រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធ ទាំងប៉ូលិស និងកងរាជអាវុធហត្ថ ចំណុះអោយគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ត្រូវពង្រឹងការងារអោយកាន់តែល្អប្រសើរ ជុំវិញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីរក្សាអោយបាននូវភាពសុខសាន្ត ជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើ ងនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោក ស ថេត ស្នងការនគរបាលរាជធានី លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១៤។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះ កន្លងមកឃើញថា យើងអនុវត្តបានល្អប្រសើរ បើទោះបីជាមានភាពចន្លោះប្រហោងបន្តិចបន្តួចក្តី។
លោកបន្តទៀតថា សម្រាប់គោលនយោបាយថ្មី ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពនេះ គឺបានពាក់ព័ន្ធទៅដល់មន្ទីរមួយចំនួន ក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសលើការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស និងមានតម្លាភាព។
លោកបន្តទៀតថា មន្ទីរ ដែលមានតួនាទីនៃការផ្ដល់ច្បាប់អនុញ្ញាត លើលិខិតបទដ្ឋាននានា ដល់បងប្អូនប្រជាពលរដ្ឋ ដែលបើកអាជីវកម្មនានា ដូចជាការអនុញ្ញាតឲ្យមានការបូមខ្សាច់ ការអនុញ្ញាតឲ្យបើកនៅភោជនីយដ្ឋាន កុងស៊ីបញ្ចាំ កុងស៊ីកាប់ជ្រូក កាប់គោ ជាដើម មន្ទីរជំនាញ ត្រូវតែចុះសិក្សាឲ្យបានច្បាស់លាស់ មុននឹងអនុញ្ញាតឱ្យគេបើកអាជីវកម្ម។ ថាតើអាជីវកម្មទាំងនោះ សមស្របនឹងការអនុញ្ញាតរបស់យើងដែរឬទេ?
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពនេះ ទាំងអ្នកមាន អ្នកក្រ ប្រទេសណាក៏ដោយ គេចង់បានគ្រប់គ្នា។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវបានយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនេះអោយបានល្អ ដើម្បីទទួលបាននូវការជឿទុកចិត្តនឹងទទួលបាននូវភាពកក់កពីបងប្អូនប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងទំនាស់នានា នៅក្នុងមូលដ្ឋានអាជ្ញាធរ មូលដ្ឋានត្រូវប្រឹងប្រែងដោះបញ្ចប់ កុំអី បញ្ជូនមកឲ្យរដ្ឋបាលរាជធានីភ្នំពេញដោះ។
ជាងនេះទៅទៀត ជុំវិញប្រតិបត្តិការ និងហេតុការណ៍ ដែលបានកើតឡើង នៅក្នុងមូលដ្ឋាន ត្រូវហ៊ំព័ទ្ធកន្លែងកើតហេតុ និងព្រឹត្តិការណ៍ទាំងនោះ ឲ្យបានឲ្យបានម៉ឺងម៉ាត់ ចៀសវាងនូវបញ្ហាផ្សេងៗ ដែលកើតមានឡើង ដោយសារតែការគ្រប់គ្រងរបស់យើង មិនបានល្អ៕ ដោយ៖ ចន ណារិទ្ធ





ចែករំលែកព័តមាននេះ