ្តល់ទំនុកចិត្ត និងជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ​ផ្សេងទៀត ក៏បានស្ម័គ្រចិត្តទទួលយកការចាក់ថ្នាំបង្ការនេះមុនគេផងដែរ។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំ និងប្រជាជននៃបណ្តាប្រទេសផ្សេងៗជាច្រើនទៀត​រាប់លាននាក់ទៀត ក៏បានប្រើប្រាស់នូវថ្នាំបង្ការប្រភេទនេះ ដោយមានប្រសិទ្ធភាព​រួចទៅហើយ។

មេបញ្ជាការកងទ័ពជើងគោក ក៏បានអំពាវនាវដល់​មេបញ្ជាការអង្គភាពទាំងអស់ ពន្យល់ណែនាំដល់បងប្អូនកងកម្លាំងប្រដាប់អាវុធយើង ដែលជាគោលដៅអាទិភាព​ក្នុងការទទួលចាក់ថ្នាំបង្ការ ឱ្យមានស្មារតីនឹងនរ និងជឿទុកចិត្តលើការគិតគូរ​របស់រាជរដ្ឋាភិបាល និងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ ព្រោះនេះគឺជា​កិច្ចការធំ​របស់យើង នៅក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ ក៏សូមបងប្អូនប្រជាពលរដ្ឋ រួមគ្នា និងត្រៀមលក្ខណៈ​ចូលរួមជាមួយរដ្ឋាភិបាល អនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការ ទៅតាម​ដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នក​ដទៃ។ ប្រទេសមួយចំនួន ខ្វះការយកចិត្តទុកដាក់លើប្រជាជនខ្លួនឯង។ ប្រទេសយើង​តូច ប៉ុន្តែយើងមានថ្នាក់ដឹកនាំដែលគិតគូរពីប្រជាពលរដ្ឋ យកចិត្តទុក​ដាក់ដោះស្រាយ​ការ​លំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ